ភ្នំពេញ៖ បុរសម្នាក់ថប់ៗដង្ហើម ណែនទ្រូងឲ្យក្រុមគ្រួសារដឹកតាមម៉ូតូ ទៅពេទ្យ តែជាអកុសល បានស្លាប់ពាក់កណ្តាលផ្លូវ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង២រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង៥៨B ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឱក សារឿន ហៅផល អាយុ៤៧ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ កាលពីវេលាម៉ោងទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ គាត់មានអាការថប់ដង្ហើម ចុកណែនទ្រូង ទើបក្រុមគ្រួសារ បានដឹកបញ្ជូនទៅគ្លីនិក នៅម្តុំផ្សារដីហុយ គ្រូពេទ្យប្រាប់ថា ឈឺជំងឺបេះដូង ហើយក៏បានសម្រាកព្យាលនៅទីនោះ ពេលបានធូរស្បើយ នៅម៉ោង៩ព្រឹកថ្ងៃដដែល ជនរងគ្រោះ បានចេញទៅផ្ទះវិញ ស្រាប់តែនៅម៉ោង២រសៀលថ្ងៃដដែល ជនរងគ្រោះត្អូញត្អែរ មិនស្រួលខ្លួនសារជាថ្មី ចេះតែថប់ៗដង្ហើម ចុកណែនទ្រូងដដែល រហូតទ្រាំលែងបាន ពិបាកដកដង្ហើមពេក ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូ គោលបំណង់ទៅពេទ្យ ម្តុំផ្សារដីហុយដដែល ដោយធ្វើដំណើរតាមផ្លូវលេខ៥៨B ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះ មានអការមិនស្រួលកាន់តែខ្លាំងឡើង ក្រុមគ្រួសារ ក៏ឈប់ម៉ូតូ ដាក់ឲ្យអង្គុយ រួចហៅរករថយន្តសង្គ្រោះគ្លីនិកឯកជន មកដឹក ពេលរថយន្តមកដល់ ពិនិត្យមើលឃើញថា ស្លាប់បាត់ទៅហើយ ទើបដាក់ជនរងគ្រោះចុះមកវិញ ។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារក៏ដឹកសពតាមម៉ូតូវិលត្រឡប់ទៅផ្ទះវិញ រួចការរាយកាណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ៕ ជ្រោយពេជ្រ