ខេត្តព្រះវិហារ៖ សមត្ថកិច្ចចម្រុះបានសហការបង្ក្រាបបុរសបែកថ្នាំម្នាក់ ខណៈប្រើប្រាស់ថ្នាំញៀនហួសកម្រិតហើយវង្វេងស្មារតី បានយកកាំបិតដេញកាប់និងយកដុំថ្មគប់រថយន្តអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវ បណ្តាលឲ្យបែកកញ្ចក់មួយគ្រឿង ។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកស្រុកជាំក្សាន្ត។ ក្រោយឃាត់ខ្លួនបាន ជនបង្ករូបនេះត្រូវពានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរស្រុកជាំក្សាន្តដើម្បីសួរនាំនឹងចាត់ការទៅតាមផ្លូវច្បាប់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនបង្កភេទប្រុសមានវ័យជាង២០ឆ្នាំម្នាក់(មិនព្រមប្រាប់ឈ្មោះ)បានប្រើប្រាស់ថ្នាំញៀនហួសកម្រិតធ្វើឲ្យវង្វេងស្មារតីនិងចេះតែមានកំហឹងក្នុងខ្លួន។ ក្រោយមកមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងធ្វើដំណើរឆ្លងកាត់ដល់ត្រង់ចំណុចកើតហេតុ ធ្វើឲ្យជនសង្ស័យដែលបែកថ្នាំរូបនេះកាន់កាំបិតផ្គាក់រត់ដេញកាប់អ្នកបើកបរ និងបានគប់នឹងដុំឥដ្ឋបណ្តាលឲ្យរថយន្តបែកកញ្ចក់ខាងមុខខ្ចាយ។ ពេលឃើញដូច្នេះម្ចាស់រថយន្តទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានចេញទៅជួយធ្វើអន្តរាគមន៍ចាប់ជនសង្ស័យទាល់តែបាន ព្រមទាំងដកហូតបានកាំបិតផ្គាក់មួយដើមព្រមទាំងដុំឥដ្ឋច្រើនដុំទុកជាភស្តុតាងដើម្បីកសាងសំណុំរឿងតាមច្បាប់។
ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្តបានឲ្យដឹងថា មានតែនៅស្រុកជាំក្សាន្តនេះតែ១ប៉ុណ្ណោះដែលឧស្សាហ៍កើតមានជនមិនស្គាល់មុខតែងគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរបង្កគ្រោះថ្នាក់ជាញឹកញាប់ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភខ្លាំងណាស់ចំពោះករណីនេះ៕ ប្រាថ្នា