ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង ម៉ៅ ហាជី និងបាន មុនីល័ក្ខ បានតំណែងតួឯកក្នុងរឿង “ព្រហ្មលិខិតដុះស្លាប”

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងលេចមុខច្រៀងក្នុងផលិតកម្មថោនមិនបានមួយឆ្នាំផង តារាចម្រៀង បាន មុនីល័ក្ខ និងលោក ម៉ៅ ហាជី ទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគលើកដំបូងក្នុងអាជីបសិល្បៈ គឺរឿង ព្រហ្មលិខិតដុះស្លាប ។ តំណែងតួឯកនេះ ក៏ក្រោយពេលដែលអ្នកនិពន្ធ និងដឹកនាំផលិតភាពយន្តនេះប្រាប់ថា ជាភាពយន្តភាគមួយដែលប្លែកទាំងសាច់រឿង និងការតុបតែងខ្លួន ។

ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២០ ក្នុងកម្មវិធីក្រុងពាលីប្រកាសចេញថតភាពយន្តនេះក្រោមវត្តមានផលិតករ សិល្បករជាច្រើនរូបចូលរួម។ ក្រៅពីតារាចម្រៀងម៉ៅ ហាជី និងបានមុនីល័ក្ខភាពយន្តនេះ ក៏នឹងចូលរួមសម្តែងដោយតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនក្នុងផលិតកម្មនេះ មានដូចជា អ្នកនាង ចេន សាយចៃ អ្នកនាង កាតុ លោក រ៉ូលីន លោក សៅ ឧត្តម អ្នកនាង ឆៃ លីដាឡែន លោក សាវិនហ្វីលីប កញ្ញា ញឹម ចាន់ថន និងសិល្បករជាច្រើនរូបទៀត។

អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្ម ថោន លោក សោម ដូរ៉េ បានបញ្ជាក់ថា ភាពយន្តនេះត្រូវបានសម្រិតសម្រាំងនិពន្ធជាយូ មកហើយមុនពេលចាប់ផ្តើមផលិតនៅពេលនេះ។ លោកបញ្ជាក់ថា ប្រមូលផ្តុំដោយសិល្បករប្រុសស្រីល្បីឈ្មោះ អមដោយសាច់រឿងប្លែកលាយឡំកំប្លែង និងការតុបតែងខ្លួនបែបប្លែក អមដោយបច្ចេកទេសផលិតថ្មី គឺជាក្តីរំពឹងថា នឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។

ថ្លែងស្រដៀងគ្នានេះដែរ អ្នកដឹកនាំសម្តែង លោក លី ម៉េង បានបញ្ជាក់ថាជាភាពយន្តមានគោលដៅបង្កើតភាពយន្តដែលមានរសជាតិថ្មីប្លែកនេះនឹងប្រមូលដោយតារាសម្តែងតារាចម្រៀងល្បីឈ្មោះ។ លោកថា ភាពយន្តនេះនឹងត្រូវចំណាយការផលិតប្រមាណ២ខែ ហើយក៏នឹងចាប់ផ្តើមចាក់បញ្ចាំងជាបណ្តើរៗក្នុងពេលដ៏ខ្លីខាងមុខដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

អមដោយអារម្មណ៍រំភើប និងពេញចិត្តដំណែងថ្មីទើបទទួលបាន លោក ម៉ៅ ហាជី និងកញ្ញា បាន មុនីល័ក្ខ បានលើកឡើងដូចគ្នាថា ពួកគេសប្បាយចិត្តហើយពិតជាភ្ញាក់ផ្អើលក្រោយបានអានសាច់រឿង។ អ្វីដែលសំខាន់គឺអ្នកទាំងពីកំពុងខិតខំប្រឹងប្រែងសម្តែងឲ្យបានល្អដើម្បីជាកាដូជូនដល់អ្នកគាំទ្រ៕ វឌ្ឍនា


ចែករំលែក៖