កូរ៉េខាងត្បូងបានប្រកាសថា ប្រទេសនេះមានអ្នកស្លាប់ទី២ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារឆ្លងជំងឺកូរ៉ូណាវីរុស (COVID-19) ខណៈដែលឆ្លងថ្មីមានចំនួន១៤២ករណី ធ្វើឲ្យប្រទេសនេះមានទាំងអស់៣៤៦ករណីទូទាំងប្រទេស ។
នេះជាតួលេខអ្នកជំងឺខ្ពស់ជាងគេបំផុតក្រៅពីប្រទេសចិន ។
ករណីថ្មីៗបំផុតនេះ ៩២នាក់មានទំនាក់ទំនងជាមួយមន្ទីរពេទ្យមួយនៅក្នុងខេត្ត Cheongdo ភាគខាងត្បូងរបស់កូរ៉េខាងត្បូង ហើយមានទាក់ទងនៅក្នុងនិកាយសាសនា ។ នេះបើតាមជម្ឈមណ្ឌលការពារ គ្រប់គ្រងជំងឺកូរ៉េខាងត្បូង។
សាសនិកជាង១៥០នាក់មកពីព្រះវិហារយេស៊ូ Shincheonji នាពេលបច្ចុប្បន្ននេះបានឆ្លង ។ ជំងឺចាប់ផ្តើមចម្លងតាមរយៈអ្នកជំងឺស្ត្រីអាយុ៦១ឆ្នាំម្នាក់ ដែលមានអការផ្តាសាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយបានចូលទៅកាន់ព្រះវិហារយ៉ាងតិច៤ទីកន្លែងដើម្បីគោរពបូជចា ស្ថិតនៅទីក្រុង Daegu មិនពេលជំងឺបានផ្ទុះឆ្លងរាលដាល ។
អ្នកជំងឺដំបូងគេដែលបាត់បង់ជីវិតនៅកូរ៉េខាងត្បូង បន្ទាប់ពីព្យាបាលជាយូរនៅក្នុងមន្ទីរពេទ្យមួយ ក្នុងខេត្ត Cheongdo ។
ជំងឺកូរ៉ូណាវីរុស បានចាប់ផ្តើមឡើងនៅទីក្រុងវូហាន ប្រទេសចិន មកដល់ពេលនេះឆ្លងរាលដាលជាង២៥ប្រទេស ។
នៅទូទាំងពិភពលោក មនុស្សជាង២០០០នាក់បានស្លាប់បណ្តាលមកពីជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាថ្មី 2019-nCoV ឬ COVID-19 ។ មនុស្សជាង ៧៦ ០០០នាក់ ធ្វើរោគវិនិច្ឆ័យឃើញវិជ្ជមានជំងឺ ក្នុងនោះភាគច្រើនបំផុតគឺនៅក្នុងប្រទេសចិន ៕