ដោយយកហេតុផល ការពាររាល់នាវាដឹកទំនិញរបស់ខ្លួនដែលឆ្លងកាត់ដែនសមុទ្រ មេឌីទែរ៉ាណេ សមុទ្រ ពែក្ស ក៏ដូចជាច្រកសមុទ្រ Hormuz ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់ទីនោះការពារនាវាដឹកទំនិញឆ្លងកាត់ ។ តែគោលដៅពិតរបស់អាមេរិកគឺ ឡោមព័ទ្ធប្រទេសអ៊ីរ៉ង់ ទៅវិញទេ។ ចំណុចទាំងនោះ បានជាអាមេរិក បង្ខំឲ្យសម្ពន្ធមិត្តនៅអឺរ៉ូប និងអាស៊ី មានកូរ៉េខាងជើង ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ជាដើម។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ អូស្ត្រាលីបានសម្រេចបញ្ជូននាវាចម្បាំង ប្រភេទAnzac HMAS Toowoom ទៅកាន់តំបន់សមុទ្រ Hormuz ដើម្បីបំពេញភារកិច្ចការពារនាវាដឹកទំនិញ ក្នុងរយៈពេល ៦ខែ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ កាន់តែតានតឹង ។
រដ្ឋមន្ត្រីក្រសួង ការពារជាតិអូស្ត្រាលីលោកស្រី Linda Reynolds បានបញ្ជាក់ថា ការសម្រេចបញ្ជូននាវាចម្បាំងទៅការពារនៅទីនោះ គឺដើម្បីធានាដល់សន្តិសុខសេរីភាពចរាចរណ៍ដែនសមុទ្រ Hormuz ក៏ដូចជាប្រឆាំងចោរសមុទ្រ ទប់ស្កាត់ជួញដូរគ្រឿងញៀន និងភេរវកម្ម។ ក្រុមនាវឹកនឹងទទួលបានការហ្វឹកហាត់ ជាពិសេស ដើម្បីបំពេញភារកិច្ចខាងលើ។ លោកស្រីបន្តទៀតថាអូស្ត្រាលី នឹងវាយតម្លៃស្ថានភាពឲ្យបានច្បាស់ដើម្បីផ្តល់ភារកិច្ច ដល់នាវាចម្បាំងខាងលើ បំពេញការងារបានល្អំបំផុត។
លោកស្រី Linda Reynolds បានបន្តទៀតថា« ចំនួនប្រេងរបស់យើង បានឆ្លងកាត់តំបន់សមុទ្រនោះ។ដូច្នេះយើងចាំបាច់ត្រូវតែរក្សាសន្តិសុខនៅក្នុងតំបន់សមុទ្រ Hormuz ការពារនាវាដឹកទំនិញរបស់យើង »។
សកម្មភាពរបស់អូស្ត្រាលី កើតឡើង ក្រោយពេលមានប្រទេសជាច្រើន បញ្ជូននាវាចម្បាំងរបស់ខ្លួនទៅការពារនាវាដឹកទំនិញ នៅតំបន់សមុទ្រ មជ្ឈិមបូព៌ា ចំពេលអាមេរិក និងអ៊ីរ៉ង់ កំពុងប្រឈមមុខតានតឹងដាក់គ្នា។ កាលពីសប្តាហ៍កន្លងមក អ៊ីរ៉ង់បានវាយប្រហារទីតាំងអាមេរិក ពីរកន្លែងសងសឹក ដល់អាមេរិកដែលបានបាញ់សម្លាប់មេទ័ព Soleimani ។ ភាពតានតឹងកាន់តែខ្លាំងឡើងក្រោយពេល ទាហានអ៊ីរ៉ង់ បាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ១៧៦នាក់ ក្នុងនោះមានជនជាតិអ៊ីរ៉ង់៨២ នាក់ធ្វើឲ្យពលរដ្ឋអ៊ីរ៉ង់ ក្រោកឡើងប្រឆាំងរដ្ឋាភិបាល។
អាចនិយាយបានថាបច្ចុប្បន្ន អ៊ីរ៉ង់ ប្រឈមនឹងបញ្ហាអាក្រក់បំផុត មិនធ្លាប់មានចាប់តាំង ពីបដិវត្តន៍ឆ្នាំ១៩៧៩ មកទល់ពេលនេះ ដោយរដ្ឋាភិបាលអ៊ីរ៉ង់ និងយោធា រងការវាយប្រហារទាំង ក្នុងប្រទេសនិងក្រៅប្រទេស។
កន្លងមក ថ្មីៗ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kono Taro បានប្រកាសថា នាវាចម្បាំង Nakamiti រួមជាមួយយន្តហោះយាមល្បាតនៅលើដែនសមុទ្រប្រភេទ Lockheed P-3 Orion បានបញ្ជូនទៅកាន់តំបន់សមុទ្រ ស្ថិតនៅឈូងសមុទ្រអូម៉ង់ និងដែនសមុទ្រអារ៉ាប់។
សារព័ត៌មាន RIA Novosti បានផ្សាយថា ដោយសារតែមានទំនាក់ទំនងមិត្តភាព រវាងជប៉ុន និងអ៊ីរ៉ង់ល្អប្រសើរ នាវាចម្បាំងជប៉ុនយាមល្បាតមានដែនកំណត់ នៅក្នុងឈូងសមុទ្រអូម៉ង់ និងតំបន់សមុទ្រភាគខាងជើង អារ៉ាប់ និងឈូងសមុទ្រ Bab el Mandeb ដោយមិនចូលទៅក្បែរដេនសមុទ្រអ៊ីរ៉ង់ នោះឡើយ។ បើតាមគម្រោងនាវាចម្បាំង Lockheed P-3 Orion នឹងទៅដល់គោលដៅនៅទីតាំងយោធា Djibouti នៅថ្ងៃទី១១ ខែមករានេះ ហើយការបំពេញភារកិច្ចត្រូវបានចាប់ផ្តើមឡើង នៅថ្ងៃទី២០ ខែកមករា ឆ្នាំ២០២០នេះ។ យន្តហោះយាមល្បាតរបស់ជប៉ុន នឹងប្រមូលព័ត៌មាន យាមល្បាត ប្រឆាំងនឹងក្រុមចោរសមុទ្រ នៅតំបន់សមុទ្រ សូម៉ាលីផងដែរ ។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រកាសឲ្យដឹងថា នាវាចម្បាំង Kakamichi នឹងចាកចេញពីប្រទេសជប៉ុន នៅដើមខែកុម្ភៈ ហើយចាប់ផ្តើមបំពេញបេសកកម្មនៅពាក់កណ្តាលខែកុម្ភៈ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kono បានបញ្ជាក់ថា «ការប្រឈមមុខតានតឹង នៅតំបន់មជ្ឈិមបូព៌ា កាន់តែខ្លាំងឡើង ដូច្នេះជប៉ុនចាំបាច់ត្រូវតែបង្កើនសកម្មភាពការពារ រាល់នាវាដឹកទំនិញរបស់ខ្លួនឆ្លងកាត់តំបន់សមុទ្រខាងលើ។
តាមគម្រោង នាវាចម្បាំង និងយន្តហោះចម្បាំងខាងលើ នឹងយាមល្បាត នៅទីនោះ រយៈពេល មួយឆ្នាំ ជាមួយនឹងកម្លាំងទាហាន២៦០នាក់ ដើម្បីការពារផលប្រយោជន៍របស់ជប៉ុន។ មូលនិធិសម្រាប់ការពារយាមល្បាតតំបន់សមុទ្រអូម៉ង់ នៅក្នុងឆ្នាំ២០២០ មានទឹកប្រាក់៤៣លានដុល្លារអាមេរិក។
សកម្មភាពខាងលើកើតឡើង ក្រោយពេលស្ថានការណ៍ រវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹងខ្លាំងឡើង អាចនឹងផ្ទុះសង្គ្រាម ជាទ្រង់ទ្រាយធំ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅពេលនេះ កម្លាំងទាហានអាមេរិក និងសម្ព័ន្ធមិត្ត បានត្រៀមលក្ខណៈរួចរាល់ រង់ចាំផ្ទុះអាវុធកម្ទេចអ៊ីរ៉ង់តែប៉ុណ្ណោះ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ប្រសិនបើសង្គ្រាម រវាងអាមេរិក និងអ៊ីរ៉ង់ កើតឡើងនោះ អាមេរិកនឹងប្រើប្រាស់ពេលវេលាខ្លីបំផុត សម្រាប់ធ្វើសង្គ្រាម មិនឲ្យអូសបន្លាយដូច នៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន នោះឡើយ។ ពេលនេះអាវុធទំនើបៗរបស់អាមេរិក និងសម្ព័ន្ធមិត្តបានសម្តៅទៅកាន់គោលដៅនៅលើទឹកដីអ៊ីរ៉ង់ ដោយអាចវាយប្រហារក្នុងពេលតែមួយ កម្ទេចទីតាំងអាវុធទាំងអស់របស់អ៊ីរ៉ង់ ៕