ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសតំបន់អាស៊ាន បង្កើនការទិញអាវុធសម្រាប់ការពារជាតិ

ចែករំលែក៖

ដោយសេដ្ឋកិច្ចក្នុងតំបន់កើនឡើង​ ក្នុងយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ប្រទេសនៅក្នុងតំបន់អាស៊ាន​បានបង្កើនការចំណាយសម្រាប់ការពារជាតិ និងទិញអាវុធទំនើបៗជាច្រើន។ កាលពីមុនប្រទេសតំបន់អាស៊ានមិនសូវបង្ហាញអាវុធជាសាធារណៈ នោះឡើយ ប៉ុន្តែពេលនេះ បានបង្ហាញមីស៊ីលទំនើបៗដែលខ្លួនមាន​។

ជាក់ស្តែងកាលពីថ្ងៃទី ៩ ខែធ្នូ​ សន្និបាតយោធា ប្រចាំឆ្នាំ​២០១៩ របស់កម្លាំងទាហានប្រជាជនវៀតណាម​ ក៏បានដាក់បង្ហាញ​អាវុធទំនើបៗជាច្រើន​ ក្នុងនោះមាន ទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស SPYDER ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc បានទស្សនាការដាក់បង្ហាញអាវុធការពារជាតិដ៏ទំនើបរបស់កម្លាំងប្រជាជនវៀតណាម​ បានដាក់បង្ហាញ នៅបរិវេណក្រសួងការពារជាតិ​ ​ក្នុងឱកាស នៃសន្និបាតយោធាទូទាំងប្រទេស នៅថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩។

ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺ អាវុធ​ដែលដាក់បង្ហាញនោះ ​មានទាំងមីស៊ីលការពារដែនអាកាស ​SPYDER ដែលវៀតណាមបានទិញពីអ៊ីស្រាអែល​​។ ក្រៅពីនេះនៅមានរថក្រោះ​​ T-90S ដ៏ទំនើបដែលទាហានវៀតណាម ទើបនឹងទទួលបាន ពេលថ្មីៗនេះ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេស​ បានផ្សាយថា វៀតណាមបានទិញមីស៊ីលពី​អ៊ីស្រាអែល ប៉ុន្តែមីស៊ីលនោះ មិនដែលបានបង្ហាញ ជាសាធារណៈនោះឡើយ ។

មីស៊ីលការពារដែនអាកាស SPYDER (Surface-to-air PYthon and DERby) ជាមីស៊ីលរយៈចម្ងាយខ្លី​​ អាចវាយប្រហារកម្ទេចគោលដៅហោះហើរ ដូចជា យន្តហោះចម្បាំង មីស៊ីលឆ្លងទ្វីប យន្តហោះគ្មានមនុស្សបើក​ …ជាដើម​ ។​មីស៊ីលខាងលើ​ប្រើប្រាស់គ្រប់ស្ថានភាពអាកាសធាតុ។ ប្រព័ន្ធមីស៊ីលការពារនេះ ជាប្រភេទអាវុធដ៏ទំនើបបំផុត ផលិតដោយប្រទេសអ៊ីស្រាអែល​។

ដោយឡែកប្រទេសហ្វីលីពីនវិញបើតាមសារព័ត៌មានហ្វីលីពីន បានផ្សាយថា ហ្វីលីពីន​ បានបញ្ចប់រាល់ឯកសារ​ នៅក្នុងកិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក BrahMos ​ផលិតរួមគ្នាដោយបច្ចេកវិទ្យា ឥណ្ឌា និងរុស្ស៊ី។

មីស៊ីល BrahMos ​មិនត្រឹមតែមានល្បឿនលឿននោះឡើយ ​ថែមទាំងមានបច្ចេកវិទ្យា បំបាំងកាយទៀតផង​។ មីស៊ីលនេះ​ អាចបាញ់ចេញពីនាវាមុជទឹក​ នាវាចម្បាំង យន្តហោះចម្បំា ក៏ដូចជាជើងទម្រ ចល័តនៅលើដីគោក​។

បច្ចុប្បន្ន កិច្ចពិភាក្សាស្តីពីតម្លៃ​ កំពុងតែ​ធ្វើឡើង ហើយហ្វីលីពីនសង្ឃឹមថា កិច្ចព្រមព្រៀងនឹងបញ្ចប់នៅក្នុងឆ្នាំ​២០២០។

រដ្ឋាភិបាលទីក្រុងញ៉ូវដេលី​បាន បានផ្តល់ប្រាក់កម្ចីសម្រាប់ការពារជាតិមានតម្លៃ​១០០លានដុល្លារអាមេរិក ឲ្យហ្វីលីពីន។ ប៉ុន្តែ​ទឹកប្រាក់ដែលឲ្យខ្ចីអាស្រ័យទៅលើចំនយន​មីស៊ីល BrahMos ដែលហ្វីលីពីនទិញ។រដ្ឋាភិបាល​ទីក្រុងម៉ានីល មានបំណងទិញ​មីស៊ីល BrahMos ដោយប្រាក់ផ្ទាល់ខ្លួន ។

មីស៊ីល BrahMos ត្រូវបានផលិតឡើងដោយ​ឥណ្ឌា​និងរុស្ស៊ី​ ត្រូវបានគេចាត់ទុកថាជាមីស៊ីល មានល្បឿនលឿនជាងគេបំផុតលើពិភពលោក​ ដែលអាចបាញ់ប្រហារចំគោលដៅ ក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ​៣ដង ស្មើរ​៣.៦៧៥​ គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ។ ឥណ្ឌាក៏បានអភិវឌ្ឍន៍​បង្កើនរយៈចម្ងាយបាញ់ដល់ទៅ​៥០០គីឡូម៉ែត្រ ។

រដ្ឋាភិបាលទីក្រុងញ៉ូវដេលី​ បានសាកល្បងបាញ់មីស៊ីល​ BrahMos ចេញពី យន្តហោះចម្បាំង Su-30 ដោយជោគជ័យ​ ។ ជាមួយគ្នានេះឥណ្ឌាបានឡើងគម្រោង បាញ់សាកល្បង បាញ់ចេញពីនាវាចម្បាំង​ នៅពេលដ៏ខ្លីខាងមុខ​៕


ចែករំលែក៖