ព័ត៌មានទាន់ហេតុការណ៍៖

សណ្ឋាគារ​អប្សរា​អង្គរ នៅខេត្តសៀមរាបបិទធ្វើអាជីវកម្មដូច​អតីត​សណ្ឋាគារ Inter-continentalដែរ

ចែករំលែក៖

ខេត្តសៀមរាប​៖ ​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​ក្នុង​ក្រុង​សៀមរាប បានសម្រេចចិត្តប្រកាស​បិទទ្វារ និង​ខ្លះទៀត​ដាក់​ជួល​ក៏មាន បន្ទាប់ពីគេដឹងថា កន្លងមកនេះភ្ញៀវទេសចនៅខេត្តសៀមរាបរហាក់ធ្លាក់ចុះយ៉ាងខ្លាំង​។ ប្រភពព័ត៌មានពីខេត្តសៀមរាបបានឲ្យដឹងថា នៅ​ថ្ងៃទី​១ មករា ឆ្នាំ២០២០ នេះ សណ្ឋាគារ​អប្សរា​អង្គរ ដែលមាន​ភាពល្បីល្បាញពីមុនមក ​បាន​ប្រកាស​ពី​ការបិទធ្វើ​អាជីវកម្ម​របស់ខ្លួន​ដែរ​ធ្វើឲ្យប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្ត​សៀម ​មានការ​សោកស្ដាយ និង​បង្ហាញ​ក្តីបារម្ភ​ថា «​សណ្ឋាគារ​ផ្សេងទៀត ​ក៏​អាច​ប្រឈមមុខ​ដូចគ្នានេះ ប្រសិនបើ​ស្ថានភាព​បែបនេះ​ មិនមាន​ការវិវត្ត​ថ្មី​»​។​

អ្នកគ្រប់គ្រង​សណ្ឋាគារ​អប្សរា​អង្គរ បានប្រកាស​ជា​សាធារណៈ​ក្នុង​បណ្ដាញ​សង្គមហ្វេសប៊ុក ពី​ព័ត៌មាន​នៃ​ការបិទ​អាជីវកម្ម​សណ្ឋាគារ​នេះ បន្ទាប់ពី​មាន​វត្តមាន​នៅលើ​ទឹកដី​អង្គរ​ជិត​១៨​ឆ្នាំ​មកហើយនោះ ​។ ព័ត៌មាន​នេះ ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​មួយទៀត ​បន្ទាប់ពី​អតីត​សណ្ឋាគារ Inter-continental (The Great Duke) នៅ​រាជធានី​ភ្នំពេញ ​បានប្រកាស​បិទទ្វារ​ នៅ​ថ្ងៃទី​៣១ ធ្នូ​ឆ្នាំ២០១៩ ថ្មីៗនេះ។ ក្រៅពីបានប្រកាស​ជា​សាធារណៈ​ក្នុង​បណ្ដាញ​សង្គមហ្វេសប៊ុក ភ្នាក់ងារកាសែតនគរវត្តមិនអាច​សុំ​ការបញ្ជាក់​ ពី​អ្នកគ្រប់គ្រង​សណ្ឋាគារ​អប្សរា​អង្គ​របានទេ ជុំវិញ​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​បិទ​អាជីវ​កម្មនៃសណ្ឋាគារមួយនេះ​។

​យ៉ាងណាម្ចាស់​សណ្ឋាគារ​មួយ​នៅ​ខេត្ត​សៀ​មរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ឲ្យដឹង​នៅ​រសៀល​ថ្ងៃទី​២ មករាឆ្នាំ២០២០​នេះ​ថា ជាទូទៅ ការរកស៊ី​ពេលណា​នៅ​បន្តបាន​នោះ គេ​នឹង​បន្ត ព្រោះថា​សណ្ឋាគារ​អប្សរា​អង្គរ​នេះ ​បាន​រកស៊ី​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ដល់​កម្រិត​ដែល​ខាត មិន​ចំណេញ ឬ​ទប់​លែង​បាន នោះ​អ្នករកស៊ី​ មិន​ខ្លា​ចនឹង​ការបិទទ្វារ​ឡើយ​។ លោក មិន​បានដឹង​ព័ត៌មាន​ច្បាស់លាស់ ​ពី​ចំនួន​សណ្ឋាគារ​ក្នុង​ក្រុង​សៀម​រាម ដែល​បាន​បិទ​អាជីវកម្ម​នោះទេ តែ​លោក​ប្រាប់ថា លោក សង្កេតឃើញ​មាន «​សណ្ឋាគារ​ច្រើន​កន្លែង​ បានដាក់​ស្លាក​លក់​ឬ​ជួល ​ជា​បន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ​»​។​

​ម្ចាស់សណ្ឍាគារមួយនេះបានពន្យល់ថា ស្ថានភាព​បែបនេះ អាច​នឹង​ធ្វើឱ្យ​សណ្ឋាគារ​ផ្សេងទៀត ​ប្រឈមមុខ​នឹង​ការបិទ​អាជីវកម្ម​ដូចគ្នា ប្រសិនបើ​គ្មាន​ដំណោះស្រាយ ​ឬ​បរិយាកាស​វិស័យនេះ​មិនមាន​ការវិវត្ត​ថ្មី​។ លោក​ថា​៖«​គ្មាន​អ្នកណា​ចង់​បិទ​អាជីវកម្ម​ខ្លួន​ទេ តែបើ​ខាត​មិន​ចំណេញ ទប់​លែងកើត គ្មាន​អ្នកណា​នៅ​បន្តធ្វើ​ទេ​»​។​ចំណែក អ្នកគ្រប់គ្រង​នៅ​សណ្ឋាគារ​មួយទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរនោះ ក៏បាន​បង្ហាញ​ការសោកស្ដាយ​ដែរ ចំពោះ​ព័ត៌មាន​នៃ​ការបិទ​សណ្ឋាគារ​អប្សរា​អង្គរ តែ​ខ្លួន​យល់ថា បញ្ហា​នេះ ​មិនមែន​កើតឡើង​តែ​នៅ​កម្ពុជា​ទេ​។

​ជាការកត់សម្គាល់ប្រទេស​នៅ​អាស៊ី​មួយចំនួន មាន​ថៃ និង​វៀតណាម ជាដើម បាន​ពើបប្រទះ​ការធ្លាក់ចុះ​ចំនួន​អ្នកទេសចរ​ដូចគ្នា តែដោយសារ​ប្រទេស​ទាំងនោះ​មានអ្នក​ទេសចរ​ច្រើន ទើប​ការធ្លាក់​នេះ​មិនសូវ​ចោទ​ខ្លាំង។ រីឯការប្រកាស​បិទ​សណ្ឋាគា​រ​អប្សរា​អង្គរ​នេះ អាចទាក់ទង​នឹង​ផ្នែក​ទីផ្សារ​របស់​សណ្ឋាគារ​នេះ​ខ្លួនឯង​ព្រោះ កន្លងមក​សណ្ឋាគារ ​ដែ​ល​មាន​ជាង​១០០​បន្ទប់​នេះ ផ្តោត​គោលដៅ​ធំ ​លើ​ការរៀបចំ​កិច្ចប្រជុំ​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការធំៗ តែ​ក្រោយមក​មាន​សណ្ឋាគារ​ថ្មី​ចូលខ្លួន​មក​ជំនួស ទើប​បណ្ដាលឱ្យ​អាជីវកម្ម​សណ្ឋាគារ​នេះ​គ្មាន​ទីផ្សារ​ធ្លាក់ចុះនៃភ្ញៀវទេសចរ ៕ ប្រាថ្នា


ចែករំលែក៖