ព័ត៌មានទាន់ហេតុការណ៍៖

បើអាមេរិកមិនដកទាហានចេញពីស៊ីរី និងអ៊ីរ៉ាក់នោះទេ នឹងមានអ្នកស្លាប់កាន់តែច្រើន​

ចែករំលែក៖

​បច្ចុប្បន្នទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូចជាស៊ីរី​​ស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់បំផុត គឺអាចនិយាយបានថា គ្រោះថ្នាក់ជាង​ពេលកំពុងធ្វើសង្គ្រាមទៅទៀត​ ។ ទាំងនោះ បានជាអ្នកឯកទេស បានស្នើឲ្យរដ្ឋាភិបាល​ដកទាហានអាមេរិក​ ចេញពីអ៊ីរ៉ាក់ និងស៊ីរី កុំឲ្យហួសពេល ។

សារព័ត៌មាន National Interest ​បានដកស្រង់សម្តី អ្នកឯកទេសវិភាគយោធាអាមេរិក លោក​ Daniel Davis ​បានព្រមានថា ​សកម្មភាពវាយប្រហារទៅលើទីតាំង និងទាហានអាមេរិក នៅក្នុងប្រទេសស៊ីរី​ និងអ៊ីរ៉ាក់ កើនឡើងខ្ពស់ជាងមុន ហើយ​ការវាយប្រហារ ចំគោលដៅ​បណ្តាលឲ្យស្លាប់ និងរបួសច្រើនជាងមុន ។ ហេតុនោះហើយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​គួរតែដកទាហានចេញពីស៊ីរី និងអ៊ីរ៉ាក់​ ឲ្យបានទាន់ពេលវេលា បញ្ចៀសការស្លាប់កាន់តែច្រើន ។

តាមការលើកឡើងរបស់លោក Daniel Davis នៅតំបន់មជ្ឈិមបូព៌ា ក្រោយការស្លាប់​មេទ័ពអ៊ីរ៉ង់​ Qasem Sloleimani ​សកម្មភាពប្រឆាំងទាហានអាមេរិក បានកើនឡើងខ្ពស់​ ដោយក្រុមឧទ្ទាមតែងតែលួចវាយឆ្មក់ទៅលើកម្លាំងទាហានអាមេរិក​ ។

អ្នកឯកទេសវិភាគខាងលើបានបញ្ជាក់ថា​ ជាសំណាងដល់ទាហានអាមេរិក ដែលរដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ នៅតែទុកកិត្តិយលដល់ទាហានអាមេរិក ដោយវាយប្រហារចំកន្លែងដែលមិនមានទាហានអាមេរិក ។ ទាំងនោះហើយទើបមិនបណ្តាលឲ្យទាហានអាមេរិក ស្លាប់ច្រើន ប៉ុន្តែ ក៏មានរបួសច្រើនផងដែរ​ ។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មន្ទីរបង់តាហ្គូនអាមេរិកបានបញ្ជាក់ថា ទាហានអាមេរិក​​​៥០នាក់​ ត្រូវបានធ្វើរោគវិនិច្ឆ័យ​របួស​ផ្នែកខួរក្បាល ក្រោយការវាយប្រហារ​ដោយមីស៊ីល​របស់​អ៊ីរ៉ង់​​​ទៅលើបន្ទាយយោធាអាមេរិក​នៅអ៊ីរ៉ាក់ ។

នៅមុនដំបូងបំផុត ប្រធានាធិបតីដូណាល់ ត្រាំ​ ក៏ដូច​ជាមន្ត្រី​​ជាន់ខ្ពស់របស់អាមេរិក​ប្រកាសថា មិនមានទាហាន​ណាម្នាក់ រងរបួស ឬបាត់បង់ជីវិត​ដោយសារលទ្ធផលវាយប្រហារ​របស់អ៊ីរ៉ង់​កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅក្នុងទឹកដីអ៊ីរ៉ាក់​នោះឡើយ ។

លោកវរសេនីយ៍ទោ Thomas Campbell អ្នកនាំពាក្យ​មន្ទីរបង់តាហ្គូន​បានថ្លែងការណ៍​មួយ​កាលពីថ្ងៃទី២៩ ខែមករាថា «រហូតមកដល់ពេលនេះ ទាហានអាមេរិក​៥០នាក់​ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចេញលទ្ធផល​ឃើញរបួសផ្នែកខួរក្បាល ។ ពួកគេរងរបួស​ដោយសារតែការវាយប្រហារ​ទៅលើបន្ទាយជើងអាកាស Ain al-Asad ស្ថិតនៅភាគខាងលិច​ប្រទេសអ៊ីរ៉ាក់ ។

រោគសញ្ញារងរបួសខួរក្បាលនេះ រួមមាន ការឈឺក្បាល, វិលមុខ, ស្រៀវស្រាញ់​ពេលប៉ះនិងពន្លឺថ្ងៃ និងការក្អួតចង្អោរផងដែរ ។

អ្នកនាំពាក្យ Campbell បានបញ្ជាក់ថា ទាហានរងរបួស​៣១នាក់​ក្នុងចំណោម៥០នាក់ ដែលទទួលព្យាបាល​នៅអ៊ីរ៉ាក់​បានវិលត្រឡប់​មកបំពេញភារកិច្ច​វិញហើយ ក្នុងនោះរួមទាំង​ទាហាន១៥នាក់ដែលទើបធ្វើរោគវិនិច្ឆ័យថ្មី​ៗ ។

ទាហាន​១៨នាក់ទៀត​ត្រូវបញ្ជូន​ទៅកាន់​ប្រទេសអាល្លឺម៉ង់​ដើម្បី​វាយតម្លៃ និងព្យាបាលបន្ថែមទៀត ខណៈដែលទាហានម្នាក់ទៀត​បញ្ជូនទៅកាន់គុយវ៉េត ហើយបានវិលត្រឡប់ទៅបំពេញកាតព្វកិច្ចដូចដើមវិញ ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានវាយប្រហារ​ដោយមីស៊ីល​ជាង២០គ្រាប់​ទៅលើមូលដ្ឋានយោធាជើងអាកាសអាមេរិក​នៅក្នុងទឹកដីអ៊ីរ៉ាក់ សងសឹក​ទៅលើអាមេរិក​ដែលបានវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់​មួយរូប​កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅទីក្រុងបាដាដ ។

នៅពេលនេះទាហានអាមេរិក នៅក្នុងតំបន់មជ្ឈឹមបូព៌ា កាន់តែមានគ្រោះថ្នាក់ ដោយកតាផ្សេង​ ពិសេសគឺការលួចវាយឆ្មក់ពីក្រុមឧទ្ធាម ។ ដូច្នេះបើអាមេរិក មិនចង់ឲ្យទាហានស្លាប់កាន់តែច្រើន គួតែដកចេញឲ្យទាន់ពេលវេលា​ ។

មិនថាទីតាំងយោធានោះឡើយសូម្បីតែទីតាំង ការបរទេស​ក្នុងនោះមានទាំងស្ថានទូតអាមេរិក ពលរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់​ក៏រងការគំរាមកំហែង ដល់ជីវិតនោះដែរ​ ។ កាលពីថ្ងៃអាទិតកន្លងមក​​ក្រុមឧទ្ទាមបានវាយប្រហារដោយរ៉ុក្កែត​៣គ្រាប់ទៅលើទីតាំង ដែលមានសុវត្ថិភាពបំផុត របស់អ៊ីរ៉ាក់ ហើយរ៉ុក្កែតធ្លាក់នៅក្បែរស្ថានទូតអាមេរិក ។ ការវាយប្រហារនេះ​បានកើតឡើង​មិនដល់មួយសប្តាហ៍​ពីការវាយប្រហារ​កាលពីលើកមុននេះ គ្រាប់រ៉ុក្កែតបាន​ធ្លាក់នៅ​តំបន់ការពារដ៏រឹងមាំរបស់អាមេរិកថែមទៀតផង ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាន​ទូរស័ព្ទ​ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Adil Abd al-Mahdi និយាយអំពី​ការវាយប្រហារ​​​ ដោយលោក បានសម្តែង​ការខឹងសម្បា​រ​ចំពោះ​អំពើវាយប្រហារ​នេះ ដែលចេះតែនៅបន្ត​កើតមានរបស់ក្រុម​ប្រដាប់អាវុធ​អ៊ីរ៉ង់​ប្រឆាំង​មកលើ​ទីតាំងមូលដ្ឋាន​អាមេរិក​នៅក្នុងទឹកដីអ៊ីរ៉ាក់ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍​មួយរបស់ក្រសួងការបរទេសអាមេរិក​ដែលបានផ្សព្វផ្សាយ ។

ប្រភពបញ្ជាក់ថា ក្រសួងការបរទេស​អាមេរិក​សូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា ការវាយប្រហារទាំងនេះ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​ការមិនគោរពកោតក្រែង​ចំពោះ​ដែនអធិបតេយ្យ​អ៊ីរ៉ាក់ ក៏ដូចជាបរាជ័យ​នៅក្នុងការគ្រប់គ្រង​ទៅលើក្រុមប្រដាប់អាវុធ​ប្រកបដោយគ្រោះថ្នាក់ទាំងនេះ ។ លោករដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យនាយករដ្ឋមន្ត្រី​ Abd al-Mahdi ពង្រឹង​សន្តិសុខ​ដើម្បីការពារ​បុគ្គលិកអាមេរិក ក៏ដូចទីតាំងមូលដ្ឋានទូត​អាមេរិកនោះផង ៕


ចែករំលែក៖