ព័ត៌មានទាន់ហេតុការណ៍៖

ប្រឆំាងច្បាប់សញ្ជាតិ ពលរដ្ឋឥណ្ឌាធ្វើបាតុកម្មបិទផ្លូវ សំខាន់ៗ

ចែករំលែក៖

នៅព្រឹកថ្ងៃទី​១៩ ខែធ្នូ​​ ក្រុមបាតុករឥណ្ឌាបាន បិទផ្លូវរថភ្លើងក្រោមដី​​ ក៏ដូចជាផ្លូវចរាចរណ៍សំខាន់ចំនួន​១៤ខ្សែ ចូលទៅកាន់ទីក្រុង។ អាជ្ញាធរទីក្រុងញូវដេលី បានចាត់វិធានការទប់ទល់នឹងក្រុមអ្នកតវ៉ាប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់សញ្ជាតិ ដែលត្រូវបានអនុម័ត ដោយរដ្ឋសភា។

បើតាមបណ្ដាញផ្សព្វផ្សាយរបស់ឥណ្ឌា បានផ្សាយថា ការធ្វើវិសោធនកម្មច្បាប់សញ្ជាតិ បើកផ្លូវឲ្យជនអន្ដោប្រវេសន៍ មកពីប្រទេសជិតខាង អាចទទួលបានសញ្ជាតិឥណ្ឌានោះ នាំឲ្យការតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ អ្នកនយោបាយ និងតារាភាពយន្ដល្បីៗ។ នៅក្នុង​ការធ្វើបាតុកម្ម​ប្រឆាំងនឹងច្បាប់ដ៏ចម្រូងចម្រាសនេះ បានបង្កឲ្យមានមនុស្សជាច្រើននាក់ស្លាប់ និងរបួស ហើយមនុស្សមួយចំនួនទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ។

ប្រភពព័ត៌មានដដែល បានបន្ដថា ដោយសារតែមានការតវ៉ាប្រឆាំងនឹងច្បាប់សញ្ជាតិនេះ ទើបកាលពីព្រឹក ថ្ងៃទី១៩ ខែធ្នូ នេះ អាជ្ញាធរ បានដាក់ចេញនូវវិធានការទប់ទល់នឹងការតវ៉ារបស់ប្រជាពលរដ្ឋ មកពីទីក្រុងចំនួន១១។ ដោយឡែកអ្នកធ្វើដំណើរទៅធ្វើការងារ ក៏ត្រូវជាប់ស្ទះ នៅតាមផ្លូវជាតិ Delhi-Gurugram ហើយផ្លូវចំនួន១៤ផ្សេងទៀត ឆ្ពោះទៅកាន់ស្ថានីយរថភ្លើងក្រោមដី ក៏ត្រូវបានបិទផងដែរ។

ដោយឡែក ក្រុមអ្នកតវ៉ាប្រឆាំងនឹងច្បាប់សញ្ជាតិនេះ បានចោទប្រកាន់ទៅលើប៉ូលិស ពីការប្រើអំពើហិង្សា ប្រឆាំងនឹងប្រជាពលរដ្ឋ និងនិស្សិត។

ការផ្ទុះការតវ៉ាប្រឆាំងនឹងច្បាប់សញ្ជាតិ បានកើតឡើង នៅក្នុងរដ្ឋ Assam និង Meghalaya កាលពីថ្ងៃសុក្រ (ទី១៣ ខែធ្ន) មុន។ បើតាមច្បាប់សញ្ជាតិថ្មីនេះ បានអនុញ្ញាតឲ្យជនអន្ដោប្រវេសន៍​ មកពីប្រទេសជិតខាង ដែលជាអ្នកកាន់សាសនាហិណ្ឌូ សាសនា Parsis សាសនាគ្រឹស្ដ សាសនាព្រះពុទ្ធ និងសាសនា Sikhs រួមមាន អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងបង់ក្លាដែស ។ប៉ុន្តែ​ច្បាប់​សញ្ជាតិ​នេះ មិនបានផ្តល់ឲ្យជនអន្តោប្រវេសន៍កាន់សាសនាមូស្លីមឡើយ​ បើទោះជាពួកគេ ចូលមកកាន់ឥណ្ឌា ​មុនអំឡុងឆ្នាំ២០១៥ក៏ដោយ៕


ចែករំលែក៖