ពលរដ្ឋអ៊ីរ៉ង់ខឹងសម្បារយ៉ាងខ្លាំង ហើយបានធ្វើបាតុកម្មនៅគ្រប់ទិសទីប្រឆាំងរដ្ឋាភិបាល និងយោធា ដែលខ្វះការទទួលខុសត្រូវ ក្រោយបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ។
ក្រៅពីនេះ សម្ពាធពីសហគមន៍អន្តរជាតិ កាន់តែខ្លាំងទៅលើអ៊ីរ៉ង់ ។កាលពីថ្ងៃទី១៣ ខែមករា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Vadym Prystaiko បានប្រកាសថាប្រទេសចំនួន៥ ដែលមានពលរដ្ឋស្លាប់នៅក្នុង ការបាញ់ប្រហារច្រឡំពីកម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ទៅលើយន្តហោះដឹកអ្នកដំណើរ កាលពីថ្ងៃទី៨ខែមករា នឹងជួបប្រចុំនៅទីក្រុងឡុងដុងប្រទេសអង់គ្លេស។ ជំនួបពិភាក្សាគ្នានោះដើម្បីស្វែងរកដំណោះស្រាយទៅតាមផ្លូវច្បាប់ ក៏ដូចជាសំណងដែលអ៊ីរ៉ង់ត្រូវសង។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ប្រទេសចំនួន៥ ដែល ពលរដ្ឋស្លាប់ នៅក្នុងហេតុការណ៍ខាងលើ មាន ប្រទេសអ៊ុយក្រែន កាណាដា ស៊ុយអែត អាហ្វហ្គានីស្ថាន និងប្រទេសទី៥ ដែលលោកមិនបញ្ចេញឈ្មោះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបញ្ចាក់ថា មតិដែលបានលើកឡើងថា យន្តហើដឹកអ្នកដំណើរ បានហោះ នៅជិតតំបន់ដែលកំពុងតែតានតឹង ពេលអ៊ីរ៉ង់បាញ់ប្រហារទៅលើទីតាំងយោធាអាមេរិក។
ការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ គឺជាវិបត្តិយ៉ាងធំបំផុតរបស់កម្លាំងទាហាន អ៊ីរ៉ង់ ដោយក្នុងពេលតែមួយរដ្ឋាភិបាល និងយោធាអ៊ីរ៉ង់ រងការវាយប្រហារ ដាក់គំនាប់ពីពលរដ្ឋនៅក្នុងប្រទេសនិងសហគមន៍អន្តរជាតិ។ អ្វីដែលគួឲ្យបារម្ភបំផុត គឺពលរដ្ឋក្នុងប្រទេសបានផ្ទុះកំហឹង ប្រឆាំងនិងរដ្ឋាភិបាល អាចធ្វើឲ្យអ៊ីរ៉ង់រស់នៅមិនបានស្ងប់ឡើយ ក្នុងឆ្នាំ២០២០នេះ៕