អាមេរិកឈប់ផ្តល់ទិដ្ឋាការដល់ជនជាតិចិន ចូលទឹកដីអាមេរិក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។ ប្រធានាធិបតីដូណាល់ ត្រាំ បានស្នើដល់ពលរដ្ឋអាមេរិកមកពីទីក្រុង វូហាន ត្រូវតែផ្តាច់ខ្លួនរស់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២ ខែកុម្ភៈ ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលដែល អាមេរិកមានករណីឆ្លងវីរុសដ៏កាចសាហាវនេះបន្ថែមមួយករណីទៀតនៅតំបន់Santa Clara រដ្ឋកាលីហ្វ័រញ៉ា ។
មន្ត្រីរដ្ឋាភិបាលខេត្ត Hubei ប្រទេសចិន បានប្រកាសឲ្យដឹងថា មានអ្នកស្លាប់ បន្ថែម៤៥នាក់ទៀតនៅថ្ងៃទី៣១ ខែមករា ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ទៅ២៥៨ហើយ ។
សារព័ត៌មានរ៉យទ័រ បានដកស្រងសេចក្តីប្រកាសរបស់ការិយាល័យរដ្ឋាភិបាលខេត្តHubei នៅព្រឹកថ្ងៃទី១ខែកុម្ភៈ ថា អ្នកស្លាប់ ដោយវីរុសកូរ៉ូណា កើនឡើងជាបន្តទៀត ដោយក្នុងថ្ងៃទី៣១ មានអ្នកស្លាប់ ៤៥ នាក់ គឺច្រើនជាងថ្ងៃទី៣០ ដែលមានតែ៤៣នាក់ ។ អ្នកស្លាប់ទាំងអស់កើនឡើងដល់ ២៥៨នាក់ហើយ ចំណែកអ្នកឆ្លងវីរុសនេះ មាន៧១៥៣នាក់ ក្នុងខេត្តHubei តែមួយគត់ ហើយបើគិតនៅទូទាំងប្រទេសចិនមានអ្នកឆ្លងជាង ១ម៉ឺននាក់ហើយ ។
អង្គការសុខភាពពិភពលោកក៏បានប្រកាសអាសន្នពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា កាលពីថ្ងៃទី៣១ខែមករា ។ ចំណែកប្រទេសនៅជុំវិញពិភពលោក បានសម្រេចកាត់ផ្តាច់ ការហោះហើរចេញចូលទៅកាន់ប្រទេសចិន ដើម្បីបញ្ជៀស ការចម្លងវីរុសដ៏កាចសហាវនេះ មកប្រទេសរបស់ខ្លួន៕