គិតដល់ព្រឹកថ្ងៃទី៣០ ខែមករា មានអ្នកឆ្លងវីរុស ចំនួន៧៧១១នាក់ នៅជិត២០ប្រទេសជុំវិញពិភពលោក ចំណែកនៅក្នុងប្រទេសចិនវិញ ការឆ្លងរាលដាលមាននៅគ្រប់ទិសទីទាំងអស់ក្នុងប្រទេសស ។
ស្ថានភាពនៃការឆ្លងរាលដាល វីរុស កូរ៉ូណា កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនទាន់មានថ្នាំបង្កាឬព្យាបាលនៅឡើយទេ ។ គ្រាន់តែក្នុងមួយថ្ងៃ គឺថ្ងៃទី២៩ខែមករា មានអ្នកស្លាប់ជិត៤០នាក់ និងអ្នកឆ្លងវីរុសនេះសរុបជាង៧៧០០នាក់ហើយ ។
គណៈកម្មសុខាភិបាលជាតិចិនបានថ្លែងថា ជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដែលផ្ទុះឡើងដំបូងគេនៅភាគកណ្តាលប្រទេសចិន ទីក្រុងវូហាន ក្នុងខែធ្នូ ឆ្នាំ២០១៩ ។ វីរុសនេះ ចាប់តាំងពីពេលនោះមកបានឆ្លងរាលដាលនៅក្នុងប្រទេសចិន និងប្រទេសដទៃផ្សេងទៀតយ៉ាងតិច១៨ ។ ចំនួនអ្នកជំងឺសរុបនៅក្នុងប្រទេសចិនបានកើនឡើង ៧ ៧១១នាក់ និងបាត់បង់ជីវិតដោយសារជំងឺនេះកើនឡើង១៧០នាក់ ។
អាជ្ញាធរចិនបានបញ្ជាក់ថា ករណីជំងឺនេះបានឆ្លងរាលដាលនៅគ្រប់តំបន់ទាំងអស់ក្នុងប្រទេសចិន ។ តួលេខពីអ្នកឆ្លងវីរុសនៅក្នុងប្រទេសចិនមានសរុបតែ ៥ ៩៧៤នាក់ប៉ុណ្ណោះ និងស្លាប់ ១៣២នាក់ ។
ទាំងនោះហើយបានជាចិនសម្រេច ប្រគល់ ហ្សែនវីរុសកូរ៉ូណាឲ្យទៅក្រុមវិទ្យាសាស្ត្ររុស្ស៊ី ដើម្បីស្រាវជ្រាវ ផលិតឱសថ ។ តាមការប្រកាសរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសចិន បានបញ្ជាក់ថា «ភាគីចិនបានប្រគល់ ហ្សែន វីរុស ឲ្យទៅរុស្ស៊ី ទាំងនោះហើយអាចជួយឲ្យក្រុមវិទ្យាសាស្ត្ររុស្ស៊ី បន្តស្រាវជ្រាវ និងផលិតឱសថឲ្យបានលឿនបំផុត» ។
មន្ត្រីការទូតរុស្ស៊ីបានបញ្ជាក់ទៀតថា បច្ចុប្បន្ន រុស្ស៊ី និងចិន កំពុងតែរួមគ្នាផលិត វ៉ាកសាំងទប់ស្កាត់វីរុស កូរ៉ូណា ។ ជាមួយគ្នានេះរុស្ស៊ី ក៏បានឡើងគម្រោងជម្លៀសពលរដ្ឋចេញពីទីក្រុងវូហានផងដែរ ។
ជាមួយគ្នានេះរុស្ស៊ីក៏បានបិទព្រំដែនជាប់ប្រទេសចិន ដើម្បី ទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូរ៉ូណា ចូលទៅកាន់រុស្ស៊ី ។ បច្ចុប្បន្នរុស្ស៊ីមិនទាន់មានករណីឆ្លងវីរុសនេះនៅឡើយទេ ប៉ុន្តែប្រទេសអតីតសហភាពសូវៀត មានករណីឆ្លង៣នាក់ផងដែរ ។
ចំណែកនៅក្រៅប្រទេសក៏មានករណីឆ្លងរាលដាលថ្មីបន្ថែមជាច្រើនករណី ក្នុងនោះប្រទេសបារាំង ឪពុកកូនពីរនាក់បានឆ្លងវីរុសកូរ៉ូណា ធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់៥នាក់ ហើយ ។ ដោយែល អារ៉ាប់រួមក៏បានកើនឡើងសរុប៤នាក់ផងដែរ ។
ប្រទេសជប៉ុនវិញ ក្រោយការបញ្ជូនពលរដ្ឋ២០៦នាក់វិលត្រឡប់ពីទីក្រុងវូហានក៏បានរកឃើញមាន៣នាក់ ឆ្លងវីរុស កូរ៉ូណា ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន NHK រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន Katsunobu Kato បានបញ្ជាក់ថា អ្នកជំងឺ២នាក់ ក្នុងចំណោមបីនាក់ មិនទាន់បង្ហាញចេញសញ្ញាអ្វីនៅឡើយទេ ។
ពលរដ្ឋជប៉ុន៣នាក់បន្ថែមទៀតដែលទើបបានជម្លៀសមកដល់ជប៉ុន និងឆ្លងវីរូសកូរ៉ូណានេះ ធ្វើឲ្យជប៉ុនមានអ្នកជំងឺរហូតមកដល់ពេលនេះចំនួន១១នាក់ ។ អ្នកជំងឺ២នាក់បានឆ្លងជំងឺនេះដែរ ដោយមិនបានធ្វើដំណើរទៅកាន់ប្រទេសចិននោះឡើយ ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្លែងថា ពលរដ្ឋដែលទើបជម្លៀសខ្លួនហើយមានផ្ទុកវីរុសនេះ អាចត្រូវបានព្យាបាលដោយលក្ខណៈពិសេស ៕