ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃនៅអូស្ត្រាលី បន្តអូសបន្លាយ ហើយរាលដាលកាន់តែខ្លាំង

ចែករំលែក៖

ដោយក្តៅនឹងខ្យល់ខ្លាំង ធ្វើឲ្យភ្លើងឆេះព្រៃ នៅអូស្ត្រាលីកាន់តែរាលដាល ខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ​ ។ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺអ្នកពន្លត់អគ្គីភ័យម្នាក់ទៀតហើយ ស្លាប់​ពេល កំពុងប្រយុទ្ធតស៊ូ ជាមួយនឹងអណ្ដាតភ្លើងឆេះព្រៃនៅតំបន់ព្រំដែនរដ្ឋ ញូសោតវែលស៍ (New South Wales – NSW) និងរដ្ឋវិចតូរៀ (Victoria) ។

យោងតាមការិយាល័យពន្លត់អគ្គីភ័យក្នុងតំបន់ អ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តខាងលើ និងអ្នករួមដំណើរពីរនាក់នៅក្នុងរថយន្ដមួយគ្រឿង ត្រូវបានអណ្តាតភ្លើងឆេះព្រៃឡោមព័ទ្ធ នៅល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ ដោយបានឆាបឆេះរថយន្ដរបស់ពួកគេ ។ នៅក្នុងហេតុការណ៍នេះមានភ្នាក់ងារទាំងបីនាក់ តែពីរម្នាក់បានរួចផុតពីសេចក្ដីស្លាប់ ប៉ុន្តែជាអកុសលភ្នាក់ងារមា្នក់ បានស្លាប់ក្នុងអណ្តាតភ្លើងឆេះព្រៃ ខណៈអ្នកបើកបររថយន្ដត្រូវបានគេស្គាល់ថា ជាកាពីទែនជើងចាស់ម្នាក់ ដែលមានបទពិសោធន៍ច្រើនជាង ៣៥ឆ្នាំមកហើយ ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអូស្ត្រាលីមនុស្សជាង ៤,០០០នាក់ កំពុងជាប់គាំងចេញទៅណាមិនរួច នៅឯឆ្នេរមួយនៃទីក្រុង ម៉ាលឡាខូអូតា (Mallacoota) ដោយសារតែភ្លើងឆេះព្រៃកំពុងឡោមព័ទ្ធផ្លូវហាយវ៉េ ហើយបច្ចុប្បន្នក្រុមអ្នកជួយសង្រ្គោះ កំពុងប្រើប្រាស់វិធីជួយសង្រ្គោះ និងជម្លៀសអ្នកទាំងនេះតាមផ្លូវសមុទ្រ ដោយមានជំនួយពីយោធា ។

ក្រុមអ្នកទេសចរ និងប្រជាជនក្នុងតំបន់សរុបរាប់ពាន់នាក់ បាន និងកំពុងជាប់គាំងចេញទៅណាក៏មិនរួច នៅលើឆ្នេរមួយកន្លែងស្ថិតនៅក្នុងទីក្រុង ម៉ាឡាខូអូតា (Mallacoota) នៃរដ្ឋវិចតូរៀ (Victoria) ប្រទេសអូស្ត្រាលី ខណៈភ្លើងឆេះព្រៃកំពុងឡោមព័ទ្ធឆ្នេរទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយនេះ ។

បើតាមអាជ្ញាធរអូស្ត្រាលីមនុស្ស ៤,០០០នាក់ បាន និងកំពុងជាប់គាំងនៅលើឆ្នេរនៃទីក្រុង Mallacoota នៅថ្ងៃអង្គារនេះ ហើយផ្សែងដែលបង្កឡើងដោយភ្លើងឆេះព្រៃ បានប្រែក្លាយពេលថ្ងៃឱ្យទៅជាពេលយប់ ។ រីឯអាជ្ញាធរក៏បានព្រមានដែរពីហានិភ័យ នៃរលកកម្ដៅភ្លើងឆេះព្រៃ ស្របពេលតំបន់ទេសចរណ៍លំហែកាយជាច្រើន នៅតាមបណ្ដោយឆ្នេរចន្លោះទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន (Melbourne) កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីភ្លើងឆេះព្រៃ ។

បន្ថែមពីលើនេះ តំបន់ដែលកំពុងស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នខ្ពស់ នៃភ្លើងឆេះគឺលាតសន្ធឹង ៥០០គីឡូម៉ែត្រ រាប់ចាប់ពីទីក្រុងបាតេម៉ានបេយ (Batemans Bay) នៃរដ្ឋ ញូសោតវែលស៍ (New South Wales – NSW) រហូតដល់ទីក្រុង ប៊ែនស៍ដាល (Bairnsdale) ក្នុងរដ្ឋ Victoria ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ដែលបានឆាបឆេះដំបូងតាំងតែពីខែកញ្ញាមក បានផ្ដាច់ជីវិតមនុស្ស ១០នាក់ ក្នុងនោះរួមទាំងជនស៊ីវិល និងភ្នាក់ងារពន្លត់អគ្គិភ័យស្ម័គ្រចិត្ត 0៣នាក់ ព្រមទាំងបានបំផ្លាញផ្ទះច្រើនជាង ១,០០០ខ្នង និងផ្ទៃដីជាង ៣លានហិកតាផងដែរ ។ បច្ចុប្បន្ននេះ អាជ្ញាធរអូស្ត្រាលីនៅតែគ្មានសង្ឃឹមថា អាចពន្លត់ភ្លើងព្រៃនេះបានទាំងស្រុងនោះឡើយ៕

 


ចែករំលែក៖