រយៈពេលចុងក្រោយនេះ កម្លាំងទាហានរដ្ឋាភិបាលស៊ីរី ដោយមានការជួយអន្តរគមន៍ពីក្រោយរបស់កម្លាំងទាហានរុស្ស៊ី បានវាយ លុយចូលកាន់កាប់ផ្នែកជាច្រើន នៃទីក្រុង Saraqib ដែលគ្រប់គ្រង់ដោយក្រុមឧទ្ទាម។
កងទ័ពរបស់រដ្ឋាភិបាលស៊ីរី បានបង្កើនការវាយប្រហារ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ដោយវាយប្រហារតាមអាកាស និងតាមផ្លូវគោកទៅលើខេត្ត Idlib ។ ការវាយប្រហាររបស់ទាហានស៊ីរីនេះ បានធ្វើឡើង ក្រោមការគាំទ្រពីកងទ័ពអាកាសរបស់រុស្ស៊ី។ ការទម្លាក់គ្រាប់បែក បាននាំឲ្យមនុស្សរាប់សែននាក់ ត្រូវរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ស៊ីរី បានថ្លែងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ មានការវាយប្រយុទ្ធយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាល និងក្រុមនិយមជ្រុល នៅទីក្រុង Saraqib ហើយនៅថ្ងៃបន្ទាប់ កងទ័ពរដ្ឋាភិបាល បានរឹបអូសតំបន់ជាច្រើន នៃទីក្រុងនេះ។ ការបង្កើនការវាយប្រយុទ្ធគ្នា នៅទីក្រុងដែលមានប្រជាពលរដ្ឋរស់នៅ ប្រហែល៣លាននាក់នេះ បានបណ្ដាលឲ្យមនុស្សជាង៣០០នាក់ស្លាប់ គិតចាប់តាំងពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០១៩ ដោយរួមទាំងមនុស្ស ចំនួន១៧នាក់ ដែលបានស្លាប់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ផងដែរ។
ប្រភពព័ត៌មានដដែល បានបន្ដថា ការវាយប្រហារតាមអាកាសរបស់កងទ័ពស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅជាយទីក្រុងខេត្ដ Idlib បានបណ្ដាលឲ្យមនុស្សជាង១០នាក់ស្លាប់។
ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបញ្ឈប់នូវអំពើហិង្សាជាបន្ទាន់។ ការវាយប្រយុទ្ធគ្នា ក្នុងរយៈពេល២ខែមកនេះ បានជំរុញឲ្យប្រជាពលរដ្ឋ ៥៨៦០០០ រត់ភៀសខ្លួន ចោលផ្ទះសម្បែង។
ដោយឡែក តួកគី ដែលមានកងទ័ព នៅភាគពាយព្យស៊ីរី បានគាំទ្រដល់ក្រុមឧទ្ទាម ហើយតែងតែអំពាវនាវ ម្ដងហើយម្ដងទៀត ទាមទារឲ្យទីក្រុងដាម៉ាស់ និងសម្ពន្ធមិត្តរុស្ស៊ី បញ្ឈប់ការវាយប្រហារ ប្រឆាំងនឹងខេត្ត Idlib ៕