ខេត្តកំពង់ស្ពឺ៖ ជនជាប់ចោទចំនួន១៤នាក់ ដែលជាមុខសញ្ញាចោរលួច ឆក់ និងប្លន់ ក្នុងទីរួមខេត្តកំពង់ស្ពឺនាពេលកន្លងមក បច្ចុប្បន្ននេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្ត សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ ។
យោងតាមប្រភពព័ត៍មានពីលោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមជនសង្ស័យទាំង១៤នាក់ ជាមុខសញ្ញាចោរលួច ឆក់ ប្លន់ យ៉ាងសកម្មក្នុងខេត្តកំពង់ស្ពឺ ហើយត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ដែលមានទីតាំង៤កន្លែងផ្សេងៗគ្នា ព្រមទាំងដកហូតម៉ូតូសរុប៨គ្រឿង និងសាកសួររហូតបញ្ចប់នីតិវិធី ហើយបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
លោក នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបន្តថា ជនសង្ស័យទាំង១៤នាក់ដែលត្រូវឃុំខ្លួនខាងលើនេះ ១.ឈ្មោះរ៉នរតនាភេទប្រុសអាយុ២៩ឆ្នាំ២.ឈ្មោះ ប៊ុត ធានី ភេទប្រុសអាយុ២០ឆ្នាំ៣.ឈ្មោះ សឿន ច័ន្ទរិត ភេទប្រុសអាយុ១៨ឆ្នាំ៤.ឈ្មោះ គង់ វង់ឡាយ ភេទប្រុសអាយុ១៦ឆ្នាំ ។ ៥.ឈ្មោះ កែល ដែន ភេទប្រុសអាយុ១៥ឆ្នាំ ។ ៦.ឈ្មោះ យី ទិ ហៅ តិ ភេទប្រុសអាយុ២០ឆ្នាំ ។ ៧.ឈ្មោះ លី ស៊ុនលី ភេទប្រុសអាយុ១៩ឆ្នាំ ។ ៨.ឈ្មោះ វង់ ស៊ីថា ភេទប្រុសអាយុ១៨ឆ្នាំ ។ ៩.ឈ្មោះ អៀង បូរី ភេទប្រុសអាយុ២០ឆ្នាំ ។ ១០.ឈ្មោះ ចាន់ មាលា ភេទប្រុសអាយុ១៧ឆ្នាំ ។ ១១.ឈ្មោះទន សម្បិត្ត ភេទប្រុសអាយុ១៨ឆ្នាំ ។ ១២.នួន ធី ភេទប្រុសអាយុ១៥ឆ្នាំ ។ ១៣.ឈ្មោះ ផៃ ចាន់ដារ៉ា ភេទប្រុសអាយុ១៦ឆ្នាំ និង១៤ឈ្មោះ ទន់ ប្រាក់សម្បិត្តហៅទូភេទប្រុសអាយុ១៩ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ខាងលើនេះ ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បញ្ជូនទៅឃុំខ្លួនដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ៕ សតារា