ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំបណ្តាញអៃកៃដា​ទទួលបន្ទុកឧបទ្វីបអារ៉ាប់​​​ Qassim al-Raymi ត្រូវអាមេរិកធ្វើកហើយ

ចែករំលែក៖

រដ្ឋាភិបាលសហរដ្ឋអាមេរិក​បានប្រកាសថា បានសម្លាប់​មេដឹកនាំ​ក្រុមមែកធាង​អិស្លាមជ្រុលនិយម អាល់កៃដា​ ដែលទទួលបន្ទុក​នៅឧបទ្វីបអារ៉ាប់​នោះហើយ​ ។

លោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែង​កាលពីថ្ងៃ​ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក​បានសម្លាប់​ឈ្មោះ Qassim al-Raymi មេដឹកនាំ​ក្រុមជ្រុលនិយមអិស្លាម​អាល់កៃដា ទទួលបន្ទុក​ឧបទ្វីប​អារ៉ាប់​(AQAP)នោះហើយ អំឡុងពេលដែលកម្លាំងយោធា​អាមេរិក​ ធ្វើប្រតិបត្តិការ​មួយប្រឆាំង​ភេរវកម្ម​នៅក្នុងទឹកដីប្រទេសយេមែន ។

សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតីបានបញ្ជាក់ថា «ស្ថិតក្រោម​ការដឹកនាំរបស់ Rimi នេះ, ក្រុម AQAP​បានប្រព្រឹត្តអំពើហិង្សា​រាប់មិនអស់​ប្រឆាំង​ទៅលើ​ជនស៊ីវិល​នៅក្នុងទឹកដីយេមែន និង​បានវាយប្រហារ​​ជាច្រើន​ប្រឆាំង​មកលើសហរដ្ឋអាមេរិក​ ក៏ដូចកងកម្លាំង​អាមេរិក​ផងដែរ​»។

លោក​ដូណាល់ ត្រាំ មិនបានបញ្ជាក់ថា មេភេរវកម្ម​មួយរូបនេះត្រូវបានសម្លាប់នោះឡើយ ។ ប៉ុន្តែលោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍បន្តទៀតថា «ការស្លាប់​របស់គាត់ (Qassim al-Raymi) ជាការធ្វើឲ្យចុះអន់ថយ​មួយកម្រិតទៀត​របស់ក្រុម AQAP ក៏ដូចជាធ្វើឲ្យចុះខ្សោយ​ដល់ចលនា​របស់ក្រុមអាល់កៃដា នៅទូទាំងពិភពលោក ។ វាក៏បាននាំឲ្យ​កាន់តែខិតជិត​ផុត​ពីការគំរាមកំហែង​ដោយក្រុម​ទាំងនេះហើយ ដែលជានិច្ចកាល​គំរាមកំហែងដល់សន្តិសុខជាតិរបស់យើងនោះ»។

គួរបញ្ជាក់ថា​ សហរដ្ឋអាមេរិក​បានចាត់ទុកក្រុម AQAP ថា ជាមែកធាង​ដ៏សម្លាប់មនុស្ស​បំផុត​របស់បណ្តាញ​ភេរវកម្ម​អាល់កៃ​ដា ដែលបានករកើតឡើងដោយ​អតីត​មេភេរវករ ​អូសាមា ប៊ិនឡាដេន ។

ការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសយេមែន​ អំឡុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ​បញ្ជាក់ថា Qassim al-Raymi ត្រូវបានសម្លាប់​ដោយយន្តហោះគ្មានមនុស្សបើកបរ (ដ្រូន) ស្ថិតនៅក្នុងខេត្ត Marib ។ ប្រភពព័ត៌មាន​​មិនទាន់អាចរកប្រភពបញ្ជាក់ច្បាស់លាស់​ជាងនេះទៀតឡើយ ។

មន្ត្រីរដ្ឋាភិបាលយេមែន​មួយរូប​បញ្ជាក់ប្រាប់ប្រភពរ៉យទ័រ​ផ្សាយថា ពិតជាមានយន្តហោះគ្មានមនុស្សបើកបរ​​មួយគ្រឿង​មែន ​ដែលហោះហើរ​នៅក្នុងខេត្ត Marib ប៉ុន្តែ​មិនដឹងថា តើ Qassim al-Raymi ត្រូវបានសម្លាប់ដោយយន្តហោះដ្រុននេះឬបែបណានោះទេ ៕


ចែករំលែក៖