ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការខេត្តបញ្ជូនទៅដល់ដៃតុលាការហើយនៅថ្ងៃទី០៧ខែគុម្ភះនេះដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ខណះដែលពួកគេបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនិងសារធាតុញៀនដោយខុសច្បាប់ ។
របាយការណ៍ពីសមត្ថកិច្ចនៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យចំនួន០២នាក់ក្នុងចំណោមជនសង្ស័យទាំង០៣នាក់ ខាងលើនេះ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងនៃអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល បានចុះបង្ក្រាបក្នុងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង ។
លោកវរសេនីយ៍ទោ សុខ. និមល នាយការិយាល័យ ស្តីទីប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានប្រាប់ឲ្យដឹងដែរថានៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២០នៅចំណុចភូមិតាគ្រក់ឃុំត្រែងស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ។
លោកបន្តថានៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមានឈ្មោះពៅ.រក្សាហៅ(ម៉ាប់ស្រម៉ូម)ភេទប្រុសអាយុ៣២ឆ្នាំរស់នៅក្នុងភូមិជំនីកឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងនិងឈ្មោះសុខ.វិសាលភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅក្នុងភូមិភ្ជាវឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបង ។
ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០២កញ្ចប់ទម្ងន់៤,២៨ក្រាម,ឈើមិនស្គាល់ប្រភេទចំនួន១៤ដុំនិង០៦សន្លឹកផងដែរ ។
លោកសុខ.និមលបន្តថាចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមអំណាចសាលដីការរបស់តុលាការនៅថ្ងៃតែមួយលើគោលដៅផ្សេងគ្នាជាប់ចោទពីបទរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលបានប្រព្រឹត្តរយះពេលកន្លងទៅហើយជនសង្ស័យក៏បានរត់គេចខ្លួនអស់មួយរយះ ។ លោកឲ្យដឹងបន្តថានៅថ្ងៃដដែលនៅវេលាម៉ោង១៥:៣០នាទីនៅចំណុចភូមិបឹងអំពិលឃុំព្រៃជីកស្រុករុក្ខគិរីខេត្តបាត់ដំបងកំលាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរីបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៦១ត.ព្រចុះថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩របស់លោកញូង.ចន្ទីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងពីបទរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលជនសង្ស័យបានប្រព្រឹត្តិនៅចំណុចភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបងកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩០កន្លងទៅ ។
លោកបន្តថាជនសង្ស័យដែលត្រូវបានចាប់ខ្លួនតាមដីការបង្គាប់របស់តុលាការមានឈ្មោះឈិន.គឹមឈានភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅភូមិបឹងអំពិលឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង ។ លោកថាជនល្មើសទាំងបីនាក់ខាងលើរួមនិងវត្ថុតាងបច្ចុប្បន្នកម្លាំងសមត្ថកិច្ចនៃស្នងការខេត្តបានបញ្ជូនដល់ដៃតុលាការហើយដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស សារ៉េត