ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនរកឃើញជំងឺកូរ៉ូណា​បន្ថែម​៤១ករណីទៀត កើនឡើង​៦១ករណី លើកប៉ាល់ដឹកអ្នកដំណើរDiamond Princess

ចែករំលែក៖

អ្នកដំណើរ​តាមកប៉ាល់​ដឹកអ្នកដំណើរ Diamond Princess ចំនួន​៤១នាក់បន្ថែមទៀត ​ត្រូវ​ជប៉ុន​រកឃើញថា មានផ្ទុកជំងឺរលាកសួតថ្មី​បង្កឡើងដោយ​វីរុស​កូរ៉ូណា​(2019-nCoV)​។

តាម​ការ​បញ្ជាក់​ពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​ប្រទេសជប៉ុន​ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ អះអាងថា ការកើនឡើងអ្នកជំងឺកូរ៉ូណា​នៅលើនាវាដឹក​មនុស្ស​ដែល​ត្រូវជប៉ុន បាន​ឃាត់​​ទុក ហើយដាក់ឲ្យនៅដាច់ដោយឡែក​ពីគេឯងនោះ បានកើនឡើង​សរុប​៦១នាក់ ។

អាជ្ញាធរសុខាភិបាលជប៉ុន​មកទល់ពេលនេះ ​បានធ្វើតេស្តិ៍​រកវីរុស​ទៅលើមនុស្ស​២៧៣នាក់ចុងក្រោយ ស្ថិតនៅលើកប៉ាល់ដឹកអ្នកដំណើរ Diamond Princess ដែលបានឃាត់ និងដាក់ឲ្យស្ថិតនៅឆ្ងាយពីគេឯង ក្រោយ​ពី​អតីត​អ្នកដំណើរ​ម្នាក់នៅលើកប៉ាល់​នេះ​​បានធ្វើដំណើរ​ទៅកាន់​ហុងកុងកាលពីខែមុន ហើយមានផ្ទុកវីរុស​កូរ៉ូណា ។

ថ្លែង​ប្រាប់អ្នកកាសែត រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ជប៉ុន Katsumobu Kato បានថ្លែងថា «លទ្ធផល​អ្នកដំណើរ​ដែលពិនិត្យ​ចុងក្រោយ​ចំនួន​១៧១នាក់នោះ គឺ​៤១នាក់ ចេញលទ្ធផលវិជ្ជមាន ។ ថ្ងៃនេះ ពួកគេ​ទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ​​ផ្សេងៗគ្នា​, យើងបាននិងកំពុងរៀបចំហើយ»។ លោកបញ្ជាក់ថា អ្នកជំងឺ​ឆ្លងវីរុស​នេះទាំងអស់នៅលើកប៉ាល់ សុរបកើនឡើង​៦១នាក់ ។

លោក Kato បញ្ជាក់ថា អ្នកជំងឺ​ឆ្លងវីរុស​កូរ៉ូណាថ្មី​៤១នាក់នេះ មានពលរដ្ឋជប៉ុន២១នាក់, ជនជាតិអាមេរិក, កាណាដា, អូស្ត្រាលី, អាហ្សង់ទីន និងអង់គ្លេសផងដែរ​ ។

គួររំលឹកថា អ្នកដំណើរ​នៅលើនាវា Diamond Princess ទាំងអស់ ​៣ ៧០០នាក់ បូករួម​ទាំងនាវិក​ផងដែរ បានមកដល់ឈូងសមុទ្រ​ជប៉ុន​ កាលពីរសៀលថ្ងៃ​ទី៣ ខែកុម្ភៈ ។ នាវានេះ​បានចូលដល់កំពង់ផែ Yokohama ហើយត្រូវបានជប៉ុន​កំណត់​ដាក់ឲ្យនៅដោយឡែក​ឆ្ងាយពីគេឯង ​រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបង្កាឆ្លងរាលដាលជំងឺកូរ៉ូណា ។

មន្ត្រីសុខាភិបាលជប៉ុន​បានបញ្ជាក់ថា «អ្នកដំណើរ​២០នាក់​​ ពីមុននេះដែលផ្ទុកវីរុសកូរ៉ូណា​នោះ បានបញ្ជូនចេញពី​នាវា​ ក្នុងនោះ​ម្នាក់​មានស្ថានភាពជំងឺធ្ងន់ធ្ងរជាងគេ»៕


ចែករំលែក៖