ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាប្រទេសជុំវិញពិភពលោក​ពន្លឿនការជម្លៀសពលរដ្ឋ​ ចេញពីចិន​ ខណៈ​ WHO​ ត្រៀមប្រកាសអាសន្នជាសកល

ចែករំលែក៖

បណ្តាប្រទេសជុំវិញពិភពលោកបានពន្លឿនការជម្លៀសពលរដ្ឋ​ចេញពីតំបន់​ផ្ទុះ «វីរុសមច្ចុរាជ» នៅទីក្រុងវូហានប្រទេសចិន ដើម្បីសុវត្ថិភាពពលរដ្ឋ ខណៈអង្គការសុខភាពពិភពលោក WHO ត្រៀមប្រកាសអាសន្ន ជាសកល ប្រសិនបើវីរុសកូរ៉ូណា​បន្តរាលដាលកាន់តែខ្លាំង ។

ក្រោយពេលអាមេរិកជប៉ុន និងប្រទេសមួយចំនួនបានជម្លៀសពលរដ្ឋ​ចេញពីខេត្ត​ហ៊ូបែយ ។ នៅពេលនេះ រដ្ឋាភិបាល អង្គគ្លេស​ អាល្លឺម៉ង កូរ៉េខាងត្បូង​… បានត្រៀមជម្លៀសពលរដ្ឋត្រឡប់មកប្រទេសវិញ​ ។ ជាមួយគ្នានោះ ក្រុមហ៊ុនអាកាសចរណ៍​ British Airways ​បានផ្អាកការហោះហើរទាំងស្រុង ពីអង់គ្លេសទៅកាន់ប្រទេសចិន​ ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានប្រកាសថា ពលរដ្ឋ​ដែលជម្លៀសចេញពិចិន​គឺត្រូវផ្តាច់ឲ្យនៅដាច់ដោយឡែករយៈពេល​១៤ថ្ងៃដើម្បីតាមដាន ​ថាតើមានឆ្លងវីរុសកូរ៉ូណាដែរឬទេ ។

ជាមួយគ្នានោះដែរប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន បានជម្រុញក៏ដូចជាអំពាវនាវ ឲ្យប្រជាជនរក្សាភាពស្ងាប់ស្ងាត់ និងកុំភ័យខ្លាចជ្រុលហួសហេតុពេក ខណៈរដ្ឋាភិបាលកំពុងរៀបចំជម្លៀសពលរដ្ឋជាង ៧០០នាក់ចេញពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ជាទីដែលវីរុសកូរ៉ូណាផ្ទុះឡើងដំបូងគេ ។

ថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍នេះ និងចំពេលកំពុងមានបាតុកម្មតវ៉ា ប្រឆាំង និងការរៀបចំទីតាំងសម្រាប់អ្នកមានផ្ទុកវីរុសកូរ៉ូណា លោក មូន បានគូសបញ្ជាក់ដូច្នេះថា «អាវុធដែលការពារយើងពីវីរុសកូរ៉ូណា គឺបញ្ចប់ភាពភ័យខ្លាច, ការរើសអើង ហើយបង្កើនការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ» ។ បន្ថែមពីលើនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានថ្កោលទោសផងដែរចំពោះការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ ឬ fake News ដែលកំពុងបង្កភាពភ័យខ្លាចដល់ប្រជាជន ។

គួរជម្រាបថា ជើងហោះហើរដំបូងក្នុងចំណោមជើងហោះហើរចំនួន ០៤ ទៅកាន់ទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋកូរ៉េខាងត្បូងជាង ៧០០នាក់ បានចាកចេញពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែស្រាប់តែពន្យារពេលទៅវិញដោយមិនដឹងមូលហេតុ ។ យ៉ាងណាក៏ដោយ ជើងហោះហើរនេះត្រូវបានគេរំពឹងថា និងចេញដំណើរនៅរសៀល ឬល្ងាចថ្ងៃដដែល ។ បច្ចុប្បន្ននេះនៅកូរ៉េខាងត្បូងមានអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីសរុប ០៤នាក់ ដោយពួកគេសុទ្ធតែបានធ្វើដំណើរពីទីក្រុងវូហាន (Wuhan) ។

អង្គការសុខភាពពិភពលោក WHO បានកោះប្រជុំជាបន្ទាន់​ ថ្នាក់ដឹកនាំរបស់ ស្ថានប័នសុខភាពកំពូលរបស់ពិភពលោក ​ដើម្បីត្រៀមលក្ខណៈប្រកាសអាសន្ន នៅទូទាំងពីភពលោក ពីការឆ្លងរាលដាលនៃវីរុស កូរ៉ូណា​ ។

នៅថ្ងៃទី​៣០ខែមករា នេះ WHO ​ និងជួបប្រជុំជាសម្ងាត់ ​​ដើម្បីវិភាគ ពីការឆ្លងរាលដាលនៃវីរុស ដ៏កាចសហាវមួយនេះ​​ ថាតើវាមានកម្រិតគ្រោះថ្នាក់ធំប៉ុណ្ណោះ​ដើម្បីប្រកាសអាសន្ន នៅទូទាំងពិភាពលោក​ ។

កាលពីសប្តាហ៍កន្លងមក​ WHO ​មិនទាន់មានសេចក្តីប្រកាសណាមួយស្តីពី វិរុស​កូរ៉ូណានោះឡើយ​ ដោយរងចាំ​ការ​តាមដានពីកម្រិតគ្រោះថ្នាក់របស់វា​ ។ តែនៅពេលនេះ អគ្គនាយក​WHO លោក Tedros Adhanom Ghebreyesus បានត្រៀមប្រកាសអាសន្ន ជាសកល ក្រោយមានអ្នកស្លាប់កើនឡើង​១៧០ នាក់ និងឆ្លងរាលដាលជិត​៨ពាន់នាក់ហើយនោះ​ ។

នៅពេលនេះ បណ្តាប្រទេសដែលមានពលរដ្ឋ នៅក្នុងប្រទេសចិន បានទ្រៀម ជម្លៀសពលរដ្ឋចេញពីប្រទេសចិន​ ។ ជាមួយគ្នានោះបណ្តាក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងប្រទេស ស្ទើតែទាំងអស់នៅលើពិភពលោក បានផ្អាក់ហោះហើរទៅកាន់ប្រទេសចិន ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ខណៈក្រុមស្រាវជ្រាវវិជ្ជសាស្ត្រ នៅមិនទាន់រកឃើញ ថ្នាំព្យាបាលនៅឡើយទេ ៕


ចែករំលែក៖