ព័ត៌មានទាន់ហេតុការណ៍៖

ទាហានបារាំង១៣នាក់ស្លាប់ នៅម៉ាលី មូលហេតុយន្តហោះបុកគ្នាធ្លាក់

ចែករំលែក៖

ប្រភពព័ត៌មាន bbc បានផ្សាយនៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2019 ថា ទាហានរបស់ប្រទេសបារាំង១៣នាក់បានស្លាប់ នៅក្នុងប្រទេសម៉ាលី ខណៈដែលឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នាធ្លាក់ ។

ខុទ្ទកាល័យប្រធានាធិបតីប្រទេសបារាំង បានប្រកាសថា ហេតុការណ៍យន្តហោះបុកគ្នាធ្លាក់កើតឡើង អំឡុងពេល ប្រតិបត្តិការមួយប្រឆាំងទៅលើក្រុមឧទ្ទាមជីហាត នៅក្នុងទឹកដីប្រទេសម៉ាលី ។

ហេតុការណ៍យន្តហោះបុកគ្នា បានកើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០១៩ គឺជាហេតុការណ៍គ្រោះថ្នាក់បណ្ដាលអោយបាត់បង់ជីវិតកម្លាំងយោធាបារាំងដ៏អាក្រក់បំផុត ក្នុងអំឡុងទស្សវត្សរ៍ចុងក្រោយនេះ ។

ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron បានសម្ដែងនូវការទុក្ខសោក យ៉ាងជ្រាលជ្រៅចំពោះហេតុការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសម៉ាលីនោះ ហើយបានបញ្ជាក់ថា ការស៊ើបអង្កេតមួយបាននិងប្រព្រឹត្តឡើង។

គួរបញ្ជាក់ថា កងទ័ពរបស់ប្រទេសបារាំងរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសម៉ាលី បន្ទាប់ពីក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ដណ្ដើមកាន់កាប់បានច្រើនដែនដីភាគខាងជើងរបស់ប្រទេសពីកងកម្លាំងទាហានម៉ាលី ។

ចាប់តាំងពីឆ្នាំ២០១៣ រហូតរៀងមក កងទ័ពរបស់ប្រទេសម៉ាលី បានដណ្ដើមកាន់កាប់ទឹកដីបានខ្លះមកវិញពីដៃក្រុមឧទ្ទាម ប៉ុន្តែអសន្តិសុខនៅក្នុងតំបន់ នៅតែបន្តកើតឡើងជាហូរហែ ហើយអំពើហិង្សានោះ បានរាលដាលទៅដល់ប្រទេសជិតខាងថែមទៀតផង នៅទូទាំងតំបន់ ។

ប្រទេសបារាំងនៅពេលបច្ចុប្បន្ននេះ មានកងទ័ពរបស់ខ្លួនចំនួន 4500 នាក់បានដាក់ពង្រាយនៅប្រទេសម៉ាលី ដើម្បីជួយដល់កម្លាំងទាហានប្រទេសនេះក៏ដូចជាប្រទេស នីហ្សេរីយ៉ា ប្រទេស ម៉ូលីតា និងប្រទេស ប៊ូគីណាហ្វាសូ និងប្រទេសឆាដផងដែរ ប្រឆាំងប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ីស្លាមភេរវកម្ម ។

មូលហេតុពិតប្រាកដបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៩ នៅក្នុងប្រទេសម៉ាលីនោះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែបើតាមប្រភពពីក្រសួងការពារជាតិ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា យន្តហោះប្រយុទ្ធបានបុកជាមួយនឹងយន្តហោះដឹកជញ្ជូនរបស់យោធា ។

កាលពីដើមខែវិច្ឆិកានេះផងដែរ ទាហានបារាំងម្នាក់បានស្លាប់ នៅពេលដែលគ្រាប់បែកបានផ្ទុះនៅក្បែររថយន្តរបស់គាត់ ។

ប្រភព bbc បានផ្សាយថា ទាហានបារាំងចំនួន 38 នាក់ បានស្លាប់នៅក្នុងប្រទេសម៉ាលី ចាប់តាំងពីប្រទេសបារាំង បានចាប់ផ្ដើមធ្វើអន្តរាគមន៍ជាលើកដំបូងនៅក្នុងប្រទេសនេះ ដើម្បីប្រឆាំងជាមួយក្រុមភេរវកម្មអ៊ីស្លាមនិយមជ្រុលនោះ ៕


ចែករំលែក៖