ព័ត៌មានទាន់ហេតុការណ៍៖

​បារំាងនឹងដឹកនាំអឺរ៉ុប​ បង្កើនសាមគ្គី រៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ​

ចែករំលែក៖

ពិភពលោកកំពុងតែស្ថិតនៅក្នុងដំណាក់កាលច្របូច្របល់ ដោយសារតែ មហិច្ឆតា​របស់ប្រទេសមហាអំណាចមួយចំនួន ​។ កតាទាំងនោះ បានជា ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ជំរុញអឺរ៉ុប ឲ្យរួមសាមគ្គីគ្នា​ថែម​ទៀត​ ដើម្បីប្រឈមនឹងភាពគ្មានសណ្តាប់ធ្នាប់ក្នុងលោក ។

នៅថ្ងៃសុក្រ ទី៧ កុម្ភៈ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ជំរុញ​សហភាពអឺរ៉ុប​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​កាន់​តែ​ខ្លាំង​នៅ​ចំពោះ​មុខ​ភាព​គ្មាន​សណ្តាប់ធ្នាប់​ក្នុង​លោក។ នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ចូលរួម​ពេញលេញ​នៅ​ក្នុង​ការ​ចរចា​ខាង​មុខ​ស្តីពី​ការ​គ្រប់គ្រង​គ្រឿងសព្វាវុធ រួម​ទាំង​កិច្ចសន្ទនា​យុទ្ធសាស្រ្ត​ស្តីពី​តួនាទី​នៃ​កម្លាំងនុយក្លេអ៊ែរ​របស់​បារាំង។

ការ​ថ្លែង​របស់​លោក​ម៉ាក្រុង​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​ជាង ១ម៉ោង​ស្តីពី​យុទ្ធសាស្រ្ត​ការពារ និង​កម្លាំងនុយក្លេអ៊ែរ​បារាំង​រៀបចំ​ក្នុង​សាលាយោធា​ក្រុង​ប៉ារីស។ នៅ​ចំពោះ​មុខ​មន្រ្តីយោធា និង​អនុព័ន្ធ​ការពារជាតិ រួម​ទាំង​វត្តមាន​ប្រមុខការទូត និង​ប្រមុខ​ការពារជាតិ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ច្បាស់ៗ​ថា សហភាពអឺរ៉ុប​មិន​អាច​បន្ត​ដើរ​តួនាទី​ជា​អ្នកទស្សនា​ការ​ប្រកួតប្រជែង​អាវុធនុយក្លេអ៊ែរ​បាន​ឡើយ។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ជា​ថ្មី​ថា យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​បារាំង​មាន​គោលដៅ​ទប់​សង្គ្រាម និង​ថា បារាំង​នឹង​មិន​ចូលរួម​ក្នុង​សង្រ្គាមនុយក្លេអ៊ែរ ឬ​មួយ​ក៏​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ជា​ការ​សងសឹក​ទេ។

« យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង​មាន​គោលដៅ​​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​សង្រ្គាម។ កម្លាំង​នុយក្លេអ៊ែរ​របស់​យើង​គ្មាន​គោលដៅ​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នៅ​ទីនេះ​ថា បារាំង​នឹង​មិន​ចូល​ប្រឡូក​នៅ​ក្នុង​សង្រ្គាមនុយក្លេអ៊ែរ ឬ​មួយ​ក៏​ប្រើ​អាវុធនុយក្លេអ៊ែរ​ដើម្បី​ជា​ការ​សងសឹក​នោះ​ឡើយ។ ដោយឡែក កម្លាំង​នុយក្លេអ៊ែរ​របស់​យើង​ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់ ពិសេស​ក្នុង​សហភាពអឺរ៉ុប។

កម្លាំង​នុយក្លេអ៊ែរ​របស់​យើង​បាន​ចូលរួម​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​សហភាពអឺរ៉ុប និង​អត្ថិភាព​របស់​អឺរ៉ុប។ នៅ​ក្នុង​ន័យ​នេះ កម្លាំង​នុយក្លេអ៊ែរ​របស់​យើង​មាន​វិសាលភាព​ចំពោះ​សហភាពអឺរ៉ុប។ ត្រង់​ចំណុច​នេះ ឯករាជ្យភាព​នៃ​ការ​សម្រេចចិត្ត​របស់​យើង​ពិត​ជា​ត្រូវ​គ្នា​យ៉ាង​ពេញលេញ​ជាមួយ​នឹង​សាមគ្គីភាព​ដែល​មិន​ចេះ​រង្គោះរង្គើ​ជាមួយ​ដៃគូ​អឺរ៉ុប​របស់យើង។

ការ​សន្យា​របស់​យើង​ដើម្បី​សន្តិសុខ និង​ការពារ​អឺរ៉ុប ហើយ​ទឹកចិត្ត​សាមគ្គីភាព​របស់​យើង​តែង​ជិតស្និទ្ធ​ជានិច្ច។ យើង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ ផលប្រយោជន៍​សំខាន់​របស់​បារាំង​មាន​វិសាលភាព​ចំពោះ​សហភាពអឺរ៉ុប »។

កន្លងមកប្រធានាធិបតីបារាំង ក៏បាន ​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ របស់សម្ព័ន្ធណាតូ​។ សមាជិក​របស់​អង្គការ អូតង់ នៅតែ​ខ្វែងគំនិត មិនចុះ​សម្រុងគ្នា តាំង​ពី​បញ្ហា​យុទ្ធសាស្រ្ត និង​ថវិកា​របស់​អូតង់។ នៅក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់ នៅ​ទីក្រុង​ប៉ារីស ប្រធានាធិបតី បារាំង ម៉ាក្រុង បាន​រក្សា​សំដី​ដដែល​របស់​លោក​ដែល​ធ្លាប់​បាន​ចាត់ទុក​សម្ព័ន្ធ​អាត្លង់ទិក អូតង់​ថា ជា​ស្ថាប័ន​ដូច​ស្លាប់។

ជាមួយគ្នានោះ ​ប្រធានាធិបតី បារាំង ទ្វីបអឺរ៉ុប មិនអាចមាន​ស្ថិរភាព និងសុវត្ថិភាព ទេ បើសិន​ប្រទេស​នៅអឺរ៉ុបផ្ទាល់ មិន​ធ្វើនយោបាយ​សន្តិភាព និង​បញ្ជាក់ឲ្យ​ច្បាស់​ពី​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ីនោះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​បារាំង​អះអាង​ថា បារាំង​មិន​បាន​ទទួលយល់ព្រម​តាមសំណើ​របស់​រុស្ស៊ី ដែល​ចង់​ឲ្យ​មានការផ្អាក ការពង្រាយ មីស៊ីល នៅ​ទឹកដី​អឺរ៉ុប​ខាងកើត ក្បែរ​ព្រំដែន​រុស្ស៊ីនោះទេ។ ប៉ុន្តែ ប្រធានាធិបតី​បារាំង​បានទាមទារ​ឲ្យ​អង្គការ​អូតង់ ចរចា​សំណុំរឿងនេះ ជាមួយ​រុស្ស៊ី ដោយ​មាន​ដាក់បញ្ចូល​ភាគី​អឺរ៉ុបទៅ​ការចរចា​ផងដែរ។

សន្ធិសញ្ញា​ស្តីពី​មីស៊ីល​បាញ់ចម្ងាយ​មធ្យម ដែល​ចុះ​ហត្ថលេខា ដោយ​អាមេរិក និង​សហភាព​សូវៀត កាលពី​ឆ្នាំ ១៩៨៧ ​បាន​ចប់​អស់សុពលភាព កាលពី​ខែ សីហា បន្ទាប់ពី​អាមេរិក​ប្រកាស​ដកខ្លួន ឯកតោភាគី។ អាមេរិក និង​អូតង់ បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​រំលោភសន្ធិសញ្ញា​ស្តីពី​មីស៊ីល​បាញ់ចម្ងាយមធ្យម តាមរយៈ ការលួចផលិត មីស៊ីល​ដែលអាច​ពាំនាំក្បាលគ្រាប់​នុយក្លេអ៊ែរ ទៅវាយប្រហារ​ទីក្រុង នៅបណ្តាប្រទេស​អឺរ៉ុប។

តាម​អគ្គលេខាធិការ​អូតង់ រុស្ស៊ី​បាន​ដាក់តាំង​រួចហើយ​មីស៊ីល​បំពាក់​ដោយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ដល់​ទឹកដី​អឺរ៉ុប តែ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី។

ប្រធានាធិបតី​បារាំង​វាយតម្លៃ​ដែរ​ថា អឺរ៉ុប ដែល​ជា​អ្នកប្រឈម​ខ្លាំងជាងគេ​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី គួរ​តែ​ជាអ្នកដែល​ចេញមុខ ដើរតួនាទី​សំខាន់ ក្នុង​ការដោះស្រាយ​បញ្ហា​ជាមួយ​រុស្ស៊ី ផ្ទាល់។ ប្រធានាធិបតី បារាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាននិយាយ​ថា លោក​ចង់​ឲ្យ​ភាគី​អឺរ៉ុប​ចូលរួម​ដោយផ្ទាល់ ក្នុង សន្ធិសញ្ញា ថ្មី ស្តីពី​មីស៊ីល​ចម្ងាយ​មធ្យម បន្ទាប់ពី​សន្ធិសញ្ញា​ចាស់ ដួលរលំ នៅក្រោយ ការដកខ្លួន​របស់​អាមេរិក កាលពី​ខែ សីហា​កន្លងទៅនេះ។

សន្ធិសញ្ញា​ស្តីពី​អាវុធ​បាញ់​ក្នុង​ចម្ងាយ​មធ្យម ពាក់ព័ន្ធដោយ​ផ្ទាល់​ទៅលើ​អនាគត​ជោគវាសនា​របស់​អឺរ៉ុប ព្រោះ​វា​ជួយ​បញ្ជៀស​មិន​ឲ្យ​រុស្ស៊ី និង​អាមេរិក​មាន​អាវុធ​មីស៊ីល នៅទឹកដី​អឺរ៉ុប កាលពី​សម័យ​សង្រ្គាមត្រជាក់ ប៉ុន្តែ អឺរ៉ុប គ្មាន​មុខ​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា ដែល​មាន​តែ​អាមេរិក និង​រុស្ស៊ី​តែប៉ុណ្ណោះ។

ប្រធានាធិបតី​បារាំង​ចង់​បញ្ជាក់ដែរថា អឺរ៉ុប​មិនមែន​ចេះ​តែទុក​ឲ្យ​អាមេរិក ជាអ្នកអារកាត់ សម្រេច​លើ​ជោគវាសនា​របស់​អឺរ៉ុប​រហូតនោះទេ។ ដោយសារ​ចង់​ឲ្យ​អឺរ៉ុប​ក្តោបក្តាប់​វាសនា​របស់ខ្លួន លែងសូវ​ពឹង​លើ​អាមេរិក ប្រធានាធិបតី បារាំង ចង់​ឲ្យ​អូតង់ និងអឺរ៉ុបផ្ទាល់ តែម្តង បើក​ការចរចា​ជាមួយ​រុស្ស៊ី ជាពិសេស ពី​រឿង​តាំងទី​គ្រាប់មីស៊ីល​របស់​អាមេរិក នៅទឹកដី អឺរ៉ុប ដែល​រុស្ស៊ី​បាន​ទាមទារ​ឲ្យផ្អាក មួយរយៈសិន បន្ទាប់ពី​អាមេរិក ដកខ្លួន​ចេញពី សន្ធិសញ្ញា​ស្តីពីអាវុធ​បាញ់បាន​ចម្ងាយមធ្យម កាលពី​ខែ​សីហា។ តាម​ប្រធានាធិបតី​បារាំង គេ​ត្រូវ​ចរចា កសាង រចនា​សម្ព័ន្ធ ថ្មី ខាងផ្នែក សន្តិសុខ ហើយ​និង​ការទុកចិត្ត​គ្នា ជាមួយ រុស្ស៊ី ដើម្បី សុវត្ថិភាព របស់​អឺរ៉ុប៕


ចែករំលែក៖