សំណុំរឿងដកតំណែងលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទី៤៥ ចេញពីតំណែងនោះ ចូលដល់ថ្ងៃទី៩ហើយ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ហើយនៅសល់តែរយៈពេល៦ថ្ងៃទៀតប៉ុណ្ណោះ លទ្ធផលនឹងដឹងហើយថា តើលោកត្រាំ ត្រូវដកហូតពីតំណែង ឬក៏អត់នោះ ។
នៅថ្ងៃនេះ សំណុំរឿងកាត់ក្តីបានចូលដល់ដំណាក់កាលថ្មីមួយទៀត ខណៈដែលសមាជិកព្រឹទ្ធសភាត្រូវបានអនុញ្ញាតឲ្យសាកសួរសំណួរទៅលើភាគីដើមបណ្តឹងគណបក្សប្រជាធិបតេយ្យ និងភាគីចុងចោទគណបក្សសាធារណរដ្ឋ ។ ពួកគេឡើងការពារ និងអំណះអំណាងរៀងៗខ្លួន តាមពេលវេលាដែលមានកំណត់ ។
ខាងដើមបណ្តឹងបានចំណាយពេលប្រហែល២៤ម៉ោង រយៈពេល៣ថ្ងៃ ឡើងអំណះអំណាងការចោទប្រកាន់ដែលសភាតំណាងអាមេរិក បានបោះឆ្នោតប្តឹងឲ្យដកហូតតំណែងលោកដូណាល់ ត្រាំ ដោយចោទថា រំលោភបំពានអំណាច និងរារាំងដំណើរការស៊ើបអង្កេតរបស់សភាតំណាងអាមេរិក ហើយថា បើមិនមានការដកតំណែងប្រធានាធិបតីនៅពេលនេះទេ វាជាគំរូអាក្រក់ដល់អនាគតប្រធានាធិបតីអាមេរិកផ្សេងទៀតយកគំរូតាម គឺប្រើប្រាស់តួនាទីជាមេដឹកនាំប្រទេសមួយទាំងមូលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសួនតួ ។
អំឡុងពេលជាមួយគ្នានេះដែរ ក្រុមមេធាវីការពារក្តីរបស់លោកដូណាល់ ត្រាំ ក៏ដូចជាខាងគណបក្សសាធារណរដ្ឋបានឡើងការពារ អំណះអំណាងសង្ខេបតាមពេលវេលាដែលបានកំណត់ ហើយបានការពារដដែលៗថា ការប៉ុនប៉ងដកហូតតំណែងប្រធានាធិបតី គឺជាការបំផ្លាញដ៏ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ ។ លោកដូណាល់ ត្រាំ មិនបានធ្វើអ្វីជាបទឧក្រិដ្ឋនោះឡើយ ។ ការចោទប្រកាន់នេះជាប្រធានបទប្រកបដោយគ្រោះថ្នាក់បំផុត។ល។ ។
នៅថ្ងៃទី៣០ និងទី៣១ ខែមករា សមាជិកព្រឹទ្ធសភាដែលមិនបានអនុញ្ញាតឲ្យឡើងហាស្តីអំឡុងសវនាការនោះ នឹងភ្ជាប់សំណួរជាលាយលក្ខណ៍អក្សររបស់ពួកគេទៅកាន់ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្តី លោកJohn Roberts ប្រធានតុលាការកំពូល ដែលនឹងបញ្ជូនសំណួរទាំងនោះទៅកាន់រដ្ឋអាជ្ញា ហើយនិងការការពារ។
នៅបន្ទាប់ពីនេះ ដំណើរការជំនុំជម្រះនឹងចូលដល់ដំណាក់កាលចោទសួរដេញដោលគ្នាដ៏ខ្លាំងក្លា ទៅលើអំពីភស្តុតាង ឯកសារបន្ថែម ជាដើមដែលថា នឹងត្រូវបានអនុញ្ញាតឲ្យនាំយកមកធ្វើសាក្ខីកម្ម ឬក៏យ៉ាងណានោះ ។ ថ្មីៗនេះ ទើបតែផ្ទុះរឿងដ៏រសើបមួយទៀតសម្រាប់ខាងភាគីចុងចោទ ដោយអតីតទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ប្រកាសថា មានឯកសារកត់ត្រានៅក្នុងសៀវភៅ ហើយដែលនឹងចេញផ្សាយនៅពេលឆាប់ៗខាងមុខនេះ អំពីរឿងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់បង្កកជំនួយយោធាទៅឲ្យអ៊ុយក្រែន បើប្រទេសនេះមិនជួយស៊ើបអង្កេតសំណុំរឿងលោក Joe Biden ដៃគូប្រជែងតំណែងប្រធានាធិបតីដ៏សំខាន់ នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ត្រាំ ជាមុនសិនទេនោះ៕