ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២០ ជាឆ្នាំនៃការធ្វើសង្គ្រាមរវាងអាមេរិក នឹងអ៊ីរ៉ង់?

ចែករំលែក៖

ថ្ងៃទីមួយ នៃឆ្នាំ​២០២០​​ អាមេរិកចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយ ការវាយប្រហារទៅលើស្ថានទូតអាមេរិក​នៅ​ក្នុងទីក្រុងបាតដាត ប្រទេសអ៊ីរ៉ាក់​​ ហើយនៅព្រឹកថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ អាមេរិក បានវាយប្រហារតាមដែនអាកាសសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ដូចគ្នា​​ ។ មិនតែប៉ុណ្ណោះ អាមេរិក​បានព្រមានវាយប្រហារ ជាទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់តែម្តង ។

រដ្ឋមន្ត្រីការពារជាតិអាមរិក លោក​ Mark Esper ​បានព្រមានថា អាមេរិក នឹងមានសកម្មភាព វាយប្រហារទៅលើ «ក្បាលម៉ាស៊ីន»នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីការពារកម្លាំងទាហានអាមេរិក ប្រសិនបើ កម្លាំងទាហានអាមេរិកនៅក្រៅប្រទេស រងការវាយប្រហារពីអ៊ីរ៉ង់នោះ ។ ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្រោយពេលដែល​​ អ៊ីរ៉ង់​បានព្រមានសងសឹកអាមេរិក ដែលបានសម្លាប់មេទ័ពរបស់ខ្លួន​ ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អ៊ីរ៉ង់ជាឆ្អឹងទទឹកក របស់អាមេរិក ដែលតែងតែបំផ្លាញគម្រោងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា​ ។ ទាំងនោះហើយអាមេរិកឡើងគម្រោងវាយប្រហារអ៊ីរ៉ង់ជាយូណាសមកហើយ តែមិនទាន់មានហេតុផលគ្រប់គ្រាន់​ដើម្បីបើកការវាយប្រហារ​ ។

នៅពេលនេះអាមេរិក ប្រើប្រាស់ ការវាយប្រហារស្ថានទូតអាមេរិកផ្ទល់ និងគម្រោងវាយប្រហារទៅលើទាហានអាមេរិក ដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់​ ។ ពេលនេះអាមេរិក​បានដុតកម្តៅយោធាអ៊ីរ៉ង់ ឲ្យផ្ទុះកំហឹងវាយប្រហារទៅលើអាមេរិក វិញ ដោយអាមេរិកបាញ់មីស៊ីលសម្លាប់ មេទ័ពអ៊ីរ៉ង់ ដោយផ្ទាល់ ។ អ្នកឯកទេសវិភាគបានលើកឡើងថា ការវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់ គ្រាន់តែជាការចាប់ផ្តើម និងជាអន្ទាក់របស់អាមេរិក បើអ៊ីរ៉ង់ ហានលោត​វាយបកទៅលើទាហានអាមេរិកវិញនោះសង្គ្រាមវាយប្រហារទ្រង់ទ្រាយធំរបស់អាមេរិកទៅលើអ៊ីរ៉ង់ នឹងកើតឡើងជាមិនខានឡើយ​ ។

កតាមួយទៀតគឺជានយោបាយរបស់លោកត្រាំ ដើម្បីបន្តដឹកនាំអាមេរិក បន្ថែមមួយអណត្តិទៀត ប្រសិនបើលោកជាប់រវល់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះ​ ។ នយោបាយរបស់លោកត្រាំគឺបានគិតគូតាំងពីពេលលោកឡើងកាន់តំណែង ហើយដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ ដោយបង្កើនទណ្ឌកម្ម ទៅលើប្រទេសនេះ ។ ​ ចំណុចទាំងនោះហើយ បានជាក្រុមអ្នកឯកទេសវិភាគលើកឡើងថា ឆ្នាំ​២០២០ គឺជាឆ្នាំដែលអាមេរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ៕

 


ចែករំលែក៖