ខេត្ដឧត្ដរមានជ័យ៖ គ្មានទេ រឿងយុត្តិធម៌ចំពោះរាស្រ្ដក្រីក្រ គ្រួសារជនពិការដាច់ជើងមួយចំហៀង រស់នៅក្នុងជីវភាពក្រីក្រពីរនាក់ប្ដីប្រពន្ធ បានប្ដឹងតវ៉ារឿងដីធ្លី ជាមួយ នឹងលោកឧត្ដមសេនីយ៍ទោ ទេស សំអាត បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ ចាប់ដាក់គុក ទាំងពីរនាក់ប្ដីប្រពន្ធ ។
ជនពិការ ដែលត្រូវបានតុលាការចាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្តឧត្ដរមានជ័យ ឈ្មោះធិប ឆន ភេទប្រុស អាយុ ៥២ឆ្នាំ ប្រពន្ធឈ្មោះ ញ៉េប ស្រីពៅ អាយុ៤៣ឆ្នាំ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្ដមានជ័យ ។ ជនរងគ្រោះទាំងអស់មានចំនួន១២គ្រួសារ បានប្ដឹងលោកផ្កាយ២ ទេស សំអាត បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ថា បានរំលោភយកដីរបស់ពួកគាត់ចំនួន១២០ហិកតា ។
ពួកគាត់ ទាំង១២គ្រួសារ បានដាក់ពាក្យសុំអន្តរាគមន៍ទៅ សាលាខេត្តឧត្ដរមានជ័យ ទៅខុទ្ទការល័យសម្ដេចតេជោហ៊ុន សែន ទៅក្រសួងការពារជាតិ ទៅសាលាដំបូងខេត្តឧត្ដរមានជ័យ តែគ្មានប្រសិទ្ធភាព ចុងក្រោយ បែរជាមកជាប់គុកទៅវិញ ។
បើយោងតាមឯកសារពាក្យស្នើសុំជួយអន្តរាគមន៍របស់ពួកគាត់ បានសរសេរថា៖ ដីដែលពួកគាត់ចោទថា លោកផ្កាយពីររំលោភយកនោះ មានចំនួន១២០ហិកតា ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ។
កាលពីឆ្នាំ២០០៤ ក្រុមគ្រួសារគាត់ទាំង១២គ្រួសារ បានទៅស៊ីឈ្នួល កាប់រានដីព្រៃឈើ នៅចំណុចខាងលើ ឲ្យទៅលោកផ្កាយពីរ ទេស សំអាត ក្រោយមកលោកផ្កាយពីអត់ប្រាក់ឲ្យក៏ព្រមព្រៀងគ្នា កាប់ព្រៃយកដីចែកគ្នា ដោយលោកផ្កាយពីរបានជួយឧបត្ថម្ភជាប្រេងសាំង និងអង្ករបន្តិចបន្តួច និងការពារ នៅពីក្រោយ ។
ពេលកាប់រានព្រៃអស់ ពួកគាត់ក៏បបួលលោកផ្កាយ២ទៅបែងចែកដីគ្នា ពេលនោះ លោកផ្កាយពីរបានទៅដល់ផ្ទះរបស់គាត់ បានទាញ់កាំភ្លើងខ្លីបាញ់សំដៅទៅលើ បុរសជាប្ដីចំនួន២គ្រាប់ តែសំណាងល្អ មិនផ្ទុះ ហើយគាត់ក៏បានយកគ្រាប់កាំភ្លើងទៅប្ដឹងមេភូមិ ។
ដោយមានរឿងរ៉ាវជាមួយគ្នារហូតមកដល់ឆ្នាំ២០១៨ ពួកគាត់នាំគ្នាទៅធ្វើផ្ទះនៅដីជម្លោះ តែត្រូវ លោកផ្កាយពីរបានប្ដឹងគាត់ពីរនាក់ប្ដីប្រពន្ធ មកតុលាការ ទើបតុលាការបានចាប់ឃុំខ្លួនពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ ។
លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យបានឲ្យដឹងនៅ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ពិតជាបានឃុំខ្លួនពីរនាក់ប្ដីប្រពន្ធខាងលើមែន ពីបទបរិហារបង្កាច់កេរ្ដិ៍ ៕ ប៉ែន នួន