ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែននិងរុស្ស៊ី ឆ្ពោះទៅរកសន្តិភាពពេញលេញ

ចែករំលែក៖

ដើម្បីបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា អ៊ុយក្រែន និងរុស្ស៊ី​បានព្រមព្រៀង​គ្នា​អនុវត្តបទឈប់បាញ់ «ទាំងស្រុង និងពេញលក្ខណៈ»​ នៅតំបន់ភាគខាងកើត​របស់អ៊ុយក្រែន នៅដំណាច់ឆ្នាំ២០១៩នេះ ក្រោយពីជំនួបថ្នាក់ខ្ពស់​មួយ​ត្រូវបានធ្វើឡើងនៅលើទឹកដីបារាំង ។

សារព័ត៌មានប៊ីប៊ីស៊ី បានផ្សាយ​នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ថា ប្រធានា​រុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន និងសមភាគី​អ៊ុយក្រែន លោក Volodymyr Zelensky បានជួប​ប្រជុំទល់មុខគ្នា​នៅទីក្រុងប៉ារីស​កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។ មេដឹកនាំបារាំង និងអាល្លឺម៉ង​ជាអ្នក​អាជ្ញាកណ្តាល​នៅក្នុងជំនួប​មុខផ្ទាល់មុខនេះ ។

ក្រោយជំនួបនេះ មេដឹកនាំទាំងពីរ​បានព្រមព្រៀង​ និងសម្រេចបានលទ្ធផលវិជ្ជមាន​យ៉ាងច្រើន​​ទាក់ទងនឹងជម្លោះ​ច្រើនឆ្នាំកន្លងមកនោះ ។ ការប្រយុទ្ធគ្នានៅ​ភាគខាងកើតអ៊ុយក្រែន​រវាងកម្លាំងរដ្ឋាភិបាល​ និងក្រុមបះបោរ​គាំទ្រដោយរុស្ស៊ី​​បានអូសបន្លាយពេល​ប្រហែល​៥ឆ្នាំកន្លះ ​រួចមកហើយ និងបានបណ្តាលឲ្យស្លាប់​មនុស្ស​ប្រហែល ១៣ ០០០ នាក់ ។

សូមបញ្ជាក់ថា ស្ថានការវិវឌ្ឍន៍​ទៅរកភាពរីក​ចម្រើន​ដោះស្រាយជម្លោះ​​អនុវត្តបទឈប់បាញ់​ទាំងស្រុង​​រវាងរុស្ស៊ី និងអ៊ុយក្រែននេះ ​កើតឡើង​បន្ទាប់ពី​មានការព្រមព្រៀង​ដោះដូរអ្នកទោស​គ្នា ហើយ​និងដកកម្លាំងយោធា​ចេញពីទីតាំងប្រឈមមុខដាក់​គ្នា​​ពីចំណុច​៣ទីតាំងសំខាន់ៗ ស្ថិតនៅខ្សែត្រៀមជួរមុខនោះ ។

សេចក្តីថ្លែងការណ៍​រួម​ជាលាយលក្ខណ៍អក្សរ​ ប្រទេស​ទាំងពីរ​បានព្រមព្រៀងដោះលែងអ្នកទោស​គ្នា​ទាក់ទងជម្លោះ​នេះ ឲ្យអស់នៅដំណាច់ឆ្នាំ២០១៩នេះ ។ ភាគីទាំងពីរ​ក៏បានព្រមព្រៀង​ថា ក្នុងរយៈពេល​៤ខែទៀត នឹងមានកិច្ចពិភាក្សាជាមួយគ្នា​ត្រូវបានធ្វើឡើង​បន្តទៀត ដើម្បីធ្វើឲ្យជាក់ច្បាស់​អំពីភាពជឿនលឿន​នៃបទឈប់បាញ់​។

នៅក្នុងសន្និសីទសារព័ត៌មាន​មួយ​បន្ទាប់ពីកិច្ចពិភាក្សា​នៅវិមាន Elysee ទីក្រុងប៉ារីស ប្រទេសបារាំង​នោះ លោកប្រធានាធិបតីពូទីន បានសាទរ​ចំពោះកិច្ចពិភាក្សានេះ ហើយបានថ្លែងថា វាជាជំហានដ៏សំខាន់​មួយ​ឆ្ពោះ​ទៅរកការលុបបំបាត់​ជម្លោះ​​ ៕


ចែករំលែក៖