សារព័ត៌មាន TASS របស់អ៊ីរ៉ង់បានផ្សាយថា ការវាយប្រហារ ពីរលើក ទៅលើទីតាំងយោធាអាមេរិកនៅព្រឹកថ្ងៃទី៨ ខែមករានេះ ដោយមានមីស៊ីល២២គ្រប់វាយចំគោលដៅ បំផ្លាញយន្តហោះចម្បាំងអាមេរិក ជាច្រើនគ្រឿង និងសម្លាប់ទាហានអាមេរិកជាង៨០នាក់។
កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បញ្ជាក់ថា មានទាហានអាមេរិកជាង៨០នាក់ស្លាប់ និងរបួសជាង២០០នាក់។ក្រៅពីនេះមានយន្តហោះចម្បាំងជាច្រើនគ្រឿងរងការបំផ្លាញ នៅក្នុងទីតាំងយោធា Ayn al-Asadស្ថិតនៅក្នុងខេត្ត Anbar ប្រទេសអ៊ីរ៉ាក់។
កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ប្រកាសថា បើទោះបីប្រព័ន្ធការពារមីស៊ីលដែនអាកាសអាមេរិក ការពារយ៉ាងតឹងតែងក្តី ក៏មិនអាចទប់ស្កាត់ការវាយប្រហារ ពីអ៊ីរ៉ង់នោះដែរ។ ទីតាំងយោធា Ayn al-Asad គឺធំលំដាប់ទីពីរ នៅក្នុងទឹកដីអ៊ីរ៉ាក់។
បើសង្គ្រាមទ្រង់ទ្រាយធំ ឈានចូលដល់ក្នុងប្រទេសអ៊ីរ៉ង់នោះ នឹងមានប្រទេសជាច្រើន ត្រូវ អូសចូលក្នុងសង្គ្រាមដោយស្វ័យប្រវត្តិ ។ តើប្រទេសណាខ្លះដែលត្រូវអូសចូលក្នុងសង្គ្រាម?
ប្រទេសទី១ គឺអង់គ្លេស៖ អាមេរិកនិងអង់គ្លេស បានកៀកស្មាគ្នានៅក្នុងសង្គ្រាមជាច្រើន នាពេលកន្លងមក ហើយពេលថ្មីៗនេះអង់គ្លេសបានបញ្ជូននាវាមុជទឹក ដើរដោយថាមពលបរមាណូ បំពាក់មីស៊ីលឆ្លងទ្វីបទៅតំបន់សមុទ្រជិតអ៊ីរ៉ង់ ត្រៀមវាយប្រហារអ៊ីរ៉ង់។ ក្រៅពីនេះអង់គ្លេសក៏បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងផងដែរ។
ប្រទេសទី២ គឺអ៊ីស្រាអែល៖ អ៊ីស្រាអែលនឹងអ៊ីរ៉ង់បានគំរាមគ្នាជាច្រើនលើកច្រើនសារ ពីការកម្ទេចគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ អាមេរិកជាសម្ពន្ធមិត្តជិតស្និទបំផុតរបស់អ៊ីស្រាអែលដូច្នេះអ៊ីស្រាអែលប្រាកដជា ចូលរួមវាយប្រហារអ៊ីរ៉ង់ជាមិនខាន។ ពេលនេះអ៊ីស្រាអែល ក៏បានត្រៀមលក្ខណរួចរាល់។
ប្រទេសទី៣ គឺអ៊ីរ៉ាក់៖ ប្រទេសនេះបើទោះបីចង់មិនចង់ ក៏បានគួចចូលក្នុងសង្គ្រាមរួចជាស្រេច ដោយអាមេរិក បានវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់នៅលើទឹកដីអ៊ីរ៉ាក់ ។ ពេលនេះអ៊ីរ៉ង់ ក៏បានវាយប្រហារទីតាំងអាមេរិក ក្នុងទឹកដីអ៊ីរ៉ាក់ដូចគ្នា។ អាចនិយាយបានថា អ៊ីរ៉ាក់បានក្លាយទៅជាសង្វៀន ប្រយុទ្ធបង្ហូរឈាមរវាងអាមេរិកនិងអ៊ីរ៉ង់។
ប្រទេសទី៤ គឺ អារ៉ាប៊ី សាអូឌីត៖ ជាសម្ពន្ធមិត្តសំខាន់បំផុតរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ជាសត្រូវ ប្រវត្តិសាស្រ្តរបស់អ៊ីរ៉ង់នោះដែរ ។ បច្ចុប្បន្ន អ៊ីរ៉ង់និង អារ៉ាប៊ី សាអូឌីត បានធ្វើសង្គ្រាមដោយប្រយោល ជាយូណាស់មកហើយ ដោយអ៊ីរ៉ង់គាំទ្រ ក្រុមហ៊ូធី ចំណែកអារ៉ាប៊ី គាំទ្រ ទាហានរដ្ឋាភិបាលយេមែន។
ប្រទេស ទី៥គឺ រុស្ស៊ី៖ នៅពេលបច្ចុប្បន្នរុស្ស៊ី មិនទាន់ត្រូវគួចចូលក្នុងសង្គ្រាម អាមេរិក អ៊ីរ៉ង់នោះឡើយ ដោយរុស្ស៊ីជួយដល់អ៊ីរ៉ង់ដោយប្រយោល តាមរយៈប្រទេសស៊ីរី ផ្គត់ផ្គង់អាវុធឲ្យអ៊ីរ៉ង់ជាដើម។ ទាំងនោះហើយបានជាលោកពូទីនទស្សនកិច្ចទៅកាន់ស៊ីរីដោយគ្មានការព្រាងទុកជាមុន។ ប្រសិនបើរុស្ស៊ីបោះបង់ស៊ីរីនោះ គោលនយោបាយទាំងឡាយរបស់រុស្ស៊ីនៅមជ្ឈិមបូព៌ា ត្រូវរលាយ។
ប្រទេសទី៦ គឺតួកគី ៖ ប្រទេសនេះមានផលប្រយោជន៍រួមជាមួយអ៊ីរ៉ង់ជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា ហើយតួកគី ក៏នឹងត្រូវអូសចូលនៅក្នុងសង្គ្រាមនោះផងដែរ ៕