ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋហ្វីលីពីនជាច្រើន ត្រូវជម្លៀសចេញពីផ្ទះក្រោយភ្នំភ្លើង​ កម្រើកខ្លួន

ចែករំលែក៖

ជើងហោះហើរជាច្រើនត្រូវបានបង្វែរទិសដៅហោះហើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់កើតឡើងជាយថាហេតុ​ ក្នុងពេលដែលភ្នំភ្លើង​ក្នុងប្រទេសហ្វីលីពីន​បានកម្រើកខ្លួន​។ ក្រៅពីនេះពលរដ្ឋរស់នៅជិតភ្នំភ្លើងក៏បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។

ភ្នំភ្លើងឈ្មោះថា Taal ដែលស្ថិតនៅភាគខាងត្បូង​ទីក្រុង​ម៉ានីល បាន​​ភ្ញាក់កម្រើកខ្លួនតែបន្តិច ប៉ុន្តែ​ធ្វើឲ្យមនុស្សរាប់ពាន់នាក់​រស់នៅក្បែរខាងនោះ​ភៀសខ្លួន ព្រមទាំង​ផ្អាក​ជើងហោះហើរ​ឆ្លងកាត់​លើតំបន់នេះ​ទាំងស្រុង ។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ភ្នំភ្លើង​ដ៏ទាក់ទាញ​ភ្ញៀវទេសចរណ៍​នៅក្នុងប្រទេសហ្វីលីពីននេះ ​បានកម្រើកខ្លួន ព្រួស​កម្អែផែះ និងផ្សែង​ខ្មួលខ្មាញ់​ទៅលើ​លំហរ​អាកាស​កាលពីវេលាព្រឹកព្រលឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។ អាជ្ញាធរ​ជំនាញ​បានលើកឡើងថា វាអាចនឹងផ្ទុះខ្លាំង​នៅប៉ុន្មានម៉ោងបន្ទាប់​នៅក្នុងថ្ងៃ​នេះ ហើយជាមូលហេតុ​ត្រូវតែជម្លៀសខ្លួនប្រជាជនជាង២ពាន់នាក់នៅក្បែរខាងភ្នំភ្លើង Taal នេះ​ទៅរកទីកន្លែងមានសុវត្ថិភាព​ ដើម្បីបង្ការគ្រោះថ្នាក់​ឲ្យបានមុន ។

មុនដំបូងអាជ្ញាធរ​ប្រកាសផ្អាកជាបណ្តោះអាសន្នប្រតិបត្តិការជើងហោះហើរ​ ទាំងទៅ និងត្រឡប់​មកវិញ​ នៅអាកាសយានដ្ឋាន​ NAIA ប៉ុន្តែក្រោយមក បានប្រកាស​ផ្អាកទាំងស្រុង​រហូតទាល់តែមានកំណត់បង្ហាញជូនដំណឹង​ចុងក្រោយបន្ថែមទៀត ។

គួររំលឹកថា ភ្នំភ្លើង​ចម្ងាយប្រហែល​៦៥គីឡូម៉ែត្រ​​ ភាគខាងត្បូងទីក្រុងម៉ានីលនេះ ជាភ្នំភ្លើងរស់​ និងសកម្មជាងគេ ។ ភ្នំភ្លើង​Taal បាន​ផ្ទុះ​ចុងក្រោយ​នៅក្នុងឆ្នាំ១៩៧៧ ។ គួរបញ្ជាក់ដែរថា ភ្នំភ្លើង​ផ្ទុះ​ដ៏សាហាវ​សម្លាប់មនុស្ស​នៅហ្វីលីពីន​គឺភ្នំភ្លើង Mount Pinatubo ចម្ងាយប្រហែល​១០០គីឡូម៉ែត្រ​ភាគពាយព្យ​ទីក្រុងម៉ានីល សម្លាប់​មនុស្ស​អស់ជាង៨០០នាក់​កាលពីឆ្នាំ១៩៩១ ៕


ចែករំលែក៖