ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដី​ ៦.១រ៉ិចទ័រ​នៅភាគកណ្តាល​ឥណ្ឌូនេស៊ី តែមិនបណ្តាលឲ្យមានរលកយក្សស៊ូណាមិ

ចែករំលែក៖

កាលពី​យប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០​កន្លងទៅនេះ មានហេតុការណ៍រញ្ជួយដី​មួយ​កើតឡើង​ក្នុងទំហំ​៦.‌១រ៉ិចទ័រ​នៅភាគកណ្តាល​របស់ប្រទេសឥណ្ឌូនេស៊ី ។

ភ្នាក់ងារ​ភូមិសាស្ត្រ​ និងឧតុនិយមរបស់​ឥណ្ឌូនេស៊ី​បានបញ្ជាក់ថា គ្រោះរញ្ជួយដី​នេះ​កើតឡើង​​បណ្តាលឲ្យញាប់ញ័រ​នៅក្នុងខេត្ត North Sulawesi ភាគកណ្តាល​របស់ប្រទេសឥណ្ឌូនេស៊ី ។ ក៏ប៉ុន្តែ​ បើទោះជាបែបនោះក៏ពិតមែន វាមិនមិនបណ្តាលឲ្យ​មានរលាកយក្សស៊ូណាមិ​អ្វីឡើយ ។

ប្រភពស៊ីនហួ​បានផ្សាយ​ថា គ្រោះរញ្ជួយដី​មួយលើកនេះ​បានកើតឡើងនៅវេលាម៉ោង​២០និង​៤០នាទី​យប់ (ម៉ោងនៅក្នុងតំបន់) ហើយថា ចំណុចកណ្តាល​នៃការរញ្ជួយដីនេះ​ស្ថិតនៅប្រហែល​១៦០​គីឡូម៉ែត្រ​ ភាគពាយព្យ​ខេត្ត Meloguance ដោយមានជម្រៅ១០គីឡូម៉ែត្រ​ពីក្រោមបាតសមុទ្រ ។

មន្ត្រីជំនាញបានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនចេញ​ព្រមានអំពីរលាកយក្សស៊ូណាមិទេ ។ គ្រោះរញ្ជួយនេះ​មួយដងនេះ​មិនមានកម្លាំង​រហូតដល់អាចបណ្តាលឲ្យមានរលកយក្សស៊ូណាមិកើតឡើងបានឡើយ»។

គួរជម្រាប​ជូនថា ប្រទេសឥណ្ឌានេស៊ី​នេះ​ តាមអ្នកជំនាញ​លើកឡើងថា មានទីតាំងស្ថិតនៅចំណុច​ ដែលគេឲ្យឈ្មោះហៅថា «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» ដែលមូលហេតុនេះហើយ ប្រទេសនេះ​តែងតែកើតមាននូវគ្រោះធម្មជាតិ ជាពិសេស​គ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់បំផុត ៕


ចែករំលែក៖