ភ្នំពេញ៖ បុរសដែលគេស្គាល់ថា ជាមន្ត្រីនរគបាលម្នាក់បានតាមទាន់ប្រពន្ធដែលមិនទាន់លែងដាច់ស្រេចពីសាលក្រមតុលាការនោះ នាំសហាយមកឡើងឋានសួគ៌ដល់ផ្ទះរបស់គាត់តែម្តង បណ្តាលឲ្យប្តីទប់កំហឹងមិនបាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានផងដែរ ។
ហេតុការបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង២០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុច អាគារបុរីកីឡា (អាគារD) ជាន់ទី១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រពន្ធមានឈ្មោះ ហែម ប៉ូលីន អាយុ៣១ឆ្នាំ ស្នាក់នៅអាគារ បុរីកីឡា (អាគារD)ជាន់ទី១ ផ្ទះលេខ ២៩ តាមបណ្តោផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បុរសជាប្តី(សុំមិនបញ្ចេញឈ្មោះ)បានប្រាប់ឲ្យដឹងថា រូបគាត់បានតាមដានប្រពន្ធរបស់គាត់ ជាច្រើនខែមកហើយ បន្ទាប់ពីប្រពន្ធបានដាក់ពាក្យប្តឹងសុំលែងលះ លុះមកដល់ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ គាត់បានខលទូរស័ព្ទមកប្រពន្ធរបស់គាត់ថា ទិញដោះគោយកមកឲ្យកូន ប៉ុន្តែស្ត្រីជាប្រពន្ធបានឆ្លើយយ៉ាងកំហឹងទៅវិញថា មិនបាច់មកជួបទេ ដោះគោកូនមានហើយចាំលើកក្រោយទៅ តែគាត់មានការសង្ស័យទៅលើប្រពន្ធរបស់គាត់ ក៏គាត់សម្រេចចិត្តមកផ្ទះដើម្បីមើលឲ្យអស់ការសង្ស័យ ខណៈពេលមកដល់ផ្ទះគាត់ក៏បានបើកទ្វារ ស្រាប់តែឃើញប្រពន្ធរបស់ខ្លួនកំពុងនៅជាមួយប្រុសថ្មីរបស់នាង ធ្វើឲ្យគាត់ជាស្វាមីទប់កំហឹងមិនជាប់ ក៏ឈ្លោះប្រកែកគ្នា បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចយ៉ាងខ្លាំងផងដែរ ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច និងចៅសង្កាត់បានចុះមកផ្ទះកន្លែងកើតហេតុ រួចបានឲ្យម្តាយភាគីទាំងសងខាងសម្របសម្រួលគ្នា រង់ចាំតុលាការប្រកាសសាលក្រម ៕ សរស្មី