ព័ត៌មានទាន់ហេតុការណ៍៖

ទើបទិញអេស្កាវ៉ាទ័រតម្លៃ១៤ម៉ឺនដុល្លារយកទៅស៊ីឈ្នួលកាយប្រឡាយ ឆ្លងចរន្តភ្លើងឆេះម៉ត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រមួយគ្រឿង ខណៈកំពុងកាយប្រឡាយរំដោះទឹកសុខៗ ស្រាប់តែឆ្លងចរន្តមានអណ្តាតភ្លើងឆេះឡើងហើយម្ចាស់សង្ស័យថាបែកទុយយោប្រេងធ្លាក់មកលើម៉ាស៊ីនបង្កជាអណ្តាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅធ្វើឲ្យម្ចាស់ហួសចិត្ត ភ័យស្លន់ស្លោ និងសោកស្តាយស្តណោះ ព្រោះគ្រឿងចក្រនេះ ទើបតែទិញគេតម្លៃ១៤ម៉ឺនដុល្លារ មិនទាន់យកចូលផ្ទះផងនោះ

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល នេះ កើតឡើង វេលាម៉ោង១១ព្រឺក ថ្ងៃច័ន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែក ចូលចុងភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បណ្តាលឲ្យរងរបួសស្រាលអ្នកបើកបរអេស្កាវ៉ាទ័រម្នាក់

តាមការឲ្យដឹងពីលោកប៉ុន ចាន់ឌី មានស្រុកកំណើតនៅ ស្រុកអូរជ្រៅ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាម្ចាស់គ្រឿងចក្រដែលឆេះនោះ បាននិយាយថា គ្រឿងចក្រនេះជារបស់ខ្លួនទើបតែទិញ តំលៃ១៤ម៉ីនដុល្លា នៅមិនទាន់បានចូលផ្ទះផង ស្រាប់តែមានហេតុការណ៍ នេះកើតឡើងឆេះតែម្តង ធ្វើឲ្យគាត់នឹកស្មានមិនដល់។

ចំណែកពាក្យចចាមអារ៉ាមមួយផ្សេងទៀតលួចបង្ហើបឲ្យដឹងថា គ្រឿងចក្រនេះបុរសខាងលើជួលគេតំលៃ៥ពាន់ដុល្លារ មកស៊ីឈ្នួលកាយដីនៅមុខខ្ទម អ្នកតារួច មកកាយប្រឡាយឲ្យគេបន្តទៀត

ចំពោះពាក្យចចាមអារ៉ាមនេះលោកប៉ុន ជាន់ឌី ពានឲ្យដឹងថា បញ្ហាដែលគេថាខ្ញុំជួលអេស្កាវ៉ាទ័រ៥ពាន់ដុល្លានោះ មិនពិតទេការពិតខ្ញុំនិយាយកុហកទេ កុំឲ្យគេច្រណែន តែប៉ុណ្ណោះ រីឯហេតុដែលបណ្តាលឲ្យឆេះអេស្កាវ៉ាទ័រនោះបណ្តាលមកពីបែកទុយយោប្រេង ហូរធ្លាក់លើម៉ាស៊ីន ទើបបណ្តាលឲ្យឆេះតែម្តង ភ្លាមៗនោះក៍មានបងប្អូនជិតខាង មានឡានទឹកជួយពន្លត់ ក្រោយពេលរលត់ជិតអស់ហើយ ទើបមានរថយន្តពន្លត់អគ្គីភ័យ របស់អធិការស្រុកថាឡាបរិវ៉ាត់ មកជួយពន្លត់ដែរ។

លោកបញ្ជាក់ថា ដូចជាការឆេះនេះគឺវាខូចខាតអស់ទាំងស្រុង ហើយមិនអាចជួសជុលបានទេ មានតែកាប់សាច់លក់ឲ្យអេតចាយតែប៉ុណ្ណោះ តែលោកថាមិនអីទេ ឆេះមួយស្អែកគាត់នឹងទៅទិញថ្មីមួយទៀតម្លៃ២០មុឺនដុល្លារមកប្រើប្រាស់ទៀត។

យ៉ាងណា ម្ចាស់គ្រឿងចក្រ ដែលឆេះនោះ មិនបានប្រាប់អ្នកបើកបរអេស្កាវ៉ាទ័រដែលរងរបួសនោះឈ្មោះអ្វីនោះទេ ហើយគេត្រូវរបួសបន្តិចបន្តួច ដោយចូលពន្លត់ភ្លើងប៉ុណ្ណោះ

 

 


ចែករំលែក៖