គ្រោះធម្មជាតិ បានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេស នូវែលហ្សេឡង់ ដោយកន្លងមកប្រទេសនេះបានប្រឈមនឹងការផ្ទុះភ្នំភ្លើង បញ្ចេញផ្សេង គ្របដណ្តប់ពេញអាកាស។ ពេលនេះបន្តរងការរញ្ជួយដីវិញម្តង។
មិនដល់មួយថ្ងៃផងភ្នំភ្លើងនៅលើ កោះស របស់នូវែលហ្សេឡង់បានផ្ទុះបណ្តាលឲ្យស្លាប់មនុស្ស៥នាក់ និងបាត់ខ្លួន៨នាក់ហើយដែលមិនសង្ឃឹមថា នៅរស់រានមានជីវិតនោះ ស្រាប់តែមានហេតុការណ៍គ្រោះរញ្ជួយដីទ្រង់ទ្រាយធំបានវាយប្រហារប្រទេសនេះបន្ថែមទៀត ។
សារព័ត៌មាន the Daily Telegraph បានផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ថា ហេតុការណ៍រញ្ជួយដីទំហំ ៥.៣រ៉ិចទ័រវាយប្រហារនៅជិតទីក្រុង Gisborne ខេត្ត North Island របស់ប្រទេសនូវែលហ្សេឡង់។
ប្រភពបន្តថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ (ម៉ោងនៅក្នុងតំបន់) ។ ភ្នាក់ងារអង្កេតតាមដានគ្រោះរញ្ជួយដី GeoNetបានបញ្ជាក់ថា ការរញ្ជួយដីនេះស្ថិតនៅទីប្រជុំជន Whakatane ចម្ងាយប្រហែល១៨០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Gisborne ដែលនៅមិនឆ្ងាយប៉ុន្មាននោះឡើយពី ដែនកោះពណ៌ស (White Island) ទីដែលភ្នំភ្លើងមួយបានផ្ទុះកាលពីថ្ងៃទី៩ ខែធ្នូ សម្លាប់មនុស្ស៥នាក់ និងបាត់ខ្លួន៨នាក់ ។
ភ្នាក់ងារ GeoNet បញ្ជាក់ថា ការរញ្ជួយដីនេះមិនពាក់ព័ន្ធទៅនឹងហេតុការណ៍ផ្ទុះភ្នំភ្លើងនៅទេ និយាយរួម ការរញ្ជួយដីនេះមិនបណ្តាលមកពីមូលហេតុផ្ទុះភ្នំភ្លើងឡើយ ៕