ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបន្តតាមចាប់មេខ្លោងទទួលទិញផលចោរកម្មម្នាក់ទៀត ក្រោយពីចាប់បក្ខពួក៣នាក់

ចែករំលែក៖

ភ្នំពេញ៖ មេខ្លោងទទួលផលចោររកម្មម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវតាមចាប់ខ្លួននៅឯខេត្តស្ទឹងត្រែង ក្រោយពីចាប់ខ្លួនបក្ខពួក៣នាក់ ក្នុងករណីប្លន់យកម៉ូតូចំនួន២ករណីផ្ទួនៗ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ កាលពីជាង១០ថ្ងៃកន្លងទៅនោះ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យប្រាប់ ឲ្យដឹងនៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ថា ការចាប់ខ្លួនជនសង្ស័យខាងលើនៅចំណុចភូមិត្រពាំងឫស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្ទឹងត្រែង ។ ជនសង្ស័យជាមេខ្លោងទទួលផលចោរកម្មខាងលើមាន ឈ្មោះវ៉ាន់ សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើត ភូមិត្រពាំងឫស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្ទឹងត្រែង មានទីលំនៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមរំលឹកថា កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្នុងករណីប្លន់ យកម៉ូតូចំនួន២ករណីផ្ទួនៗ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។ រហូតឈានដល់ការបង្ក្រាបក្រុមចោរប្លន់ទាំងនោះបានចំនួន៣នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះបានត្រឡប់មកវិញផងដែរ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បាន ឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមចោរប្លន់ខាងលើនេះ បានធ្វើសកម្មភាពធាក់ និងដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ កាលវេលាម៉ោង០៣៖១៥នាទី ទាបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងមុខរោងចក្រក្លេតភី ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

លោកអធិការ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ មួន ភិរ័ក្ស អាយុ១៨ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ, ទី២៖ ឈ្មោះ កែវ សុភាព អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី៣៖ឈ្មោះ គង់ ប៊ុនសី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូ ដែលប្លន់ពីជនរងគ្រោះ មួយគ្រឿងម៉ាក Honda C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HI-0319 ។ ចំណែកជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា ក្រោយពីក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពប្លន់ទៅលើជនរងគ្រោះសម្រេចភ្លាមៗនោះ ។ កម្លាំងរបស់លោក បានបើកប្រតិបត្តិការស្រាវជ្រាវ យ៉ាងក្តៅគគុកប្រើពេលមិនដល់៤៨ម៉ោង រហូតកំណត់មុខសញ្ញា និងបើកប្រតិបត្តិការបង្ក្រាបបានចំនួន៣នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖