បន្ទាប់ពីទិញមីស៊ីលល្បឿនលឿនពីឥណ្ឌា ពេលនេះ ហ្វីលីពីនបន្តទិញនាវាមុជទឹកពីបារាំង ដើម្បីទប់ទល់ឥទ្ធិពលយោធា ក្នុងតំបន់ ។ សកម្មភាពខាងលើ អាចជំរុញឲ្យមានការប្រកួតប្រជែងអាវុធនៅក្នុងតំបន់។
រហូតមកដល់ពេលនេះ ហ្វីលីពីនកំពុងតែធ្វើឲ្យវិស័យយោធារបស់ខ្លួន កាន់តែខ្លាំងក្លាឡើងថែមទៀត ដោយគ្រោងនឹងទិញមីស៊ីលមានល្បឿនលឿនជាងសំឡេងនៅលើពិភពលោក ពីប្រទេសឥណ្ឌា និងនាវាមុជទឹកដ៏ទំនើបពីប្រទេសបារាំង ស្របពេលមានការប្រកួតប្រជែង លើវិស័យយោធា នៅក្នុងតំបន់។
បើតាមគេហទំព័រ Businessmirror បានផ្សាយ នៅថ្ងៃទី១៩ ខែធ្នូ នេះថា ជាជំហានដំបូង ទីក្រុងម៉ានីល និងប៉ារីស បានបង្កើនកិច្ចសហប្រតិបត្តិការការពារដែនសមុទ្រ។ នៅក្នុងកិច្ចសហប្រតិបត្ដិការនោះ រដ្ឋបាលរបស់លោក Duterte ប្រធានាធិបតីហ្វីលីពីន បានផ្ដួចផ្ដើគំនិតធានាសន្ដិសុខដល់នាវាមុជទឹក សម្រាប់កងនាវាចរណ៍ហ្វីលីពីន ដោយមានបារាំងជាអ្នកផ្គត់ផ្គង់។
លោក Delfin N. Lorenzana រដ្ឋមន្រ្ដីក្រសួងការពារជាតិហ្វីលីពីន បានថ្លែងថា នៅក្នុងរដ្ឋបាលរបស់លោក Duterte មានគោលបំណង ចង់ធ្វើឲ្យមានទំនើបឧបនីយកម្មលើវិស័យយោធា។ រីឯកិច្ចសហប្រតិបត្ដិការការពារជាតិ ផ្នែកជើងទឹក ក៏ជាចំណុចដ៏សំខាន់ផងដែរ។ ជាមួយគ្នានេះដែរ លោកក៏បានចុះហត្ថលេខាជាមួយនឹងសមភាគីបារាំង គឺលោក Florence Parly ផងដែរ ដោយសារយល់ឃើញថា ប្រទេសបារាំងជាប្រភពផ្គត់ផ្គង់នាវាមុជទឹកដ៏សំខាន់បំផុត សម្រាប់កងទ័ពហ្វីលីពីន។
ប្រមុខការពារជាតិហ្វីលីពីន បានបញ្ជាក់ កាលពីយប់ ថ្ងៃទី១៨ ខែធ្នូ ម្សិលមិញថា បារាំងបានលក់នាវាមុជទឹក ប្រភេទ Scorpene មកឲ្យកងទ័ពហ្វិលីពីន។ នាវា Scorpene នេះ ជាប្រភេទនាវាមុជទឹកដ៏ល្អបំផុតរបស់បារាំង ហើយវាដំណើរការដោយថាមពលប្រេង។
មន្រ្ដីយោធាហ្វីលីពីន បានឲ្យដឹងថា ស្របតាមកម្មវិធីធ្វើឲ្យទំនើបឧបនីយកម្មលើវិស័យកងទ័ពនោះ ហ្វីលីពីនកំពុងតែស្វះស្វែងទិញមីស៊ីល BrahMos ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក មកពីប្រទេសឥណ្ឌា។ មីស៊ីលប្រភេទនេះ អាចបាញ់ចេញពីនាវាមុជទឹក នាវាចម្បាំង យន្ដហោះចម្បាំង និងបាញ់ចេញពីទីតាំងលើដី។ ក្រៅពីនេះ រដ្ឋាភិបាលហ្វីលីពីន ក៏នឹងទិញនាវាមុជទឹក ពីប្រទេសបារាំង ផងដែរ៕