ព័ត៌មានទាន់ហេតុការណ៍៖

ជិត៧០ឆ្នាំកន្លងមក កូរ៉េខាងជើងរស់នៅក្រោមការដាក់ទណ្ឌកម្ម​ពីអាមេរិក ហើយអាចបន្តរស់នៅបែបនេះទៀតក្រោយឆ្នាំ​២០២០

ចែករំលែក៖

កិច្ចពិភាក្សាជាមួយអាមេរិក នៅក្នុងឆ្នាំ​២០១៩ បានបិទបញ្ចប់​ហើយ ដោយមិនមានកិច្ចពិភាក្សាថ្មីណាមួយបន្ថែមនោះឡើយ បើទោះបីមេដឹកនាំកូរ៉េខាងជើងបានដាក់ឱសានវាទ ដល់អាមេរិក ចុងឆ្នាំ​២០១៩នេះពីកិច្ចពិភាក្សាថ្មីស្តីពីការបញ្ចប់កម្មវិធីបរមាណូ ដោះដូរនឹងការលុបទណ្ឌកម្ម​​យ៉ាងណាក៏ដោយ ។

កន្លងមកមេដឹកនាំកូរ៉េខាងជើង​ ធ្លាប់បានលើកឡើងថា​​ ទោះជាប់ទណ្ឌកម្មសេដ្ឋកិច្ច ក៏កូរ៉េខាងជើងអាចរស់នៅបានដោយខ្លួនឯងនោះដែរ​ ។ ការប្តេជ្ញាមិនរាថយចំពោះ​អាមេរិក តាមរយៈ​ ការធ្វើដំណើរទៅកាន់ ភ្នំពិសិដ្ឋ គឺជាប្តេជ្ញា របស់កូរ៉េខាងជើងចំពោះអាមេរិក ។ រូបភាពជាច្រើនសន្លឹកបង្ហាញពីលោក គីម ជុងអ៊ុន ជិះសេះសនៅលើភ្នំ Paektu ជាភ្នំដ៏ពិសិដ្ឋនៅកូរ៉េខាងជើង ត្រូវបានក្រុមអ្នកជំនាញខ្លះយកមកបកស្រាយថា លោក គីម ចង់ប្រាប់ពីពិភពលោកថា លោកគឺជាបុរសខ្លាំងម្នាក់ ដូចគ្នាទៅនឹងលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលធ្លាប់ដោះអាវសម្ញែងសាច់ដុំនៅលើភ្នំទឹកកក ។ ម្យ៉ាងវិញទៀត រូបភាពជិះសេះសតែម្នាក់ឯងមួយសន្លឹក ក៏បានបង្ហាញថា លោក គីម កំពុងព្យាយាមប្រាប់ ពិភពលោកថា លោក ឬកូរ៉េខាងជើងអាចឈរម្នាក់ឯង ឬក៏នៅតែអាចរស់បានដោយខ្លួនឯង បើទោះជាកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ ។

របបដឹកនាំលោក គីម ជុងអ៊ុន បាន និងកំពុងព្យាយាមប្រាប់ពិភពលោកថា ទណ្ឌកម្មនេះមិនអាចធ្វើឱ្យខ្លួនចុះញ៉ម ឬអោនក្បាលដាក់បរទេស ដូចជាសហរដ្ឋអាមេរិកនោះទេ ។ ជាក់ស្ដែង បើតាមរូបភាពចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កាលពីដើមខែធ្នូកន្លងទៅ បានធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនពិបាកនឹងជឿថា កូរ៉េខាងជើងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារទណ្ឌកម្មសេដ្ឋកិច្ច ។

រូបភាពរបស់ KCNA គឺបង្ហាញពីការបញ្ចប់ដោយស្ថាពរនូវ គម្រោងសាងសង់ទីក្រុងដ៏ទំនើបថ្មីមួយឈ្មោះ សាំជីយ៉ុន (Samjiyon) ដែលរួមមានទាំងមជ្ឈមណ្ឌលវប្បធម៌ ពាណិជ្ជកម្ម និងរម្មណីយដ្ឋាន ជិះស្គីកម្សាន្តលើទឹកកក, អគារ និងផ្ទះប្រណិតៗរាប់ពាន់ខ្នង ។ គម្រោងនេះត្រូវបានកាត់ខែ្សបូរ សម្ពោធដោយផ្ទាល់ពីលោក គីម ដែលបានបញ្ជាក់ជំហរថា កូរ៉េខាងជើងនឹងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពឹងលើកម្លាំងខ្លួនឯង ហើយរូបភាពទីក្រុង Samjiyon ឬលោក គីម ជុងអ៊ុន ជិះសេះសគឺបង្ហាញសារច្បាស់ៗ ដែលលោកចង់ព្យាយាមប្រាប់ពិភពលោកថា «បច្ចុប្បន្ន កូរ៉េខាងជើងខ្លាំងដល់កម្រិតណា ទើបនៅអាចឈរពើងទ្រូងប្រឈមមុខនឹងទណ្ឌកម្ម ឬសម្ពាធអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក» ។

គួរបញ្ជាក់ថា ពិធីថ្លែងសារចូលឆ្នាំថ្មី ឬឆ្នាំសកលរបស់លោក គីម ជុងអ៊ុន កាលពីឆ្នាំ២០១៨ គឺផ្ដោតសំខាន់លើសន្តិភាពជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។ ប៉ុន្តែការថ្លែងសារចូលឆ្នាំសកល ២០២០ ទៅកាន់ប្រជាជនកូរ៉េខាងជើង និងពិភពលោក ត្រូវបានក្រុមអ្នកជំនាញរំពឹងថា លោកនឹងប្រកាសពីការបញ្ចប់កិច្ចចរចា ជាមួយសហរដ្ឋអាមេរិក និងចាប់ផ្ដើមធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ។ ចំណែកឯលោក ដូណាល់ ត្រាំ ក៏ធ្លាប់ បានព្រមានទុកជាមុនដែរថា នឹងចាត់វិធានការឆ្លើយតបយ៉ាងសក្តិសម ទៅនឹងទង្វើបង្ករឿងពីកូរ៉េខាងជើង ។

ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានថា «នឹងចាត់វិធានការវាយបក» ដើម្បីការពារដែនអធិបតេយ្យភាព និងសន្តិសុខ នៃប្រទេសរបស់លោក ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថា ទីក្រុងព្យុងយ៉ាងអាចនឹងលុបចោលកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក ហើយធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរឡើងវិញ ។

ការព្រមានបែបនេះរបស់លោក គីម ជុងអ៊ុន ធ្វើឡើងកំឡុងដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណបក្សពលករកូរ៉េរយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ ។ កូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅសល់ពេលមិនដល់ ៤៨ម៉ោងទៀត ដើម្បីបើកកិច្ចចរចាឡើងវិញជាថ្មី ចាប់តាំងពីជាប់គាំងក្រោយបរាជ័យ នៃកិច្ចប្រជុំនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ ។ ពោលគឺលោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែម ក្នុងនោះរួមទាំងការដកទណ្ឌកម្ម សេដ្ឋកិច្ចមួយចំនួនធំ បើពុំដូច្នោះទេទីក្រុងព្យុងយ៉ាង នឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ។

តើផ្លូវដើរថ្មីរបស់កូរ៉េខាងជើងគឺជាអ្វី ហើយតើសារអ្វីដែលលោក គីម នឹងថ្លែងទៅកាន់ប្រជាជនកូរ៉េខាងជើង និងពិភពលោកទាំងមូល កំឡុងថ្លែងសារចូលឆ្នាំថ្មីគឺឆ្នាំ២០២០ ខាងមុខនេះ ។

លោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែមក្នុងនោះរួមទាំង ការដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំ បើពុំដូច្នោះទេទីក្រុងព្យុងយ៉ាងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ។ តាមមេបញ្ជាការយោធាអាមេរិកជាច្រើននាក់ ផ្លូវដើរថ្មីដែលលោក គីម ជុងអ៊ុន បានអះអាងនោះ គឺអាចជាការធ្វើតេស្ដឡើងវិញនូវអាវុធនុយក្លេអ៊ែរ ឬមីស៊ីល ICBM ដែលធ្លាប់បាញ់បោះសាកល្បងកាលពីឆ្នាំ២០១៧ ហើយការព្យាករណ៍បែបនេះ ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងជើង នារយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ជាពិសេសនៅក្នុងខែធ្នូនេះតែម្ដង ដោយទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដដ៏សំខាន់ចំនួនពីរលើក នៅឯតំបន់បាញ់បោះបង្ហោះផ្កាយរណប សូហេ (Sohae) ។

ការធ្វើតេស្ដដ៏សំខាន់ចំនួនពីរលើកខាងលើ ត្រូវបានអ្នកជំនាញដូចជាលោក ចន ដេលឺរី (John Delury) ដែលជាសាស្ត្រាចារ្យមួយរូបមកពីវិទ្យាសា្ថនសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ យ៉ុនសី Yonsei University Graduate School ក្នុងទីក្រុងសេអ៊ូល យល់ថាផ្លូវដើរថ្មីរបស់កូរ៉េខាងជើង មិនមែនជាការផ្ញើសំបុត្រដ៏ស្និទ្ធស្នាល និងមិត្តភាព ឬអំណោយជាកន្ត្រកផ្កា ជាជាងការបាញ់មីស៊ីលដែលលោក ដូណាល់ ត្រាំ ធ្លាប់លើកឡើងឡើយ បើទោះជាទីក្រុងព្យុងយ៉ាងបានខកខានផ្ញើការដូបុណ្យណូអែល ឱ្យលោកប្រធានាធិបតីអាមេរិក តាមការសន្យាក៏ដោយ ។

លើសពីនេះទៅទៀតលោក គីម ជុងអ៊ុន ផ្ទាល់ក៏បានសង្កត់ធ្ងន់ជាច្រើនដងផងដែរ ពីការពង្រឹងសមត្ថភាពយោធា និងអាវុធទំនើបដើម្បីទប់ស្កាត់ ក៏ដូចជាការពារនូវអ្វីដែលោកចាត់ទុកថា ជាការគំរាមកំហែងពីសហរដ្ឋអាមេរិក ឬបរទេសណាមួយមកលើបូរណភាពទឹកដី និងអធិបតេយ្យជាតិកូរ៉េខាងជើង៕


ចែករំលែក៖