ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ រងការវាយប្រហារពីគ្រាប់រ៉ុក្កែត៣គ្រាប់ ស្លាប់ និងរបួសជាច្រើន

ចែករំលែក៖

ទីតាំងអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់​ ​នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានរងនូវការបាញ់ប្រហារ​ពីរ៉ុក្កែត​៣គ្រាប់​ចូលទៅកាន់បរិវេណ​អាកាស​បណ្តាលឲ្យស្លាប់ និងរបួស​មនុស្សជាច្រើននាក់ ។

តាមប្រភពព័ត៌មានអ៊ីរ៉ាក់​បានផ្សាយថា ការវាយប្រហារនេះ​បណ្តាលឲ្យស្លាប់​មនុស្ស​៨នាក់ ក្នុងនោះ​មានមេដឹកនាំកងកម្លាំងចល័ត​ប្រជាប្រិយ​ម្នាក់ដែរ និង​ទាហាន​អ៊ីរ៉ាក់​១២នាក់ផ្សេងទៀត​រងរបួស ។

ការវាយប្រហារ​ត្រូវបានគេរាយការណ៍ថា សម្តៅទៅលើរថយន្តប្រភេទ SUV ជាច្រើនគ្រឿង​របស់ក្រុមមេដឹកនាំគណៈកម្មការ​កងកម្លាំង​ចល័ត​ប្រជាប្រិយ​ (PMF)​ដែលជាក្រុមជីវពល​ពាក់កណ្តាលឯករាជ្យ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល​អ៊ីរ៉ាក់ ហើយត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងជាមួយ​ក្រុមភេរវកម្ម Daesh ឬ ISIL កាលពីឆ្នាំ២០១៤។

ភ្នាក់ងារព័ត៌មាន Sky News បានផ្សាយនៅលើបណ្តាញធ្វីតធើ របស់ខ្លួនថា ការវាយប្រហារ​នេះ​អាចនឹងស្លាប់មេដឹកនាំក្រុម PMF ឈ្មោះ Abu Mahdi Al-Muhandis និងឈ្មោះ Muhammad al-Kawtharani មេដឹកនាំមួយរូប​របស់ក្រុម​លីបង់ហេសបូឡោះ ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេនៅមិនទាន់រកបានប្រភពបញ្ជាក់ច្បាស់លាស់នៅឡើយទេ ។

ភ្នាក់ងារព័ត៌មាន AFP បានផ្សាយដកស្រង់​មន្ត្រីសន្តិសុខអ៊ីរ៉ាក់ថា ការវាយប្រហារនេះស្លាប់​មនុស្ស​៨នាក់ ។ ការវាយប្រហារនេះ នៅមិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់នៅឡើយទេ ។

គួរបញ្ជាក់ថា ការវាយប្រហារ​ដោយរ៉ុក្កែត​នេះ​កើតឡើងប៉ុន្មានថ្ងៃ ក្រោយក្រុមបាតុករអ៊ីរ៉ាក់រាប់ពាន់នាក់​ប៉ុនប៉ងឡោមព័ទ្ធ និងដុតស្ថានទូតអាមេរិក​នៅទីក្រុងបាដាដ ។ ទីក្រុងវ៉ាស៊ីនតោន​បានបញ្ជូនកងម៉ារីន​១០០នាក់ និង​ឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ Apache ជាច្រើនគ្រឿង​ទៅកាន់រដ្ឋធានី​អ៊ីរ៉ាក់​ពីប្រទេសគុយវ៉េតដែលនៅជិតខាង ។

ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងតំបន់បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ​អាមេរិក​ជាថ្មីម្តងទៀត​ចាប់ផ្តើមហោះហើរ ក្រោយព័ត៌មានថា មានការវាយប្រហារ​រ៉ុក្កែត​ចូលទីតាំងអាកាសយានដ្ឋាន ហើយដែលតាំងពីពេលនោះ​ត្រូវបានបានបិទជាបណ្តោះអាសន្ន ៕


ចែករំលែក៖