ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស បានបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ ចំណែករបាំងថ្មបានបាក់អស់ចំនួន៣កង់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែង និងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AF-2302 បើកបរដោយនារីម្នាក់បានរងរបួសស្រាល ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើក រថយន្ត មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើត ហេតុខាងលើបានរេចង្កូត មកខាងឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ឮសូរគ្រាំង ហើយរថយន្តក៏ក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតយ៉ាងដំណំតែម្ដង ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវបានបាក់បែកសរុបចំនួន៣កង់ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ