ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងទាំងឡាយរបស់អាមេរិកនៅអ៊ីរ៉ាក់មិនមានសុវត្ថិភាព ក្រោយសម្លាប់មេទ័ពអ៊ីរ៉ង់

ចែករំលែក៖

ក្រោយអាមេរិកវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់​មក ទីតាំងទាំងឡាយរបស់អាមេរិក នៅលើទឹកដីអ៊ីរ៉ាក់មិនមានសុវត្ថិភាពនោះឡើយ​ ដោយរងការគំរាមវាយប្រហារពីក្រុមឧទ្ទាម ។ នៅពេលនេះស្ថានទូតអាមេរិកនៅអ៊ីរ៉ង់ រងការវាយប្រហារដោយរ៉ុក្កែត​ជាច្រើនគ្រាប់​ ។

ទីតាំងស្ថានទូតអាមេរិក ក្នុងទីក្រុងបាដាដគឺជា តំបន់មានសុវត្ថិភាព បំផុត ប៉ុន្តែមិនអាចគេចផុតពីការវាយប្រហារនោះឡើយ ។ កាលពីថ្ងៃទី​២៦ខែមករា រ៉ុក្កែត​យ៉ាងតិច​៥គ្រាប់​បានធ្លាក់​នៅក្នុងតំបន់បៃតង​ នៅទីក្រុងបាដាដ ប្រទេស​អ៊ីរ៉ាក់ ហើយក្នុងនោះ រ៉ុក្កែត៣គ្រាប់បានហោះសម្តៅ​ផ្ទាល់តែម្តង​ទៅកាន់ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅរដ្ឋធានី​ប្រទេសនេះ ។

ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេសអ៊ីរ៉ាក់​បានបញ្ជាក់ថា រ៉ុក្កែត​ទាំងនេះ​បានវាយប្រហារចូល​តំបន់​បៃតង ហើយជាប្រភេទ​រ៉ុក្កែត Katyushaចំនួន​៥គ្រាប់ បានធ្លាក់នៅជិតបរិវេណ​ តំបន់បៃតង ប៉ុន្តែ​ប្រភព​មិនបញ្ជាក់ថា រ៉ុក្កែត​នោះ​បានបំផ្លិចបំផ្លាញ​ ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ ។

រ៉ុក្កែត​បានគោលដៅ​ទៅលើ​ទីតាំងបេសកកម្ម​របស់អាមេរិក​កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។ ប្រព័ន្ធ​ការពារ​​ក៏បាន​បន្លឺឡើងនូវសញ្ញា​ព្រមាន​នៅក្នុងតំបន់​ផងដែរ ហើយមនុស្ស​ទាំងឡាយ​ត្រូវបានណែនាំ​ឲ្យរកទីកន្លែងពួន​ លាក់ខ្លួន​ដើម្បីសុវត្ថិភាព ។

នៅពេលបន្ទាប់មក អតីតនាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Hoshyar Zebari បញ្ជាក់ថា រ៉ុក្កែត​យ៉ាងតិច​១គ្រាប់​បានប៉ះលើស្ថានទូតអាមេរិក ខូចខាត និងត្រូវអណ្តាតភ្លើងឆាបឆេះ ដែលអាចមើលនឹងភ្នែកឃើញ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ខាងស្ថានទូតអាមេរិក​នៅបន្តស្ងាត់ស្ងៀមលើបញ្ហាមួយនេះ មិនបានប្រកាសទទួលស្គាល់ ឬបដិសេធន៍ជុំវិញព័ត៌មាននេះឡើយ ។

គួរបញ្ជាក់ថា តំបន់បៃតង​នៅទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការវាយប្រហារ​ពីទីតាំងមិនស្គាល់​អត្តសញ្ញាណម្តងហើយម្តងទៀត ពិសេស​វាយប្រហារដោយរ៉ុក្កែត​ទៅលើស្ថានទូត​អាមេរិក​នៅតំបន់នោះ ។ មិនថា​នៅតំបន់បៃតងនោះទេ នៅទូទាំងទឹកដីអ៊ីរ៉ាក់ ឲ្យតែជាកន្លែង​របស់​កងទ័ពអាមេរិកនោះ តែងតែរងនូវការបាញ់ប្រហារពីរ៉ុក្កែត​មិនឈប់ឈរ ៕


ចែករំលែក៖