ខេត្តកំពត៖ ប្រៀបបានដូចជា ចំណេះជិះកឯង ដែលបុរសម្នាក់បានចាកចេញពីផ្ទះទៅស្រែដើម្បីដុតជញ្ជ្រាំងស្រូវរដូវស្ងួតហួតហែង បណ្តាលឲ្យដួកស្លាប់ក្នុងស្រែតែឯងដោយគ្មានអ្នកណាជួយទាន់ឡើយ ហើយការស្លាប់នេះមិនត្រូវបានគេដឹងពីមូលហេតុអ្វីឡើយ ដោយខ្លះនិយាយថាខ្យល់គរ ឯខ្លះទៀតនិយាយថា បណ្តាលមកពីឈ្លក់ផ្សែងភ្លើងដុតជញ្រ្ជាំង(គ្មានអុកស៊ីហ្សែន)ដួលក្នុងស្រែរត់មិនរួចហើយជញ្រ្ជាំងក៏ឆេះរាលដាលដល់ខ្លួនឯងស្លាប់តែម្តង ។
ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃ អង្គារ ១៣ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ៧ ខែ មករា ឆ្នាំ២០២០ នៅចំណុចភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ។
មន្ត្រីនគរបាល ស្រុកជុំគិរី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ថន ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ។មុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះទៅស្រែដើម្បីដុតជញ្ជ្រាំងស្រូវក្នុងចម្ងាយជាង២០០ម៉ែត្រពីផ្ទះ ។ គ្រាដែលដែលដុតជញ្ជ្រាំងស្រូវរួចហើយ ធ្វើឲ្យមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅឆ្លងពីស្រែមួយទៅស្រែមួយព្រោះរដូវនេះជារដូវរាំងស្ងួត តែមិនដឹងរឿងហេតុអីស្រាប់តែគេឃើញជនរងគ្រោះដួលក្នុងស្រែបណ្តាលឲ្យភ្លើងឆេះស្លាប់តែម្តង ។ ក្នុងករណីនេះធ្វើឲ្យមានការសន្និ ដ្ឋានខុសគ្នាដោយខ្លះនិយាយថាជនរងគ្រោះខ្យល់គរ ឯខ្លះទៀតនិយាយថា បណ្តាលមកពីឈ្លក់ផ្សែងភ្លើងដុតជញ្រ្ជាំង(គ្មានអុកស៊ីហ្សែន)ដួលក្នុងស្រែរត់មិនរួចហើយជញ្រ្ជាំងក៏ឆេះរាលដាលដល់ខ្លួនឯងស្លាប់។
យ៉ាងណាក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងនិងមិនទាន់សន្និដ្ឋានជាផ្លូវការពីមូលហេតុនៅឡើយទេ ដោយអះអាងថា កំពុងស្រាវជ្រាវបន្ត។ ក្រោយមកសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា