ប៉ូលិសទីក្រុងឡុងដុង ចក្រភពអង់គ្លេសបានថ្លែងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ថា ប៉ូលិសបានចោទប្រកាន់បុរសអាយុ២៩ឆ្នាំម្នាក់ ដែលប្រើប្រាស់កាំបិតវាយប្រហារទៅលើអាចារ្យម្នាក់នៅក្នុងព្រះវិហារមួយកន្លែងស្ថិតនៅតាមដងវិថីសួនឱទ្យាន(Park Road)។
ប៉ូលិសបានបន្តថា បុរសឈ្មោះ Daniel Horton ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងបន្ទាប់ពីការសម្រេចរបស់តុលាការ Westminster Magistratesកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។
ប្រភពប៊ីប៊ីស៊ី បានផ្សាយថា អាចារ្យឈ្មោះ Raafat Maglad ត្រូវជនវាយប្រហារនៅត្រង់ស្មារបស់គាត់ ។ ជនរងការវាយប្រហារមិនបានមានអារម្មណ៍ខឹងសម្បារចំពោះជនល្មើសទេ ហើយថែមទាំងបង្ហាញអារម្មណ៍សោកស្តាយ អាណិតអាសូរថែមទៀតផង ។
គ្រូអាចារ្យ Maglad បានបញ្ជាក់ប្រាប់ប្រភពប៊ីប៊ីស៊ីថា «ខ្ញុំមានអារម្មណ៍ថា ឈាបបាញ់ចេញ និងហូរចុះពីលើករបស់ខ្លួនខ្ញុំ ភ្លាមៗក៏មានការបញ្ជូនខ្ញុំមកកាន់មន្ទីរពេទ្យ ។ គ្រប់យ៉ាងកើតឡើងលឿនណាស់»។
សាក្សីបានបញ្ជាក់ថា សាសនិកទាំងអស់ប្រហែល១០០នាក់បានស្ថិតនៅព្រះវិហារ នៅពេលដែលការវាយប្រហារកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមនុស្សប្រហែល២០នាក់បានហក់ទៅចាប់ជនវាយប្រហារ ។ សាក្សីនិយាយមិនបញ្ចេញឈ្មោះថា «ខ្ញុំឮសំឡេងស្រែក ហើយក្រោយមកឃើញឈាមហូរ»។
មូលហេតុចាក់ប្រហារនេះ មិនទាន់ដឹងនៅឡើយ ។ ស្នងការប៉ូលិសទីក្រុងឡុងដុង បញ្ជាក់ថា មិនជឿជាក់ថា ការចាក់ប្រហារជាអំពើទាក់ទងទៅនឹងករណីភេរវកម្មនោះទេ ។ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានថ្កោលទោសចំពោះការវាយប្រហារនេះ ហើយថា មានអារម្មណ៍សោកសៅបំផុតដែលឮពាក្យថាវាយប្រហារកើតឡើងនោះ ៕