ព័ត៌មានទាន់ហេតុការណ៍៖

បើអាមេរិក ធ្វើសង្គ្រាម​ជាមួយចិន និងរុស្ស៊ី​ ភាគីណាមួយជាអ្នកឈ្នះ ?

ចែករំលែក៖

តាមរបាយករណ៍របស់ក្រុមជំនាញវិភាគ បានលើកឡើងថា អាមេរិក នឹងចាញ់ទាំងស្រុង ប្រសិនបើធ្វើសង្គ្រាមជាមួយចិន និងរុស្ស៊ី ។ មូលហេតុដោយសារតែចិន និងរុស្ស៊ីមានអាវុធទំនើប ហើយ មានទំនាក់ទំនងការទូតបានល្អជាមួយប្រទេសជិតខាង​។​កតាដែលអាមេរិកចាញគឺបាត់បង់សម្ព័ន្ធមិត្តនៅអឺរ៉ុប ដែលតែងតែជួយដល់កម្លាំងទាហានអាមេរិក ជាបន្តបន្ទាប់ ក្នុងសង្គ្រាមនាពេលកន្លងមក។

កងទ័ព​អាមេរិក ដែល​ជា​សរសរ​គ្រឹះ​សំខាន់ បញ្ជាក់​ពី​ឥទ្ធិពល​និង​មហាអំណាច​យោធា​របស់​អាមេរិក នៅក្នុង​ពិភពលោក កំពុង​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​មួយ​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់។ លទ្ធភាព​របស់​អាមេរិក​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត ប្រទេស​ដៃគូ ឬ​ការពារ​ផលប្រយោជន៍​សន្តិសុខ​អាមេរិក​ខ្លួនឯង កំពុង​តែ​ធ្វើ​ឲ្យគេ​សង្ស័យ។ ពោលគឺ អាមេរិក​អាច​ពិបាក​នឹង​ឈ្នះ ឬ​ក៏​អាច​ចាញ់ ក៏​ថា​បាន បើសិន​អាមេរិក​ត្រូវ​ប្រយុទ្ធ ធ្វើ​សង្រ្គាម​ជាមួយ​ចិន ឬ​ក៏​រុស្ស៊ី។ នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មការ​យុទ្ធសាស្រ្ត​ការពារ​ជាតិ​សម្រាប់​អាមេរិក ដែល​ចេញផ្សាយ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍មុន។

គណៈកម្មការ​យុទ្ធសាស្រ្ត​ការពារ​ជាតិ ដើម្បី អាមេរិក គឺ​ជា​ក្រុមអ្នកជំនាញ ខាងផ្នែក​សន្តិសុខ ដែល​សភា​អាមេរិកាំង​បាន​បង្កើត​ឡើង កាល​ពី​ឆ្នាំ មុន ដើម្បី សិក្សា​ពិនិត្យ​មើលឡើងវិញ សមត្ថភាព​របស់​កងទ័ព​អាមេរិក។ ក្រុមអ្នកជំនាញខាងផ្នែក​សន្តិសុខជាតិ​អាមេរិក ត្រូវ​បាន​បង្កើតឡើង នៅមុន​ពេល​ក្រសួងការពារ​ជាតិ ត្រូវ​បង្ហាញ​ផែនការ​យុទ្ធសាស្រ្ត​របស់ខ្លួន​សម្រាប់​អនាគត​កងទ័ព​អាមេរិក។ ក្រុម​អ្នកជំនាញ​ដែល​មាន​គ្នីគ្នា ១២​នាក់ ដឹកនាំ​ដោយ​Eric S.Edelman អតីត​មន្រ្តីជាន់ខ្ពស់​របស់​ក្រសួង​ការពារ​ជាតិ ក្នុង​អាណត្តិ​របស់​លោក​ប៊ូស ហើយ​និង​អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក លោក​Gary Roughead។

នៅ​ពេល​ដែល​ក្រុម​អ្នកជំនាញ កោតសរសើរ​ផែនការ​យោធា​របស់​អតីតរដ្ឋមន្រ្តី​ការពារ​ជាតិ លោក​James Mattis ដែល​ផ្តោតសំខាន់​យក​ចិន និង​រុស្ស៊ី ជា​សត្រូវ គំរាមកំហែង​សន្តិសុខ​ជាតិ​អាមេរិក នៅក្នុង​របាយការណ៍​កម្រាស ៩៨​ទំព័រ ដែល​ជា​លទ្ធផល​នៃការវិភាគ សិក្សា​អស់​រយៈពេល​១ឆ្នាំ អ្នកជំនាញ ខាងផ្នែក​សន្តិសុខ​ជាតិ បាន​ទាញ​សញ្ញា​អាសន្ន ពី​ការធ្លាក់ចុះ​នៃ​លទ្ធភាព និង​សមត្ថភាព​យោធា​របស់​អាមេរិក ដើម្បី​ការពារ​សម្ព័ន្ធមិត្ត ឬ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​អាមេរិក។

តាម​របាយការណ៍​របស់​ក្នុងអ្នកជំនាញ​ខាងលើ អាមេរិក​អាច​មាន​ជនរងគ្រោះស្លាប់​​ច្រើន នៅ​ក្នុង​ការប្រយុទ្ធ​នៅ​ថ្ងៃ​ខាងមុខ។ ដោយសារ​តែ​ខ្វះសមត្ថភាព ហើយនិង​ការចុះរួមថយ​នៃ​យុទ្ធសាស្រ្ត​ធ្វើ​សង្រ្គាម​ នៅ​ចំពោះ​មុខ​ចិន និង​រុស្ស៊ី កងទ័ព​អាមេរិក​អាច​ពិបាក​នឹង​ឈ្នះ ឬ​ក៏អាច​ចាញ់​សង្រ្គាម ជាមួយ​ចិន ឬ​រុស្ស៊ី។ អ្នកជំនាញ​បាន​សង្កត់ធ្ងន់​លើ​និន្នាការ​សំខាន់​ចំនួន ៦ ដែល​ធ្វើ​ឲ្យ​កងទ័ព​អាមេរិក​ត្រូវ​ប្រឈម​នឹង​បរាជ័យ​ធ្ងន់ធ្ងរ បើសិន​អាមេរិក​ត្រូវ​ធ្វើ​សង្រ្គាម​ជាមួយ​ចិន ឬ​រុស្ស៊ី។

ទី១ ការវិលត្រលប់​មកវិញ នូវ​ប្រទេស​មហាអំណាច​យោធា ប៉ុន្តែ ផ្តាច់ការ ដូចជា​ចិន និង​រុស្ស៊ី ដែល​ធ្លាប់​ជា​គូសត្រូវ​របស់​អាមេរិក នៅក្នុង​សម័យសង្រ្គាមត្រជាក់។

២ ការកើនឡើង និង​ការពង្រីក​កម្លាំង​យោធា របស់​ក្រុមប្រទេស​ដែល​ជា​សត្រូវ​របស់​អាមេរិក នៅក្នុង​តំបន់ ដូចជា​អ៊ីរ៉ង់ ហើយនិង​កូរ៉េខាងជើង។

៣ ការកើនឡើង​នៃ​ការគំរាមកំហែង​របស់​ក្រុមភេរវកម្ម រដ្ឋអីស្លាម​។

៤ សត្រូវ​របស់​អាមេរិក​បាន​បង្កើត​តំបន់​ប្រផេះ ដែល​កាន់​តែ​សាហាវជាងមុន។ តំបន់​ប្រផេះ​ចង់​សំដៅ​ដល់​នយោបាយ​ការទូត និង​សេដ្ឋកិច្ច បែប​ចាប់បង្ខំ ការចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ការវាយប្រហារ​តាម​អ៊ីនធ័រនែត ឬ​ការបង្កើត​សង្រ្គាម​មិនផ្ទាល់ ដូចករណី​លូកដៃ​របស់​រុស្ស៊ី នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន ហើយនិង​ការលូកដៃ​របស់អ៊ីរ៉ង់ ក្នុង​សង្រ្គាម​យេម៉ែន ឬ​ស៊ីរី​ជាដើម។

ទី៥ ការរីកសាយភាយ​នៃ​បច្ចេកវិទ្យា​ទំនើប ដូចជា​បញ្ញា​សិប្បនិម្មិត នៅគ្រប់ទីកន្លែង ជាពិសេស​ក្នុង​វិស័យ​ឯកជន​ដែល​ទៅបំផ្លាញ ផលប្រយោជន៍​របស់​អាមេរិក ហើយ​និង​បង្កើត​ហានិភ័យ​ថ្មី

ទី​៦ បញ្ហា​ថវិកា​មិន​នឹងន៏ ហើយ​និង​ការកាត់បន្ថយ​ការវិនិយោគ​ទៅលើ​វិស័យការពារ​ជាតិ​អាមេរិក គឺ​ជា​ឧបសគ្គ​ធំមួយ ដែល​បានបន្ទុចបង្អាក់ សមត្ថភាព និង​បច្ចេកវិទ្យា​យោធា​របស់​អាមេរិក។ អ្នកសរសេរ​របាយការណ៍​បាន​ចង្អុរ ទម្លាក់កំហុស​លើ​នយោបាយ​កាត់បន្ថយ​ថវិកា​កងទ័ព ដែល​ចាប់មាន​តាំង​ពី​ឆ្នាំ ២០១១ នៅក្រោម​អាណត្តិ​របស់លោក​អូបាម៉ា។ នៅពេល​លោកដូណាល់ ត្រាំ ត្រូវ​បាន​ក្រុមអ្នកជំនាញ​កោតសរសើរ ដែល បាន​បង្កើន​ថវិកា​ការពារ​ជាតិ ដល់ ៧៣៨​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០ ។

នៅ​ក្នុង​ឯកសារ ស្តីពី​ប្រទេស​មហាអំណាច​យោធា ទាំង​១០​នៅក្នុងលោក អ្នកជំនាញ​បាន​ធ្វើការ​ប្រៀបធៀប​ទៅលើ​ធនធាន កម្លាំង​យោធា ហើយ​និង​គ្រឿង​សព្វាវុធ ដែលនៅក្នុង​នោះអាមេរិក​ជាប់ចំណាត់ថ្នាក់​លេខ១ បន្ទាប់មក គឺ​រុស្ស៊ី ចំណែក​ចិន​ជាប់ចំណាត់​ថ្នាក់ទី៣។ អាមេរិក មាន​ថវិកា​យោធា ខ្ពស់កប់ពពក ច្រើន​ជាងគេ ដល់ ទៅ ជាង ៦០០​ពាន់​លាន​ដុល្លារ ក្នុង​ពេល​រុស្ស៊ី​ចំណាយ​តែ ៨៤ពាន់​លាន​ដុល្លារ ចំណែក​ចិន ចំណាយ​ជាង ២០០​ពាន់​លានដុល្លារ។ បើ​និយាយ​ពី​ចំនួន​កងទ័ព​វិញ គឺ​ចិន​នាំមុខ​គេ ជាមួយ​នឹង​កងទ័ព​ជាង ២លាន​នាក់ នៅពេល​អាមេរិក មានតែ​ជាង ១លាននាក់ (១,៤លាននាក់) ចំណែក​រុស្ស៊ី មាន​ទ័ព​មិន​ដល់​១លាននាក់​ផង (៧សែន ៦ម៉ឺននាក់)។ អាមេរិក​មាន​ថវិកា​កងទ័ព​ច្រើនដាច់​គេឯង និង​មាន​កងទ័ព​ច្រើន ជាង​រុស្ស៊ី ប៉ុន្តែ ហេតុអ្វី​បាន​ជាអាមេរិក អាច​ចាញ់​សង្រ្គាម នៅពេល​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី​ទៅវិញ?

តាម​អ្នកជំនាញ សត្រូវ​ទាំងឡាយ​របស់​អាមេរិក ដែល​រាប់ទាំង​រុស្ស៊ី និង​ចិន បាន​សិក្សា​យុទ្ធសាស្រ្ត​ធ្វើ​សង្រ្គាម​របស់អាមេរិក ចាប់តាំង​ពីអាមេរិក​រងការវាយប្រហារ​ភេរវកម្ម​១១​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក។ រុស្ស៊ី និង​ចិន បាន​រៀនសូត្រ​យក​តាម​យុទ្ធសាស្រ្ត យោធា និង​ជ័យជំនះ​របស់​អាមេរិក នៅក្នុង​សង្រ្គាម​នៅប្រទេស​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន។ នៅ ពេល​ដែល​អាមេរិក​ជាប់​ដៃ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម អាមេរិក មិន​បាន​អភិវឌ្ឍន៍​សព្វាវុធ​ថ្មីអ្វីទេ ជាពិសេស នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ។ ផ្ទុយទៅវិញ ប្រទេស​គូប្រជែង​របស់​អាមេរិកវិញ បាន​ត្រៀមរៀបចំ​ខ្លួន ធ្វើ​ទំនើបកម្ម​​យុទ្ធសាស្រ្ត​យោធា​ចាស់ៗ​ផង ហើយ​និង​ផលិត​សព្វាវុធថ្មី ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ផង ដើម្បី​ប្រជែង​នឹង​អាមេរិក​នៅក្នុង​ជំនាញណា ដែលអាមេរិក​ធ្លាប់តែ​នាំមុខ​រហូតមក៕


ចែករំលែក៖