ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញចុះពិនិត្យទំនិញខូចគុណភាព និងការបិទស្លាកថ្លៃជាប្រាក់រៀល នៅតាមបណ្តាម៉ាត ហាងលក់ទំនិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជំនាញកាំកុងត្រូល សាខាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញពាណិជ្ជកម្ម បន្តចុះពិនិត្យរកមើលទំនិញខូចគុណភាព និងពិនិត្យការបិទស្លាកតម្លៃជាប្រាក់រៀល នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តាម៉ាត និងហាងលក់ទំនិញ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីពង្រឹងគុណភាពចំណីអាហារ ការពារសុខុមាភាពអ្នកទទួលទាន និងលើកកម្ពស់ប្រាក់រៀលខ្មែរ មន្ត្រីជំនាញកាំកុងត្រូល សហការជាមួយមន្ត្រីពាណិជ្ជកម្ម ចុះមកពិនិត្យ និងអប់រំណែនាំ ដើម្បីតឿនរំលឹកដល់ពាណិជ្ជករ អាជីវករ និងសេវាករទាំងអស់ ជាពិសេសស្រុក/ក្រុងមួយចំនួនដែលជាប់ជាយដែនថៃ ត្រូវតែបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរ ។

លោក សាន វិជ្ជាសារ៉ាវុធ បន្តថា លើកលែងតែក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty Free) ដែលមានការអនុញ្ញាតដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវបិទស្លាកថ្លៃជារូបិយប័ណ្ណ បរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្មទាំងនោះ ត្រូវមកសុំការអនុញ្ញាតពីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដែលមានទីតាំងអាជីវកម្ម សេវាកម្ម ស្ថិតនៅ ។

ការចុះត្រួតពិនិត្យរបស់ក្រុមមន្ត្រីជំនាញនៅរសៀលនេះ គេសង្កេតឃើញថា ការបិទស្លាកថ្លៃជារូបិយប័ណ្ណប្រាក់រៀលខ្មែរ លើមុខទំនិញនៅតាមហាង ម៉ាត និងតូប របស់អាជីវករ ពាណិជ្ជករ និងសេវាករ ឃើញថា បានល្អប្រសើរឡើង និងរកឃើញទំនិញខូចគុណភាពដោយហួសកាលបរិច្ឆេទប្រើប្រាស់ ជាង១០មុខ ទំងន់ជាង៣០គីឡូក្រាម ប្រភេទ ទឹកដោះគោ នំកញ្ចប់ ភេសជ្ជៈ ដោយសារម្ចាស់អាជីវកម្ម មានការធ្វេសប្រហែស មិនបានរៀបចំមុខទំនិញតាមលំដាប់លំដោយឲ្យបានត្រឹមត្រូវ ៕ វណ្ណា


ចែករំលែក៖