ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ៖ ករណីបាញ់ប្រហារ​ ស្លាប់​២៧នាក់ និងរបួស​៥៧នាក់ ដោយសាររឿងផ្ទាល់ខ្លួន

ចែករំលែក៖

នាយករដ្ឋមន្ត្រី​ថៃ លោកប្រាយុទ្ធ ចាន់អូចា បានថ្លែង​ថា ករណីបាញ់ប្រហារ​នៅ​ផ្សារទំនើបTerminal 21 ស្ថិតនៅក្នុងទីក្រុង Nakhon Ratchasima ឬដែលស្គាល់ថា ទីក្រុង Korat នោះបណ្តាល​ឲ្យស្លាប់​មនុស្ស​សរុប​២៧នាក់ ក្នុងនោះរួមបញ្ចូលទាំងទាហានម្នាក់ដែលជាអ្នកវាយប្រហារផងដែរ និង​៥៧នាក់ផ្សេងទៀត​បានរងរបួសធ្ងន់ ស្រាល ។ ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពកាលពីវេលាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រីថៃ​បានបញ្ជាក់ថា ខ្មាន់កាំភ្លើង​បានបើកការបាញ់រះ​ដោយសារតែ​រឿងផ្ទាល់ខ្លួន គឺការលក់ផ្ទះ​មួយ​របស់រូបគេ ។

ប៉ូលិស​ថៃបានបញ្ជាក់ថា ជនវាយប្រហារ​ត្រូវបានបាញ់សម្លាប់​នៅពេល​ក្រោយមកដោយកងកម្លាំងសន្តិសុខ ។ ប៉ូលិសថៃ​បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា «បេសកកម្មត្រូវបានបញ្ចប់» ។ ជនល្មើសបានបាញ់សម្លាប់កងកម្លាំងពិសេសម្នាក់ផងដែរ ។

គួររំលឹកថា នៅមុនពេលព្រឹត្តិការណ៍នេះបានកើតឡើង ខ្មាន់កាំភ្លើងជាយោធា​បានសរសេរ​សារបង្ហោះនៅលើហ្វេសប៊ុកថា «ខ្ញុំហត់នឿយណាស់ ធុញទ្រាន់ណាស់…ខ្លួនខ្ញុំមិនអាចកម្រើកខ្លួន សូម្បីតែម្រាមដៃ ។ តើ ខ្ញុំគួរតែចុះចាញ់មែនទេ? …រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយកលុយទាំងនោះទៅចាយ នៅឋានរកមែន?»។

ប៉ូលិសថៃ​បានឲ្យអត្តសញ្ញាណជនសង្ស័យថា ឈ្មោះ Jakrapanth Thomma អាយុ៣២ឆ្នាំ មកពីជំរំយោធា ​Surathampithak ៕


ចែករំលែក៖