ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងប្រធានាធិបតីបារាំងបន្តកើតឡើងក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ

ចែករំលែក៖

ច្បាប់ចូលនិវត្តន៍​កំពុងតែបង្ក​ឲ្យមាន មហាបាតុកម្មនៅក្នុងប្រទេសបារាំង​ ហើយនៅថ្ងៃទី​ ១០ ធ្នូ ២០១៩ មហាបាតុកម្ម​ផ្ទុះឡើង​នៅ​ប្រទេសបារាំង ​ប្រឆាំងកំណែទម្រង់ច្បាប់ចូលនិវត្តន៍។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ តាមការគ្រោងទុក គឺមានមហាបាតុកម្ម​​កើតឡើង នៅក្នុងប្រទេស​បារាំង​ ប្រឆាំង​រដ្ឋាភិបាល​ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)​ ទាក់ទងស្តីអំពីគម្រោងកំណែទម្រង់ច្បាប់ចូលនិវត្តន៍ ។ បាតុកម្ម​នេះ បាននាំឲ្យរាំងស្ទះ​ដំណើរ​ការអាជីវកម្ម​ក្នុងទីក្រុង ការបិទសាលារៀន គ្មានសេវាដឹកជញ្ជូនសាធារណៈ​ជាដើម ។ ​

យោងតាមការចេញផ្សាយ​របស់កាសែតបារាំង ​បានបញ្ជាក់ថា ក្រុម​សហជីព នៅក្នុងប្រទេសនេះ បានប្រកាសធ្វើមហាកូដកម្មទូទាំងប្រទេស នៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីប្រឆាំងនឹងគម្រោង​កំណែទម្រង់ច្បាប់ចូលនិវត្តន៍របស់រដ្ឋាភិបាល ។ ក្រុមសហជីព និងបាតុករទាំងអស់​ បាន​ទាមទារឲ្យរដ្ឋាភិបាលបារាំង ត្រូវបោះបង់ចោលជាបន្ទាន់ នូវគម្រោងធ្វើកំណែទម្រង់ច្បាប់ចូលនិវត្តន៍ ។ កំណែទម្រង់ថ្មី ដែលសំដៅលុបចោល​របបចូលនិវត្តន៍ពិសេសៗទាំង៤២ ហើយដាក់ជំនួសមកវិញនូវ​របបចូលនិវត្តន៍​តែមួយ សម្រាប់គ្រប់វិស័យ ហើយជារបបចូលនិវត្តន៍ ដែលផ្អែកលើចំនួនការសន្សំពិន្ទុរបស់បុគ្គលិកម្នាក់ៗ ។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបារាំង លោក​ Edouard Philippe បានថ្លែង​ថា កំណែទម្រង់នេះ មិនមែនជាការបំផ្លាញប្រព័ន្ធចូលនិវត្តន៍បារាំងទេ តែវាជាការសង្រ្គោះប្រព័ន្ធនេះ ដែលកំពុងតែដើរយ៉ាងត្រដាបត្រដួស ។ មួយវិញទៀត ការបង្កើតឲ្យមានរបបចូលនិវត្តន៍តែមួយ គឺជាការបង្កើតឲ្យមានភាពយុត្តិធម៌ ដល់បុគ្គលិកទាំងអស់​ ផ្ទុយពីប្រព័ន្ធរាល់ថ្ងៃនេះ ដែលមានចំណុចអវិជ្ជមានជាច្រើន ។ បើមិនធ្វើកំណែទម្រង់នៅថ្ងៃនេះ ទៅថ្ងៃមុខ រដ្ឋាភិបាលក្រោយៗទៀត ក៏នឹងត្រូវតែធ្វើដែរ ។

ប្រទេសបារាំងទាំងមូល ជាពិសេសគឺទីក្រុងប៉ារីស ប្រឈមជាថ្មី ជាមួយនឹងការរាំងស្ទះ គ្មានសេវាដឹកជញ្ជូនសាធារណៈ សាលារៀនបិទទ្វារ ហាងទំនិញបិទទ្វារ ជាដើម ។ តាមការជូនដំណឹង ពីសំណាក់អ្នកនាំពាក្យក្រុមហ៊ុន​ដឹកជញ្ជូនផ្លូវដែកបារាំង SNCF គឺមានតែរថភ្លើងចន្លោះពី១០ ទៅ​២០% ប៉ុណ្ណោះដែលនឹងមានដំណើរការ ។ ដោយឡែក នៅទីក្រុងប៉ារីសវិញ ក្នុងចំណោមរថភ្លើង Metro ក្រោមដី ទាំងអស់១៦ខ្សែ គឺមានតែប្រមាណ៦ខ្សែតែប៉ុណ្ណោះដែលដំណើរការ ១០ខ្សែទៀតត្រូវបិទទាំងស្រុង ។

នៅថ្ងៃអង្គារទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ តាមការគ្រោងទុកនោះ សេវាសាធារណៈ ដូចជា ​រថភ្លើង រថយន្តក្រុង​ សាលារៀន ត្រូវផ្អាកស្ទើរតែទាំងស្រុង ។ រដ្ឋាភិបាលបារាំងបានបញ្ជាក់ថា ខ្លួនកំពុងតែព្យាយាម​ចរចាជាមួយតំណាងសហជីព ហើយ​ និងបង្ហាញ​ខ្លឹមសារ​ទាំងស្រុង គម្រោងកំណែទម្រង់ច្បាប់ចូលនិវត្តន៍នេះ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ៕


ចែករំលែក៖