មេដឹកនាំរបស់ប្រទេសចិនបានថ្លែងតាមទូរស័ព្ទជាមួយមេដឹកនាំអាមេរិក ដោយប្រាប់ថា ប្រទេសចិនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា ដែលកំពុងឆ្លងរាលដាលខ្លាំងនេះ ។
សារព័ត៌មានរដ្ឋចិនបានផ្សាយថា លោក ស៊ី ជីនពីង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ បានថ្លែងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ តាមរយៈទូរស័ព្ទអំពីការឆ្លងរាលដាលជំងឺកូរ៉ូណា ។ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រយុទ្ធប្រឆាំងការរីករាលជំងឺកូរ៉ូណានេះ ។
ប្រព័ន្ធផ្សព្វផ្សាយ CCTV បានផ្សាយថា លោក ស៊ី បានប្រាប់លោក ត្រាំថា ចិន«មានទំនុកចិត្ត និងសមត្ថភាពនៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនេះ» ហើយថា «និន្នាការរយៈពេលវែងអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើននោះគឺពុំមានការផ្លាស់ប្តូរអ្វីឡើយ» ។
សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី ត្រាំ «បានសម្តែងទំនុកចិត្តទៅលើកម្លាំង សមត្ថកភាព និងភាពអត់ធន់របស់ចិននៅក្នុងការប្រឈមមុខតទល់ជាមួយការឆ្លងរាលដាលជំងឺកូរ៉ូណា (2019-nCoV)»។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានផ្សាយទៀតថា «មេដឹកនាំប្រទេសទាំងពីរបានយល់ព្រមគ្នាបន្តពង្រីកការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ» ៕