ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងបុគ្គលល្អ រវាងលោកត្រាំ​ និងគីម ជុងអ៊ុន មិនទាន់គ្រប់គ្រាន់ដើម្បីបន្តពិភាក្សា​នោះឡើយ

ចែករំលែក៖

ទោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានទំនាក់ទំនងល្អប្រសើរ នឹងគ្នាក្តី​ តែមិនទាន់គ្រប់គ្រាន់ដើម្បី ជំរុញកិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូ​ កូរ៉េខាងជើង នោះ ទេ ដោយសារតែអាមេរិក បានធ្វើឲ្យកូរ៉េខាងជើង បាត់បង់ទំនុកចិត្ត។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើ​អាមេរិកព្រមពិភាក្សា នៅ​ចុងឆ្នាំ​២០១៩ តាម​សំណើរបស់កូរ៉េខាងជើង នោះស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរ នឹងល្អប្រសើរយ៉ាងខ្លាំង ។

នៅពេលនេះ​រដ្ឋបាល​លោកដូណាល់ ត្រាំ ទាក់ទង​ទៅកូរ៉េខាងជើង​ ដើម្បីភ្ជាប់កិច្ចពិភាក្សា​​ឡើងវិញ។ ​ សហរដ្ឋអាមេរិក​មានបំណង​ចង់បន្ត​កិច្ចពិភាក្សា​អំពី​បញ្ហា​រំសាយអាវុធនុយក្លេអ៊ែរឡើងវិញ ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់សេតវិមាន​លោក Robert O’ Brien បានថ្លែង​ប្រាប់ប្រភព Axios​ផ្សាយថា «យើងបានទាក់ទង​ទៅ​កូរ៉េខាងជើង និងដើម្បីឲ្យពួកគេដឹងថា យើងអាច​បន្ត​កិច្ចពិភាក្សា​គ្នា​នៅទីក្រុង Stockholm ជាទីកន្លែង​ដែល​ចរចា​ចុងក្រោយ​បានធ្វើឡើង​កាលពីដើមខែតុលា ឆ្នាំ២០១៩​កន្លងទៅនោះ»។

លោកទីប្រឹក្សា​សន្តិសុខជាតិអាមេរិក O’Brien ក៏បានសម្តែងអំពីសុទិដ្ឋិនិយម​ចំពោះ​ធាតុពិត​ដែលថា ទីក្រុងព្យុងយ៉ាង​មិនបានប្រគល់ជូនអំណោយ​បុណ្យគ្រីស្ទមាស់ គឺការបាញ់សាកល្បង​មីស៊ីល​​ ដូចអ្វីដែល​មេដឹកនាំ​គីម ជុងអ៊ុន​បានសន្យា​ផ្តល់ជូន​ចំពោះសហរដ្ឋអាមេរិក ។

លោក O’Brien បានថ្លែងថា «លោក គីម បានសន្យា​ផ្ញើកាដូគ្រីស្ទមាសមួយ ។ លោកប្រធានាធិបតី​​​គិតថា គាត់​(គីមជុងអ៊ុន)​ផ្ញើ​ថូមួយឲ្យគាត់។ យើងមិនបានទទួល​ថូ​​មួយ ឬកាដូ​គ្រីស្ទមាស់​ណាមួយទេ ។ នេះហាក់ដូចជា​​ជំហរវិជ្ជមានមួយ» ៕


ចែករំលែក៖