ភ្នាក់ងារព័ត៌មានឥណ្ឌូនេស៊ីបានផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ប្រាប់ប្រភពព័ត៌មានកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ថា ជនរងគ្រោះបាត់បង់ជីវិតបានកើនឡើង២៩នាក់ ដោយសារតែគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ។
ប្រភពីលោក Agus Wibowo អ្នកនាំពាក្យភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក៏បានបញ្ជាក់ទៀតថា មនុស្សចំនួន៦២ ០០០នាក់ត្រូវបានជម្លៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ ។
បើតាមរូបភាពផ្សព្វផ្សាយបានឲ្យឃើញថា លំនៅឋាន រថយន្ត និងទីតាំងអគាររដ្ឋបានត្រូវទឹកជំនន់ជន់លិច និងកន្លែងខ្លះមានទឹកហូរកួចផងដែរ ។ កន្លែងខ្លះលិចត្រឹមដំបូលរថយន្តក៏មាន ។ មនុស្សម្នាក់នាំគ្នាប្រើប្រាស់ទូកកៅស៊ូដឹករបស់របរមានតម្លៃរបស់ខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព។ រថយន្តប្រហែល ៥០គ្រឿងរងការខូចខាតស្ទើរទាំងស្រុង ។
សូមបញ្ជាក់ថា ភ្លៀងបានធ្លាក់ខ្លាំងក្រោយពីឆ្លងឆ្នាំសកលនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ពិសេសនៅទីក្រុងហ្សាការតាតែម្តងបណ្តាលឲ្យជន់លិច ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ។ រហូតមដល់ថ្ងៃទី២ ខែមករា ស្ថានភាពទឹកជំនន់ហាក់មានសភាពប្រសើរបន្តិចហើយ ។ នៅជាយក្រុងហ្សាការតា មានការបាក់ដីបណ្តាលឲ្យស្លាប់មនុស្សជាបន្តបន្ទាប់ ។
បើតាមប្រជាជនក្នុងតំបន់បានបញ្ជាក់ថា នេះជាជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងទីក្រុងមួយនេះចាប់តាំងពីឆ្នាំ២០១៣មក ។ ជនរងគ្រោះបាត់បង់ជីវិតទាក់ទងគ្រោះធម្មជាតិមួយនេះបានកើនឡើង២៩នាក់ទៅហើយ ៕