ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៅឆក់ត្រីនៅបឹងតែឯង ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល: បុរសម្នាក់ស្ពាយឧបករណ៍ទៅឆក់ត្រីនៅបឹងតែឯង ហើយបានភ្លាត់ស្នៀតមិនទាន់បានត្រីយកទៅហូបបានប៉ុន្មានផងបែរជាភ្លាត់ស្នៀតឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯងគ្មានអ្នកណាដឹងជួយទាន់ឡើយ ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចប្រឡាយមាត់បឹងតាឡឹង ស្ថិតភូមិបារុង ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល។

​ប្រភពពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បារុង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន រតនា ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិបារុង ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ។ មុនពេលកើតហេតុ ជនរងគ្រោះបាន ស្ពាយឧបករណ៍ទៅឆក់ត្រីចេញពីផ្ទះនៅបឹងតាឡឹងនៅចម្ងាយពីផ្ទះជាង៥០០ម៉ែត្រតែឯង។ក្រោយមកមិនដឹងរឿងអីស្រាប់តែភ្លាត់ស្នៀត ឆ្លងចរន្តភ្លើងអាគុយមកឆក់ស្លាប់ខ្លួនឯងទៅវិញ ។ ក្រោយបាត់ជនរងគ្រោះយូរមិនឃើញវិលត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារទៅតាមឃើញជនរងគ្រោះស្លាប់ក្បែរបឹងដោយមានឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួនក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យសព ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីឆក់ប្រាកដមែនទើបបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា


ចែករំលែក៖