ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសកើនឡើងជាបន្តបន្ទាប់ដោយរញ្ជួយដីនៅអាល់បានី​

ចែករំលែក៖

គិតមកទល់ពេលនេះ មានអ្នកស្លាប់ដោយការរញ្ជួយដី​នៅអាល់បានី បានឡើងដល់ទៅ​២២នាក់ហើយ និងជាង៦០០ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីហេតុការណ៍រញ្ជួយដីដ៏ខ្លាំងសម្បើមមួយបានវាយប្រហារមិនធ្លាប់មានរបស់អាល់បានី (Albania)។ ការរញ្ជួយពេលនេះ មានរយៈពេលប្រហែលមួយម៉ោង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ក្មេងប្រុសម្នាក់ស្ថិតនៅក្នុងចំណោម អ្នកដែលត្រូវបានជួយឲ្យបានរស់ ដោយក្រុមជួយសង្គ្រោះ ដែលបានប្រើប្រាស់គ្រឿងយន្តធុនធ្ងន់គោះកកាយកម្ទេចកម្ទី​ស្វែងរកអ្នកនៅបាត់ខ្លួន ហើយដែលជាប់គាំងនៅពីក្រោមគំនរថ្មបាក់បែក​នៃអគារ​ ស្ថិតនៅភាគខាងត្បូង ខេត្ត Balkan ។

គ្រោះរញ្ជួយដីទំហំ៦.៤​រ៉ិចទ័រ​ និងការរញ្ជួយដីមួយចំនួនផ្សេងទៀតជាបន្តបន្ទាប់គ្នានោះ បានបណ្ដាលឱ្យអគារ អាផាតមេន យ៉ាងតិចចំនួន៣ខ្នងបានបាក់រលំ ហើយត្រូវគេជឿថា វាបានកើតឡើង អំឡុងពេលដែលមនុស្សម្នា កំពុងតែដេកលង់លក់នៅក្នុងដំណេកនោះ ។

ក្រសួងការពារជាតិរបស់ប្រទេស អាល់បានី បានបញ្ជាក់ថា ក្រោយការរញ្ជួយដីទំហំ៦.៤រ៉ិចទ័រ ភ្លាមៗនោះមានការរញ្ជួយដីជាបន្តបន្ទាប់គ្នាប្រហែល២៥០លើកទៀត ដោយក្នុងនោះរួមបញ្ចូលការរញ្ជួយដី ទំហំ៥.១រ៉ិចទ័រ និងការរញ្ជួយដីទំហំ៥.៤រ៉ិចទ័រ​ពីរលើកនេះផងដែរ ។

ប្រភពព័ត៌មានពីមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស ​អាល់បានី​ ដដែលបានបញ្ជាក់ថា សាកសពចំនួន១៣នាក់ បានរកឃើញនៅទីក្រុងកំពង់ផែ Durres ចម្ងាយប្រហែល ៣២ ​គីឡូម៉ែត្រ​ ភាគខាងលិច រដ្ឋធានី Tirana ហើយមនុស្ស៤៥នាក់​ ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអគារ ។

សាកសពជនរងគ្រោះ៥នាក់​បន្ថែមទៀតបានរកឃើញ នៅក្នុងការបាក់រលំអគារ​ អាផាត់មែន ស្ថិតនៅក្នុងតំបន់ Thumane ភាគខាងជើងរបស់រដ្ឋធានី ។

ទីកន្លែងដទៃផ្សេងទៀត បុរសម្នាក់បានស្លាប់ បន្ទាប់ពីលោតចេញពីលំនៅដ្ឋានរបស់ខ្លួន ដែលកំពុងរង្គើរញាប់ញ័រដោយសារការរញ្ជួយដី និងបុរសម្នាក់ទៀតបានស្លាប់នៅលើផ្លូវមួយ ដែលបានបាក់ប្រេះ ៕


ចែករំលែក៖