ព័ត៌មានទាន់ហេតុការណ៍៖

ថៃចាប់បានក្រុមជួញដូរគ្រឿងញៀន​៧នាក់ ជាមួយថ្នាំញៀនជាងមួយតោន

ចែករំលែក៖

កាលពីថ្ងៃទី​១៧ខែកក្កដា កម្លាំងប៉ូលិសថៃ ចាប់បានក្រុមជួញដូរគ្រឿងញៀន ៧នាក់​ ហើយរឹបអូសបានគ្រឿងញឿន​ជាង​៦សែនគ្រាប់ និងកញ្ឆាជាង​១តោន ។ ​ការចាប់ខ្លួនធ្វើឡើងនៅក្នុងខេត្ត​ ឡប បូរី(Lop Buri) ។

ប៉ូលិសថៃបានឲ្យដឹងថា មុនពេលឃាត់ខ្លួននោះ ប៉ូលិសបានរកឃើញថ្នាំញៀនមេតំហ្វេតាមីន ចំនួន៤សែនគ្រាប់ នៅលើយានយន្ដរបស់ជនសង័្សយ Rachot Prinyapas នៅលើចំណតរថយន្ដ ក្នុងខេត្ត Lop Buri ។ បន្ទាប់ពីឃាត់ខ្លួនជនសង័្សយខាងលើនេះ នាំទៅសាកសួររួចហើយ ប៉ូលិសបានបន្ដចុះទៅឃាត់ខ្លួនបក្ខពួក២នាក់បន្ថែមទៀត នៅក្នុងស្រុក Songkhla ខេត្ត Krabi ។

លោកឧត្ដមសេនីយ៍ Wissanu ស្នងការប៉ូលិសខេត្ត Krabi បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ រួមមាន ទី១-ឈ្មោះ Rachot Prinyapas ទី២-ឈ្មោះ Takae Wiboonphan និងទី៣-ឈ្មោះ Rak Khimhan ។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា ការចាប់ខ្លួនជនសង័្សយ ឈ្មោះ Takae Wiboonphan និងឈ្មោះ Rak Khimhan ប៉ូលិសក៏បានដកហូតគ្រឿងញៀនបន្ថែមទៀត ចំនួន១សែនគ្រាប់ ។ ក្រោយពេលឃាត់ខ្លួននោះ អាជ្ញាធរថៃ ក៏បានរឹបអូសទ្រព្យសម្បត្ដិរបស់ពួកគេ មានតម្លៃជាង៥លានបាត (ប្រាក់ថៃ) ដោយសង័្សយថា ទ្រព្យសម្បត្ដិទាំងនោះ បានមកពីជំនួញគ្រឿងញៀននេះ ។

លោកឧត្ដមសេនីយ៍ បានបន្ដថា នៅក្នុងប្រតិបត្ដិការលើកទី៣ ប៉ូលិសបានឃាត់ខ្លួនមនុស្ស ២នាក់ទៀត រួមមាន ឈ្មោះ Sarawut Thongthirat និង Bamrung Chantharangsi ដោយរឹបអូសបានកញ្ឆា ចំនួន ១១០០គីឡូក្រាម ផងដែរ ។ ការឃាត់ខ្លួនពួកគេនេះ បានធ្វើឡើង នៅតាមផ្លូវ Liang Muang ស្ថិតក្នុងស្រុក Muang ខេត្ត Udon Thani ។ កញ្ជាទាំងនេះ ត្រូវគេរត់ពន្ធចេញពីខេត្ត Nong Khai ឆ្ពោះទៅកាន់ខេត្តភាគខាងត្បូង ។ បន្ទាប់មក ប៉ូលិសបានឃាត់ខ្លួនមនុស្ស២នាក់បន្ដទៀត ពាក់ព័ន្ធនឹងករណីនេះ ។ ក្រោយពេលបង្ក្រាបរួច ប៉ូលិសនឹងប្រគល់កញ្ឆា និងវត្ថុតាងផ្សេងៗទៀត ទៅឲ្យក្រសួងសុខាភិបាលសាធារណៈថៃ ដើម្បីកម្ចេចចោល ៕


ចែករំលែក៖