នៅថ្ងៃទី៨ ខែមករា ជាថ្ងៃប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់ ដែល បាញ់ប្រហារដោយមីស៊ីលជាង២០គ្រាប់ទៅលើទីតាំងយោធាពីរកន្លែងនៅអាមេរិក។ ក្នុងថ្ងៃជាមួយគ្នានោះ ក៏មានគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន នៅលើទឹកដីអ៊ីរ៉ង់ សម្លាប់មនុស្ស ១៧៦នាក់។ ព្រមគ្នានោះដែរ ក៏មានគ្រោះរញ្ជួយដី ពីរលើកផ្ទួនៗគ្នាទៀតផង។ ប៉ុន្តែជាសំណាងប្រសិនបើអាមេរិកវាយបកវិញទៅលើអ៊ីរ៉ង់នោះ ពលរដ្ឋនឹងធ្លាក់ក្នុងស្ថានភាពច្របូលច្របល់ មានអ្នកស្លាប់ កាន់តែច្រើន។
ហេតុការណ៍រញ្ជួយដីចំនួន២ លើកបានកើតឡើងនៅក្បែររោងចក្របរមាណូ មួយកន្លែង ស្ថិតនៅភាគនិរតីរបស់ប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ គឺកើតឡើងប្រហែលជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការរញ្ជួយដីមួយផ្សេងទៀត បានកើតឡើងនៅក្នុងតំបន់នោះ។
យោងតាមក្រុមស្រាវជ្រាវអំពីភូគព្ភសាស្ត្រអាមេរិក(USGS) បានបញ្ជាក់ថា ការរញ្ជួយដីលើកទី១ មានទំហំ៤.៩រ៉ិចទ័រ បានកើតឡើងនៅមុនម៉ោង៩.០០ព្រឹក ម៉ោងក្នុងស្រុក ស្ថិតនៅក្នុងខេត្ត Bushehrរបស់អ៊ីរ៉ង់ ហើយប្រមាណ៣០ នាទីក្រោយមកទៀត ស្រាប់តែមានការរញ្ជួយដីលើកទី២ ទំហំ៤.៥រិចទ័របានកើតឡើងនៅខេត្តដដែលនោះ ដែលលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់នោះ។
ប្រភពឲ្យដឹងថាចំណុចកណ្តាលការរញ្ជួយដីពេលនេះ ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីទីក្រុង Borazjan នៅចម្ងាយខ្លីប៉ុណ្ណោះពីរោងចក្របរមាណូ Bushehrរបស់ប្រទេសអ៊ីរ៉ង់ ។ ការរញ្ជួយដីមួយទៀតទំហំ៥.១រ៉ិចទ័រ បានកើតឡើងនៅក្នុងតំបន់ដដែលនេះ កាលពីតិចជាងពីរសប្តាហ៍មុន ។
នៅក្នុងថ្ងៃដ៏គួរឲ្យកត់សម្គាល់មួយសម្រាប់ប្រទេសអ៊ីរ៉ង់ ការរញ្ជួយដីទាំងពីរលើកនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បាន បាញ់មីស៊ីល២២គ្រាប់ ទៅលើមូលដ្ឋានយោធាអាមេរិក២កន្លែងកន្លែងនៅលើទឹកដីអ៊ីរ៉ាក់ ដើម្បីសងសឹកចំពោះការសម្លាប់របស់អាមេរិកមកលើឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា ការរញ្ជួយដីមិនមែនជារឿងចម្លែកសម្រាប់អ៊ីរ៉ង់នោះទេ ។ អ៊ីរ៉ង់ធ្លាប់រងគ្រោះដោយការរញ្ជួយដីញឹកញាប់ ជាក់ស្តែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ យ៉ាងហោចណាស់មនុស្ស ៥ នាក់ បានស្លាប់ និង ៣៣០ នាក់ផ្សេងទៀត បានរងរបួស ដោយសារការរញ្ជួយដីកម្រិត ៥.៩ រិចទ័រ បានវាយប្រហារភាគពាយព្យអ៊ីរ៉ង់ ។ការរញ្ជួយដីដែលបានកើតឡើងនៅជិតព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្លាប់មនុស្សយ៉ាងតិច៤៥២នាក់៕